រដ្ឋាភិបាល​តម្រូវ​ឲ្យ​សុំ​​ការ​អនុញ្ញាត​ជាមុន​សម្រាប់​ការ​នាំចូល​រថយន្ត​ដែល​រដ្ឋជា​អ្នក​បង់ពន្ធ

រដ្ឋាភិបាលតម្រូវឲ្យក្រសួងស្ថាប័នរដ្ឋ និងបុគ្គលពាក់ព័ន្ធទាំងអស់ត្រូវសុំការអនុញ្ញាតយល់ព្រមពីរដ្ឋាភិបាលជាមុន ទើបអាចនាំចូលរថយន្តសម្រាប់ប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន ដែលអាចទទួលបានការបង់ពន្ធអាករដោយរដ្ឋ។

ក្នុងសារាចរណែនាំចុះថ្ងៃទី១៩ ខែមេសា ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋាភិបាលបានលើកឡើងថា នាពេលកន្លងមក រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងស្ថាប័ន និងបុគ្គលពាក់ព័ន្ធនាំចូលរថយន្តសម្រាប់បម្រើការងារ ដោយដាក់ពន្ធអាករនៃរថយន្តទាំងនោះជាបន្ទុករបស់រដ្ឋ។ សារាចរបន្តថា ប៉ុន្តែករណីខ្លះ ការប្រើប្រាស់រថយន្តទាំងនោះមិនទាន់ចំគោលដៅ និងធានាបាននូវប្រសិទ្ធភាពពេញលេញនៅឡើយ ហើយការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក៏នៅមិនទាន់បានសព្វគ្រប់នៅឡើយ។

សារាចរបន្តថា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្តគ្រប់ប្រភេទរបស់ក្រសួងស្ថាប័នរដ្ឋ និងបុគ្គលពាក់ព័ន្ធដែលទទួលបានការអនុញ្ញាតឲ្យនាំចូលដោយពន្ធអាការជាបន្ទុករបស់រដ្ឋ រដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ដោយក្នុងនោះ រដ្ឋាភិបាលបានតម្រូវការនាំចូលរថយន្តរបស់ក្រសួងស្ថាប័ន និងបុគ្គលពាក់ព័ន្ធ ដែលអាចទទួលបានការបង់ពន្ធអាករជាបន្ទុករបស់រដ្ឋ ត្រូវសុំការអនុញ្ញាតយល់ព្រមពីរដ្ឋាភិបាលជាមុន ហើយរថយន្តទាំងនោះត្រូវចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ។

សារាចរឲ្យដឹងដែរថា ចំណែករថយន្តដែលអាចធ្វើជាអំណោយជូនក្រសួងស្ថាប័នរដ្ឋបាន លុះត្រាតែរថយន្តទាំងនោះត្រូវបាននាំចូលដោយស្របច្បាប់ និងបានបំពេញកាតព្វកិច្ចអាករតាមច្បាប់ លើកលែងមានការអនុញ្ញាតដោយឡែកពីរដ្ឋាភិបាល។

សារចរដដែលឲ្យដឹងដែរថា ការទិញរថយន្តដោយប្រើប្រាស់ថវិការដ្ឋដើម្បីជាមធ្យោបាយចាំបាច់បំពេញការងាររដ្ឋ ត្រូវសុំការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលជាមុន និងត្រូវមានគ្រោងក្នុងឥណទានថវិកាប្រចាំឆ្នាំ។ សារចរបន្តថា ចាប់ពីឆ្នាំ២០១៧ទៅ សំណើរបស់ក្រសួងស្ថាប័នសុំទិញរថយន្តដោយប្រើប្រាស់ថវិការដ្ឋត្រូវរួមបញ្ចូលឲ្យហើយនូវពន្ធ និងអាករគ្រប់ប្រភេទ។

រដ្ឋាភិបាលឲ្យដឹងដែរថា សម្រាប់ការនាំចូលរថយន្តរបស់អង្គទូត អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ជាមធ្យោបាយចាំបាច់បំពេញការងាររបស់ខ្លួន ត្រូវអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិ កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសដៃគូអភិវឌ្ឍន៍ ឬអង្គការអន្តរជាតិ និងអនុលោមតាមច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ