រដ្ឋាភិបាល​អនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌​អនីតិជន

កិច្ចប្រជុំគណៈរដ្ឋមន្រ្តី(រូបថតពីហ្វេសប៊ុក​នាយករដ្ឋមន្រ្តី​)

គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច ដោយរដ្ឋាភិបាលអះអាងថាច្បាប់នេះនឹងជួយការពារសិទ្ធិនិងផលប្រយោជន៍របស់អនីតិជននិងជនរងគ្រោះ។

នៅព្រឹកថ្ងៃសុក្រនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានឆ្លងសេចក្តីព្រាងច្បាប់យុត្តិធម៌អនីតិជនដែលមានចំនួន១៦ជំពូកនិង៨៩មាត្រា ដោយក្នុងសេចក្តីព្រាងច្បាប់នោះក៏មានចែងផងដែរពីសិទ្ធិ ការស៊ើបអង្កេត ការចោទប្រកាន់ទៅលើអនីតិជន សមត្ថកិច្ចរបស់តុលាការទាំងពីរថ្នាក់និងការបង្កើតនិងគ្រប់គ្រងមណ្ឌលយុវនីតិសម្បទាសម្រាប់អនីតិជនផងដែរ។

ក្នងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី រដ្ឋាភិបាលបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះនឹងជួយដល់ការការពារសិទ្ធិនិងផលប្រយោជន៍របស់កុមារនិងជនរងគ្រោះនិងសង្គម។ រដ្ឋាភិបាលបញ្ជាក់ថាច្បាប់នេះនឹងបង្កើននូវការអប់រំ ទប់ស្កាត់និងកាត់បន្ថយនូវភាពអសកម្មផ្សេងៗក្នុងជួរអនីតិជន ឆ្លើយតបនឹងវិធានការនានាដែលរដ្ឋាភិបាលរួមជាមួយគ្រួសារ សហគមន៍ ដៃគូអភិវឌ្ឍន៍និងអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងការអភិវឌ្ឍអនីតិជនឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ រដ្ឋាភិបាលបន្ថែមថាច្បាប់នេះក៏នឹងជួយបង្កើនកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការនីតិប្រតិបត្តិ និងតុលាការក្នុងការដោះស្រាយបញ្ហាអនីតិជនអោយស្របទៅនឹងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិកុមារផងដែរ។

វីអូឌីមិនអាចទាក់ទងសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក សួង ម៉េងឡុង បាននៅឡើយទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់វីអូឌីថាច្បាប់នេះជាច្បាប់ពិសេសដោយឡែកសម្រាប់អនីតិជន បើទោះបីមានផ្នែកខ្លះនៃក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌបានចែងចំពោះអនីតិជនក៏ដោយ។ លោកបញ្ជាក់ថាច្បាប់នេះនឹងផ្តល់ឲ្យអនីតិជននូវយុត្តិធម៌មួយដែលសមស្របសម្រាប់ពួកគាត់។ លោកមានប្រសាសន៍ថា៖“សង្គមយើងវាមានទិដ្ឋភាពមួយខុសៗគ្នា អញ្ចឹងច្បាប់ដែលត្រូវអនុវត្តវាត្រូវអនុវត្តទៅតាមទិដ្ឋភាពជាក់ស្តែងរបស់សង្គមហ្នឹងដែរ យើងមិនអាចយកច្បាប់តែមួយយកទៅអនុវត្តគ្រប់ករណី គ្រប់លក្ខខណ្ឌទាំងអស់បានទេវាត្រូវតែមាន ភាពផ្សេងគ្នានិងករណីពិសេសផ្សេងគ្នាដោយករណីដាច់ដោយឡែកនេះជាច្បាប់ពិសេស។ ពីព្រោះថាជាគោលការណ៍យើងមិនអាចយកក្រមព្រហ្មទណ្ឌទៅអនុវត្តន៍បានគ្រប់ករណីទាំងអស់បានទេ ក្រមព្រហ្មទណ្ឌវាគ្រាន់តែជាច្បាប់គោលទេ ច្បាប់សារធាតុ វាគ្រប់គ្រងគោលការណ៍ទូទៅណា អញ្ចឹងទេចំពោះករណីពិសេសដោយឡែកនីមួយៗហ្នឹង វាមានច្បាប់ដោយឡែកវាទៀត“។

បើតាមលោក ជិន ម៉ាលីន អនីតិជនជាពលរដ្ឋដែលមានអាយុក្រោម១៨ឆ្នាំ។

អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីការដូលោក អំ សំអាត យល់ថាច្បាប់នេះវាអាចជួយសម្រួលបានច្រើនដល់អនីតិជន។ លោកស្នើឲ្យមានការចូលរួមពីអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធចូលរួមក្នុងការពិភាក្សាទៅលើច្បាប់នេះបន្ថែមទៀតមុនដាក់ទៅរដ្ឋសភាអនុម័ត។

លោកបន្ថែមថា៖ “នៅក្នុងក្រមព្រហ្មទណ្ឌក្តី ក្រមនីតិវិធីក្តីវាអត់បានចែងលម្អិត ការពារដល់ផលប្រយោជន៍អនីតិជនណា! អញ្ចឹងបានកន្លងមកយើងឃើញថាការឃុំខ្លួនអនីតិជន ការសម្រេចទោសអីវាអត់មានច្បាប់មួយសម្រាប់ការពារទៅលើអនីតិជនហ្នឹងណា។ ដោយសារអញ្ចឹងហើយបានយើងឃើញថារដ្ឋាភិបាល យើងឃើញថាNGOsមួយចំនួនហ្នឹងគឺចង់ឲ្យមានច្បាប់មួយដើម្បីការពារអនីតិជនហ្នឹង“។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤៨បានចែងថា រដ្ឋធានារក្សាការពារសិទ្ធិកុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជិវិតរស់នៅ សិទ្ធិទទួលបានការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច និងកាមគុណលើកុមារ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើឲ្យខូចដល់ការអប់រំនិងការរៀនសូត្ររបស់កុមារ ឬដែលនាំឲ្យអន្តរាយដល់សុខភាពឬសុខមាលភាពរបស់កុមារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ