សមាគមអាដហុក​អះអាងថាការផ្តល់​លុយ​ឲ្យ​ស្រី​មុំមិនពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ(ចំពីមុខ) ថ្លែង​ក្នុង​សន្និសីទសារ​ព័ត៌មាន ទាក់ទង​នឹង​លិខិត​កោះអញ្ជើញ​របស់​អង្គភាពប្រឆាំងអំពើ​ពុករលួយ​

ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ លើកឡើងថាការផ្តល់លុយឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងពេលផ្តល់សេវាការពារសិទ្ធិមនុស្ស មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។

កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក ធន សារាយ បានថ្លែងថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀត ដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ។

ប្រធានសមាគមអាដហុកឲ្យដឹងទៀតថាសមាគមបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារសម្រាប់ការធ្វើដំណើរ តាមការស្នើសុំរបស់ស្រីមុំដែលថានាងជួបការលំបាកក្នុងជីវភាព។ លោកបញ្ជាក់ថាបុគ្គលិកសមាគមមិនបានប្រព្រឹត្តអំពើពុករលួយ ហើយលោកដាក់ការងឿងឆ្ងល់ថាតើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គលិកសមាគម។ លោកមានប្រសាសន៍ថា៖ “សួរថាតើករណីនៃការឲ្យលុយនេះជារឿងអំពើពុករលួយទេ? ចឹងហើយបានជាយើងនាំគ្នាឆ្ងល់ថាហេតុអីបានជាករណីនេះបែរទៅជាអង្គភាពប្រឆាំងអំពើពុករលួយកោះអញ្ជើញបុគ្គលិកយើងខ្ញុំទៅសាកសួរពីរឿងហ្នឹង? ពីព្រោះថាបើតាមខ្ញុំបានដឹងដោយល្ងង់ខ្លៅ គឺអង្គភាពអំពើពុករលួយគឺគាត់ធ្វើតែអង្កេតរឿងបញ្ហាអំពើពុករលួយ លួចប្រាក់ជាតិ លួចអីទេអីទេ ចំណែករឿងនេះយើងអត់មានបានប្រព្រឹត្តអំពើពុករលួយអីសោះ ចុះហេតុអីបានជារឿងនេះវាទៅជាឥចឹងទៅវិញ យើងមានការឆ្ងល់តែប៉ុណ្ណឹងទេ”

សមាគមអាដហុកបានបង្ហាញវីដេអូមួយនៅពេលកញ្ញាស្រីមុំនិងម្តាយមកស្នើសុំការជួយផ្នែកច្បាប់លើករណីនេះ ហើយនៅពេលនោះនាងបានបដិសេធសំឡេងសន្ទនាក្នុងខ្សែអាត់និងថានាងមិនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះទេ។ លោកបញ្ជាក់ថាការសម្រេចជួយកញ្ញាស្រីមុំគឺធ្វើឡើងតាមការស្នើសុំរបស់ជនរងគ្រោះនិងខណៈដែលជនរងគ្រោះមានភាពភ័យខ្លាច។ លោកមានប្រសាសន៍ថាអ្វីដែលសមាគមធ្វើគឺតាមគោលការណ៍របស់ស្ថាប័ននិងច្បាប់កម្ពុជា។

លោក ធន សារាយ បន្ថែមថាសមាគមសម្រេចឈប់ផ្តល់មេធាវីជូនស្រីមុំ មិនមែនដោយសារខឹងនឹងស្រីមុំ នៅពេលនាងសារភាពការពិតទៅតុលាការនោះទេ។ លោកបញ្ជាក់ថាកន្លងទៅស្រីមុំនិងគ្រួសារបានស្នើសុំទៅក្រៅប្រទេស តែលោកថាសមាគមគ្រាន់តែប្រឹក្សាយោបល់ផ្នែកច្បាប់លើដំណើរទៅក្រៅប្រទេសតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាសមាគមគ្មានគម្រោងប្តឹងបកទៅកញ្ញាស្រីមុំវិញនោះទេ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការកោះហៅដើម្បីសាកសួរ ឬចោទប្រកាន់ណាមួយលើអង្គការនិងសមាគមសិទ្ធិមនុស្សគឺជាការអនុវត្តដែលផ្ទុយនឹងច្បាប់។ លោកមានប្រសាសន៍ថា៖ “អាហ្នឹងវាជាការមួយដែលដាក់សម្ពាធឬក៏ជាផ្នែកគំរាមកំហែងទៅដល់ការបំពេញភារកិច្ចក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សដែលនៅប្រទេសកម្ពុជាយើង គឺរដ្ឋធម្មនុញ្ញបានទទួលស្គាល់អំពីកតិកាសញ្ញាស្តីអំពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សេចក្តីត្រូវការជាសកល ហើយនិងបទដ្ឋានអន្តរជាតិទាំងឡាយស្តីពីសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ ហើយទទួលស្គាល់និងផ្តល់សិទ្ធិនិងកិច្ចការពារដល់បុគ្គលគ្រប់រូបដែលធ្វើការទាក់ទងនឹងការលើកស្ទួយសិទ្ធិមនុស្សនិងការពារសិទ្ធិមនុស្ស”។

កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

លិខិតកោះហៅដែលមានអត្ថន័យដូចគ្នា លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោក លោក លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

លោក ធន សារាយ បញ្ជាក់ថាមន្រ្តីអាដហុកទាំង៥រូបនឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ តាមការកោះអញ្ជើញ។

គួរបញ្ជាក់ថាដីកាកោះហៅមន្រ្តីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ