អាជ្ញាធរ​រារាំង​ការតវ៉ា​ដោយ​សន្តិវិធី​របស់​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល

កម្លាំងសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរារាំង និងខ្លះទៀតស្រែក តាមឧបករណ៍បំពងសំឡេង ពីលើរថយន្ត មិនឲ្យអ្នកតវ៉ា(រូបថត៖ ណាត សុភាព)

អាជ្ញាធររាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍នេះ បានរារាំងអតីតអ្នកបើករថយន្តកាពីតូលមិនឲ្យលើកបដាតវ៉ាដោយសន្តិវិធី ទាមទារលក្ខខណ្ឌការងារ នៅជិតក្រុមហ៊ុន ដោយអះអាងថា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

កម្លាំងសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរារាំង និងខ្លះទៀតស្រែក តាមឧបករណ៍បំពងសំឡេងពីលើរថយន្ត មិនឲ្យអ្នកតវ៉ាទាំងនោះ លើកបដាតវ៉ានៅជិតស្នាក់ការក្រុមហ៊ុនកាពីតូល ជិតផ្សារអូឬស្សី ដោយពួកគេថា ការតវ៉ាលើកបដានោះធ្វើឲ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈ។

ស្រែកតាមមេក្រូពីលើរថយន្ត៖ “មិនឲ្យកាន់បដាតវ៉ានៅកន្លែងនេះទេ អ្នកទំាងអស់គ្នាត្រូវមូលបដាវិញ កុំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ”។

អតីតអ្នកបើករថយន្តកាពីតូលលោក អឿន សំរិត បង្ហាញការខកចិត្តទៅលើវិធានការរបស់អាជ្ញាធរនេះ ដោយលោកអះអាថា ការហាមឃាត់នេះហាក់មិនបានជួយ ជំរុញឲ្យក្រុមហ៊ុនគោរសិទ្ធិបុគ្គលិក និងជំរុញលក្ខខណ្ឌការងារទេ ដែលពួកគេថា កន្លងទៅក្រុមហ៊ុននោះ បានបញ្ឈប់ពួកគេពីការងារទាំងអយុត្តិធម៌។

លោកថា៖ នៅលើបដានេះសូម្បីតែសរសេរជាអក្សរ ខ្ញុំទាមទារយុត្តិធម៌ ស្វែងរកយុត្តិធម៌សម្រាប់ពួកខ្ញុំដែលរងគ្រោះអស់៩ខែជាង ដែលថៅកែបញ្ឈប់ សុំបីតែប្រាក់ក៏អត់មាន លុយកក់ក៏អត់ឲ្យវិញ ពាក់មីក៏អត់ឲ្យ[ប័ណ្ណបើកបរ] ហើយឥឡួវពួកគាត់មករារាំងពួកខ្ញុំលើបដាទៀត គាត់ថាខុសច្បាប់”។

អ្នកតវ៉ាម្នាក់ទៀតគឺលោក សឹម សុខា លោកសោកស្តាយនូវការរារាំងនេះ ប៉ុន្តែលោកថា បើក្រុមហ៊ុនមិនដោះស្រាយតាមការស្នើសុំរបស់ពួកគាត់តាមច្បាប់ការងារទេ លោកថា ពួកគេនៅតែព្យាយាម បន្តតវ៉ាដោយសន្តិវិធី រហូតមានដំណោះស្រាយ។

លោកថា៖”យើងនឹងបន្តធ្វើការតវ៉ាទៀត បើក្រុមហ៊ុនគ្មានដំណោះស្រាយដល់ពួកគេយើងទាំង៤៥នាក់”។

កម្លាំងដែលចុះរារាំងនោះមិនបកស្រាយទៅសំនួរបស់ វីអូឌី(VOD) ដែលសួរថា ហេតុអ្វីបានចុះរារាំងអ្នកតវ៉ាដោយសន្តិវិធី ដោយគ្រាន់តែឈរលើកបដាលើចញ្ចើមផ្លូវបែបនេះទេ ដោយគ្រាន់តែថា ធ្វើតាមបទបញ្ជាពីថ្នាក់លើ។

អភិបាលខ័ណ្ឌ៧មករា លោក លឹម សុភា មិនអាចសុំអត្ថាធិប្បាយបញ្ជាក់បាន ដោយអះអាងថា ជាប់រវល់ប្រជុំ។

អនុប្រធានសហព័ន្ធដឹកជញ្ជូនដែលក្រុមហ៊ុនបញ្ឈប់ពីការងារដែលនោះគឺ លោក និន កុសល បានចាត់ទុកថា ការរាំងនោះជាការគំរាមកំហែងសេរីភាពបញ្ចេញមតិដោយសន្តិវិធី។ លោកបញ្ជាក់ថា មុនធ្វើការតវ៉ានេះ ពួកគេបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រសួងមហាផ្ទៃតាំងពីមុនចូលឆ្នាខ្មែរ។

ទោះជាយ៉ាងណាក្រុមអ្នកតវ៉ាបានរំសាយការតវ៉ាវិញ ទាំងស្ងៀមស្ងាត់ ដោយមិនប្រឈម ឬមានការប៉ះទង្គិតជាមួយកម្លាំងដែលចុះរារាំងនោះទេ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា យល់ថា អាជ្ញាធរគួរតែជំរុញទៅក្រុមហ៊ុនកាពីតូលពន្លឿនដោះស្រាយលក្ខខណ្ឌការងារជូនអតីតបុគ្គលិករបស់ខ្លួន ដោយលោកថា បើពុំដូច្នេះទេ បញ្ហាតវ៉ានៅតែបន្តកើតមាន ហើយលោកថា អាចនិងមានជម្លោះហិង្សាជាថ្មីទៀត៖ “ធម្មតាអ្នកតវ៉ាគាត់អត់បានទទួលលទ្ធផល គាត់ចេះតែបន្តការតវ៉ាតទៅទៀត អាជ្ញាធរចេះតែរិតត្បិតសេរីភាព ថ្ងៃណាមួយការផ្ទុះសារ៉ាយមានដូចកាលលើកមុនអញ្ចឹង ខ្ញុំគិតថា ក្នុងនាមអាជ្ញាធរគឺត្រូវមានកាតព្វកិច្ចមួយត្រូវរកដំណោះស្រាយ ជំរុញឲ្យភាគី ទោះបីភាគីកម្មករនិយោជិតក៏ដោយ ភាគីនយោជក់ក៏ដោយត្រូវតែគោរពច្បាប់ការងារ”។

កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់មានឈ្មោះ ណន វណ្ណា ជាអតីតអ្នកបើករថយន្តកាពីតូលដែលត្រូវបានបញ្ឈប់ពីការងារ និងម្នាក់ទៀតឈ្មោះ រស់ ស៊ីផៃ ជាសមាជិកសហភាពការងារកម្ពុជាដែលបានចូលរួមតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូល។

ក្រោយមកនៅថ្ងៃទី៦ ខែមេសា តុលាការបានសម្រេចដោះលែងអតីតអ្នកបើកបររថយន្តពីរនាក់របស់ក្រុមហ៊ុនកាពីតូល ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់ជាងរយៈពេលជិត៣ខែ ពាក់ព័ន្ធនឹងករណីហិង្សាក្បែរក្រុមហ៊ុន។

គួររំឭកថា អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលមានគ្នាជិត៥០នាក់បានធ្វើការតវ៉ាជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០១៥មក ដោយពួកគេអះអាងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគេដោយសារតែពួកបង្កើតជាសហជីព។

ទោះយ៉ាងណា ភាគីក្រុមហ៊ុនបានអះអាងថា អ្នកទាំងនោះត្រូវបានបញ្ឈប់ដោយសារតែពួកគេធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា លួចដាក់ភ្ញៀវតាមផ្លូវ ធ្វើឲ្យជម្លោះអូសបន្លាយរហូតសព្វថ្ងៃនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ