​ពលរដ្ឋ​នៅ​ជ្រោយចង្វារ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​សំណង​ពី​ផលប៉ះពាល់​ធ្វើ​ក្រុង​រណប​

ពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ អំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបOCICដោះស្រាយផលប៉ះពាល់ដល់អ្នកភូមិជាមុនសិន មុនបន្តឈូសឆាយ(រូបថត៖ ណាត​ សុភាព)

ពលរដ្ឋជាង២០០គ្រួសារ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បន្តអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបOCIC នៅតំបន់នោះ ដោះស្រាយផលប៉ះពាល់ដល់អ្នកភូមិជាមុនសិន មុនបន្តឈូសឆាយ។

តំណាងអ្នកមានជម្លោះដីធ្លី អ្នកស្រី ហ៊ុល សាវឿន អះអាងក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃទី២៤ ខែមេសានេះថា ជាប់ដីមានជម្លោះក្នុងសង្កាត់ជ្រោងចង្វារ ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញថា ពួកគេស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅប្រធានក្រុមហ៊ុន OCIC និងអាជ្ញាធរក្រុង បន្តបើកកិច្ចពិភាក្សា រកដំណោះស្រាយផ្តល់សំណងដល់ពួកគេដែលរងផលប៉ះពាល់ប្រមាណជា២៥៨គ្រួសារ លើទំហំដី២៨០ហិកតា។

ស្ត្រីរូបនោះបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុន មិនទាន់បានផ្តល់សំណងសមរម្យណាមួយដល់អ្នកភូមិទេ ក្រៅពីសាលារាជធានីភ្នំពេញ បង្ខំឲ្យពួកគេទទួលយកសំណងជាគោលនយោបាយ តម្លៃ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពួកគេថា នៅតំបន់នោះមានតម្លៃដីពី៦០០ទៅ៩០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
អ្នកស្រី វឿន បានទទូចជាថ្មីទៀត ឲ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលជួយដោះស្រាយករណីនេះ ដែលពួកគេថា ដើម្បីកុំឲ្យការអភិវឌ្ឍមួយបានប្រយោជន៍តែក្រុមហ៊ុន ចំណែកពលរដ្ឋដែលជាម្ចាស់ស្រុក បាត់បង់ដីស្រែដីចំការនិងដីភូមិ ប្រឈមនឹងជីវភាពរស់នៅប្រចាំថ្ងៃ៖”សូមឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនដោះស្រាយ រកតម្លៃមួយឲ្យសមស្រប ឬឲ្យជាដីសមស្រប ព្រោះដីជាដីរបស់ខ្ញុំមានលិខិតកាន់កាប់តាំងពីឆ្នាំ១៩៩០ សព្វថ្ងៃខ្ញុំធ្វើអីនៅតែមានអារម្មណ៍មិនស្ងប់ ព្រោះអីខ្ញុំនិងកូន គិតតែពីរឿងដី មិនហ៊ានទៅណាឆ្ងាយទេ”។

តំណាងអ្នកភូមិមួយរូបទៀត គឺលោកជា សុផាត អះអាងថា ជម្លោះដីធ្លីនៅតំបន់នោះ បានកើតឡើងតាំងពីឆ្នាំ២០១១ ពួកគេថា ជម្លោះអូសបន្លាយជិត៦ឆ្នាំមកនេះ ពួកគេបានដាក់លិខិតសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ពីរដ្ឋសភា ឲ្យជួយដោះស្រាយ ប៉ុន្តែពួកគេថាច្រើនឆ្នាំមកនេះ គ្មានដំណោះស្រាយ ហើយពេលនេះ គ្រឿងចក្ររបស់ក្រុមហ៊ុនបានបន្តឈូសឆាយលើដីជម្លោះ អមដោយកម្លាំងអាជ្ញាធរការពារទៀតផង។

មន្ត្រីផ្នែកច្បាប់របស់ក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក ណន អូនី ដែលតាមដានករណីនេះយល់ថា រាល់ដំណោះស្រាយរបស់អាជ្ញាធរនិងក្រុមហ៊ុនមិនត្រូវធ្វើឲ្យពលរដ្ឋក្លាយជាអ្នករស់នៅគ្មានទីពឹង ដោយសារតែគម្រោងអភិវឌ្ឍន៍នោះទេ។

លោកថា៖ ខ្ញុំគិតថា ប្រជាពលរដ្ឋនៅទីនេះ ក៏គួរមានដំណោះស្រាយ ដូចករណីបឹងកក់ដែរ ដូច្នេះសាលារាជធានីភ្នំពេញ និងអាជ្ញាធរ គួរតែបង្ហាញពីគំរូល្អទៅមតិជាតិនិងអន្តរជាតិថា ប្រទេសកម្ពុជាមានច្បាប់ត្រឹមត្រូវ ហើយប្រទេសកម្ពុជា អាចដោះស្រាយបញ្ហាផ្សេងៗ រួមទាំងបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនធ្វើឲ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែកទេ”។

ទោះជាយ៉ាង អាជ្ញធរខណ្ឌជ្រោយចង្វារ ធ្លាប់អះអាងថា ពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិ៦Aនោះ ជាប់តំបន់អភិវឌ្ឍន៍នោះ អាជ្ញាធរថាភាគច្រើនពួកគេគ្មានប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធនៅឡើយទេ។

ប៉ុន្តែអ្នកភូមិវិញអះអាងថា ពួកគេខ្លះបានមករស់នៅតំបន់នោះតាំងពីឆ្នាំ១៩៧៩មានប័ណ្ណសំគាល់ បានបង់ពន្ធដីជូនរដ្ឋ មានអត្តសញ្ញាណប័ណ្ណ និងមានឯកសារផ្សេងទៀតបញ្ជាក់ថា ពួកគេជាពលរដ្ឋស្រប់ច្បាប់រស់នៅតំបន់នោះ និងអះអាងថា ពួកគេនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធបន្តទៀតនៅថ្ងៃចន្ទស្អែកនេះ ដែលពួកគេថាដើម្បីជំរុញឲ្យមានដំណោះស្រយ និងទប់ស្កាត់កាបណ្តេញចេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ