អាដហុកថាស្រីមុំ​និយាយ​ការពិតមួយ​ទៀត​ទៅ​តុលាការ ខុសពីការពិតប្រាប់មកសមាគម

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ

ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានថ្លែងថាបុគ្គលិកសមាគមមិនបានណែនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយខ្សែអាត់សំឡេងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនិយាយកុហកទៅតុលាការ ដូចការលើកឡើងរបស់ស្រីមុំនោះទេ ដោយថាស្រីមុំបានប្រាប់ការពិតមួយទៀតទៅតុលាការ។

កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ លោក ធន សារាយ បានថ្លែងថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀត ដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ។

ក្នុងសន្និសីទនោះ សមាគមបានបង្ហាញវីដេអូមួយនៅពេលកញ្ញាស្រីមុំនិងម្តាយ មកស្នើសុំការជួយផ្នែកច្បាប់លើករណីនេះ ហើយនៅពេលនោះនាងបានបដិសេធសំឡេងសន្ទនាក្នុងខ្សែអាត់និងថានាងមិនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះទេ។ លោកបញ្ជាក់ថាការសម្រេចជួយកញ្ញាស្រីមុំគឺធ្វើឡើងតាមការស្នើសុំរបស់ជនរងគ្រោះនិងខណៈដែលជនរងគ្រោះមានភាពភ័យខ្លាច។ លោកមានប្រសាសន៍ថាអ្វីដែលសមាគមធ្វើគឺតាមគោលការណ៍របស់ស្ថាប័ននិងច្បាប់កម្ពុជា។ លោកមានប្រសាសន៍ថា៖ “រឿងនេះជារឿងមិនត្រឹមត្រូវ អ្វីដែលបានចោទប្រកាន់មកបុគ្គលិកយើងខ្ញុំ”។

លោក ធន សារាយ បន្ថែមថាសមាគមសម្រេចឈប់ផ្តល់មេធាវីជូនស្រីមុំ មិនមែនដោយសារខឹងនឹងស្រីមុំ នៅពេលនាងសារភាពការពិតទៅតុលាការនោះទេ។ ប្រធានសមាគមអាដហុកឲ្យដឹងទៀតថាសមាគមបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារសម្រាប់ការធ្វើដំណើរ តាមការស្នើសុំរបស់ស្រីមុំដែលថានាងជួបការលំបាកក្នុងជីវភាព។ លោកបញ្ជាក់ថាបុគ្គលិកសមាគមមិនបានប្រព្រឹត្តអំពើពុករលួយហើយដាក់ការងឿងឆ្ងល់ថាតើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គលិកសមាគម។

លោកបញ្ជាក់ថាកន្លងទៅស្រីមុំនិងគ្រួសារបានស្នើសុំទៅក្រៅប្រទេស តែលោកថាសមាគមគ្រាន់តែប្រឹក្សាយោបល់ផ្នែកច្បាប់លើដំណើរទៅក្រៅប្រទេសតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាសមាគមគ្មានគម្រោងប្តឹងបកទៅកញ្ញាស្រីមុំវិញនោះទេ។

លិខិតកោះហៅដែលមានអត្ថន័យដូចគ្នា លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោក លោក លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅនោះ អ្នកស្រី ទ្រី ឈូន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក។

ការកោះហៅនោះគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

លោក ធន សារាយ បញ្ជាក់ថាមន្រ្តីអាដហុកទាំង៥រូបនឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ តាមការកោះអញ្ជើញ។

មន្រ្តីអាដហុក លោក ណៃ វ៉ងដា មានប្រសាសន៍ថាលោកមិនមានការភ័យខ្លាចនឹងការចាប់ខ្លួននោះទេ ដោយលោកថាអ្វីដែលលោកធ្វើគឺតាមគោលការណ៍ច្បាប់។

ដីកាកោះហៅមន្រ្តីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

ស្រីមុំបានបញ្ជាក់ថា៖ “នាងមិនអាចបិទបាំងចំពោះទង្វើខុសច្បាប់ពីសំណាក់បុគ្គលមួយចំនួនរបស់បណ្តាអង្គការសមាគមដែលបានបញ្ចុះបញ្ចូល លួងលោម បោកបញ្ឆោតនាងខ្ញុំ និងក្រុមគ្រួសារនាងខ្ញុំឲ្យនិយាយភូតកុហកពីការពិតជាក់ស្តែងគឺនៅពេលនាងខ្ញុំត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃហៅខ្ញុំទៅបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ ធី សុវណ្ណថា ពេលនោះនាងខ្ញុំបានទៅសុំអន្តរាគមន៍ពីសមាគមអាដហុកដើម្បីជួយការពាររកយុត្តិធម៌ដោយសមាគមអាដហុកបានឲ្យនាងខ្ញុំសរសេរពាក្យបណ្តឹងបដិសេធទាំងស្រុងនូវខ្សែអាត់សំឡេងដែលទាក់ទងស្នេហារវាងនាងខ្ញុំជាមួយលោក កឹម សុខា”៕ ដោយ ស៊ុន ណារិន និងកាន់ វិច្ឆិកា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ