តំណាងរាស្រ្តបក្សប្រឆាំង​រងការវាយដំ​សម្រេច​មិន​ចូលរួម​សវនាការជំនុំជម្រះ​

តំណាងរាស្រ្ត លោក ញ៉យ ចំរើន(ធ្វេង)និង​លោក គង់ សភា ដែល​រង​ការវាយដំ កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក គង់ សភា)

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបដែលរងការវាយដំកាលពីខែតុលា ឆ្នាំ២០១៥ សម្រេចមិនចូលរួមសវនាការជំនុំជម្រះ ដោយអះអាងថាមិនមានជំនឿលើតុលាការ។

កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។

ក្នុងដីកាកោះមួយចុះថ្ងៃទី២២ខែមីនា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វិរៈ បានអញ្ជើញលោក គង់ សភា ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ចូលមកកាន់តុលាការនៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង៨និង៣០នាទី ដើម្បីចូលរួមសវនាការជំនុំជម្រះ ពីដំណើររឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

លោក គង់ សភា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាលោកនិងលោក ញ៉យ ចំរើន សម្រេចចិត្តមិនចូលសវនាទេ ដោយឲ្យមេធាវីការពារចូលរួមវិញ ដោយលោកថាលោក”គ្មានជំនឿលើប្រព័ន្ធតុលាការស្តង់ដាពីរឡើយ”។ លោកប្រាប់វីអូឌីតាមទូរស័ព្ទថា៖ “យើងក្នុងនាមអ្នករងគ្រោះយើងត្រូវតែដាក់ពាក្យបណ្តឹង ប៉ុន្តែពាក្យបណ្តឹងនេះយើងធ្វើឲ្យស្របតាមនីតិវិធី ហើយចង់ដឹងថាតុលាការនៅប្រទេសកម្ពុជាអនុវត្តយ៉ាងណា ហើយឥឡូវយើងមើលជាក់ស្តែងខ្ញុំរងរបួសរងគ្រោះជិត៦ខែហើយនៅមិនទាន់បានទទួលយុត្តិធម៌ តែរឿងអីផ្សេងៗដូចជាករណីលោក អ៊ុំ សំអាន កញ្ញា ខុម ចាន់តារ៉ាទី អីគេលើកយកមកភ្លាមៗ”

មេធាវី សំ សុគង់ មានប្រសាសន៍ថាលោកនិងមេធាវី ជួង ជូងី នឹងចូលរួមសវនាការជំនុំជម្រះនេះ។

កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។

គួរបញ្ជាក់ថាក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះ ជនសង្ស័យ៣នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទាហានផងនោះបានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំរស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ ដោយ ស៊ុន ណារិន និងទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ