រដ្ឋមន្រ្តីថ្មីក្រសួងដែនដីរឹតបន្តឹងវត្តមានមន្រ្តីរាជការនៅកន្លែងការងារ

រដ្ឋមន្រ្តីក្រសួង​ដែនដី នគរូបនីយកម្ម​និងសំណង់ លោក ជា សុផារ៉ា(រូបថតពី​ក្រសួងអភិវឌ្ឍន៍ជនបទ​)

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ណែនាំឲ្យប្រធាននាយកដ្ឋាន ប្រធានអង្គភាពនិងប្រធានមន្ទីរនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ពង្រឹងនិងកត់ត្រាវត្តមានមន្ត្រីបម្រើការនៅតាមអង្គភាពនីមួយៗ និងបញ្ជូនព័ត៌មានទាក់ទងនឹងវត្តមានរបស់មន្ត្រីទាំងនោះមកកាន់ក្រសួងរាល់ឆ្នាំ ដោយថាដើម្បីជំរុញប្រសិទ្ធភាពការងារនិងការទទួលខុសត្រូវរបស់មន្ត្រីរាជការ។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីថ្មីលោក ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលកាន់តំណាងជំនួសរដ្ឋមន្រ្តីចាស់ លោក អ៊ឹម ឈុនលឹម តាមការរុះរើគណៈរដ្ឋមន្រ្តីដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២២ខែមេសា ក្រសួងបានណែនាំឲ្យអង្គភាពក្រោមឱវាទស្រង់វត្តមានប្រចាំថ្ងៃនិងធ្វើរបាយការណ៍ការងាររបស់មន្ត្រីនៅតាមអង្គភាពនីមួយៗទាំងមន្រ្តីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា។ ក្រសួងតម្រូវឲ្យអង្គភាពក្រោមបង្គាប់ទាំងនោះផ្ញើរបាយកាណ៍ទាក់នោះមកកាន់នាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាលឲ្យបានមុនថ្ងៃ១៥ ខែធ្នូ រាល់ឆ្នាំនីមួយៗ ដោយថាដើម្បីឲ្យក្រសួងបានពិនិត្យនិងចាត់វិធានការបន្ត។

ក្នុងលិខិតជូនដំណឹងដាច់ដោយឡែកមួយទៀតចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងក៏បានណែនាំឲ្យថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឲ្យធ្វើបច្ចុប្បន្នភាពចំនួនមន្ត្រីរាជការទាំងអស់ដែលកំពុងបម្រើការនៅក្នុងអង្គភាពរបស់ខ្លួន។ ក្រសួងដែនដីតម្រូវឲ្យប្រធានអង្គភាពធ្វើបច្ចុប្បន្នភាពលើមន្ត្រីដែលមិនបានមកបម្រើការងារ មន្ត្រីដែលមកបម្រើការងារមិនទៀតទាត់និងមន្ត្រីដែលមកចុះវត្តមានហើយមិនធ្វើការ នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។

វីអូឌី(VOD)មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បាននៅឡើយទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។

បុគ្គលិកបម្រើការងារនៅមន្ទីរដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដី ក្នុងខេត្តកំពង់ស្ពឺ ដែលបានបម្រើការអស់រយៈពេល៣ឆ្នាំមកហើយនោះ ប្រាប់វីអូឌីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាក្នុងមន្ទីរដែលលោកធ្វើការពិតជាមានមន្ត្រីមួយចំនួនមិនសូវមកបម្រើការងារមែន ដោយលោកថាមន្ត្រីខ្លះបានមកធ្វើការងារតែកន្លះថ្ងៃនិងវិលទៅប្រកបរបរផ្ទាល់ខ្លួនវិញកន្លះថ្ងៃ។ លោកជឿថាបើក្រសួងមានវិធានការម៉ឺងម៉ាត់ មន្រ្តីនៅតាមមន្ទីរឬការិយាល័យនីមួយៗ នឹងមិនហ៊ានអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាតនោះទេ។

នាយកប្រតិបតិ្តសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថាភាពអសកម្មរបស់បុគ្គលិករដ្ឋដែលមិនសូវមកបំពេញការងារឬបំពេញការងារមិនពេញលេញនោះ កើតចេញពីបក្សពួកនិយមក្នុងអង្គភាពនីមួយៗ ដោយលោកថាអ្នកមានបក្សពួកមានតួនាទី មានមុខងារច្បាស់លាស់។ លោកបន្ថែមថាចំពោះអ្នកគ្មានបក្សពួកវិញ មិនសូវមានភារកិច្ចឬការងារធ្វើនោះទេ។ លោកបន្ថែមថា៖ “ដោយសារតែការបែងចែកការងារហ្នឹងមិនស្មើគ្នា ជាពិសេសឱកាសនៃការទទួលបានផលប្រយោជន៍ក្តី ការបែងចែកការចាត់ចែងការងារក្តី ដោយសារតែសែលោកនេះ សែលោកនោះក្តី អ៊ីចឹងមន្ត្រីទាំងនោះអត់ការងារធ្វើ មានតែអង្គុយអានកាសែត លេងហ្វេសប៊ុក ធ្វើឲ្យមន្ត្រីខ្លះគាត់ធុញ ដឹងថាអត់កាងារ គាត់អត់ទៅតែម្តងទៅ”។

គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០១៦ ក្រសួងមុខងារសាធារណៈបានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចជាគោលការណ៍ឲ្យជ្រើសរើសមន្រ្តីក្របខ័ណ្ឌជាង៧៦០០នាក់និងជាប់កិច្ចសន្យាជាង១ម៉ឺននាក់ សម្រាប់ឆ្នាំ២០១៦នេះ ដែលមន្រ្តីរដ្ឋាភិបាលអះអាងថាចំនួនជ្រើសរើសនៅឆ្នាំនេះគ្រាន់តែជាការបំពេញជំនួសនិងមិនមានកំណើននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ