បុរសម្នាក់ត្រូវបានតុលាការកោះតៃវ៉ាន់កាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ១០ខែ ពីករណីធ្វេសប្រហែសក្នុងការរៀបចំកម្មវិធីជប់លៀងនៅសួនទឹកមួយកន្លែងដែលបណ្ដាលឲ្យមានការផ្ទុះ និងស្លាប់មនុស្សអស់១៥នាក់កាលពីឆ្នាំមុន។
បណ្ដាញផ្សាយព័ត៌មានBBC បានរាយការណ៍ថា លោក Lu Chung-chi អ្នករៀបចំកម្មវិធីជប់លៀង Colour Play Asia កាលពីខែមិថុនា ឆ្នាំ២០១៥ ដែលកើតមានហេតុការណ៍ផ្ទុះបណ្ដាលឲ្យមនុស្សស្លាប់នោះ ត្រូវបានតុលាការរកឃើញថាមានកំហុសនៃការធ្វេសប្រហែស។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា បុរសនោះអាចប្ដឹងជំទាស់នឹងការសម្រេចនេះទៅឧទ្ធរណ៍បាន។
រូបភាពវីដេអូនៃកម្មវិធីជប់លៀងនៅឯសួនទឹក Formosa កាលពីខែមិថុនា ឆ្នាំ២០១៥នោះ បានបង្ហាញពីមនុស្សរាំនៅចំពោះមុខឆាកមួយនិងហ៊ោកញ្ជ្រៀវនៅពេលដែលម្សៅព័ណ៌បៃតង និងពណ៌លឿងត្រូវបានគេបាញ់លើពួកគេ។ ក្រោយមក ម្សៅទាំងនោះបានឆាបឆេះ ដោយហេតុការណ៍នោះក៏បានបណ្ដាលឲ្យមនុស្សជាង៥០០នាក់បានរងរបួសផងដែរ។
ភាគច្រើននៃជនរងគ្រោះក្នុងហេតុការណ៍នោះភាគច្រើនជាមនុស្សវ័យក្មេង ដោយជនរងគ្រោះខ្លះត្រូវភ្លើងឆេះរាងកាយ៩០ភាគរយ៕