កូរ៉េខាងជើង​បាញ់​មីស៊ីលឆ្លងទ្វីបបាន​ជោគ​ជ័យធ្វើឲ្យ​ពិភព​លោកបារម្ភ​

(រូបភាពពី CNN)

កូរ៉េខាងជើងបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចេញពីនាវាមុជទឹកបានជោគជ័យកាលពីសប្តាហ៍មុនជាមូលហេតុនាំឲ្យសហគមន៍អន្តរជាតិបាននាំគ្នាថ្កោលទោសនិងបង្ហាញការព្រួយបារម្ភ។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនោះបាញ់ចេញពីឆ្នេរសមុទ្រខាងកើតឬសមុទ្រជប៉ុន កាលពីថ្ងៃសៅរ៍ម៉ោង៦:៣០ល្ងាច។ មន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា ការបាញ់សាកល្បងនេះជាប្រភេទមីស៊ីលឆ្លងទ្វីបចម្ងាយប្រមាណ៣០ទៅ៣០០គីឡូម៉ែត្រ ហើយការសាកល្បងនេះទទួលបានជោគជ័យ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អះអាងថា ការបាញ់សាកល្បងនេះទទួលបានជោគជ័យដែលស្ថិតនៅក្រោមការបញ្ជាររបស់លោក គីម ជុងអ៊ុន។

KCNA បានបញ្ជាក់ថា តាមការអង្កេតនៅលើយន្តហោះ ការសាកល្បងនោះគឺវាទៅដល់ទិសដៅតាមការបញ្ជា។ កូរ៉េខាងជើងបញ្ជាក់ទៀតថានៅពេលឆាប់តាមការដែលអាចធ្វើទៅបាន ខ្លួននឹងបាញ់មីស៊ីលចេញពីនាវាមុជទឹកដែលធំបំផុត។

សារព័ត៌មាន CNN លើកឡើងថា ការបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងទទួលបានជោគជ័យ គឺជាជោគជ័យមួយផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង។

មន្ត្រីសហរដ្ឋអាមេរិកដែលបានតាមដានយ៉ាងស្និទ្ធជាមួយកូរ៉េខាងជើងបានលើកឡើងថា ជោគជ័យនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ គឺបានបង្កឡើងបញ្ហាជាច្រើន។

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា អាមេរិកនឹងពិចារណាលើករណីនេះ។

លោកថ្លែងថា អ្វីដែលច្បាស់ពេលនេះគឺកូរ៉េខាងជើងនៅតែបន្តសកម្មភាពក្នុងការបង្កជម្លោះក្នុងសកលលោក ដែលពួកគេនៅតែបន្តបង្កសង្គ្រាម។

សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនបានឯកភាពគ្នាក្នុងការដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ។ ប្រទេសទាំងនោះក៏បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោសចំពោះការបាញ់សាកល្បងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ