រដ្ឋាភិបាល​ថៃ​គ្រោង​លក់​​អង្ករ​ទាំង​អស់ក្នុង​ស្តុក​​របស់​ខ្លួន​ជាង​១១​លាន​តោន​​ក្នុង​រយៈ​ពេល​២ខែ

(រូបភាពពី BKK POST)

រដ្ឋាភិបាលថៃគ្រោងបញ្ចេញអង្ករទាំងអស់នៅក្នុងស្ដុករបស់ខ្លួនចំនួន១១,៤លានតោន លក់ឲ្យអស់ក្នុងរយៈពេលពីរខែក្នុងតម្លៃសរុបប្រមាណ១០០ពាន់លានបាត (ប្រហែល២៨៣៩លានដុល្លារ) ដោយចាប់ផ្តើមពីសប្ដាហ៍ក្រោយទៅ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ផែនការលក់អង្ករនេះត្រូវបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ ហើយការដេញថ្លៃនឹងចាប់នៅសប្ដាហ៍ក្រោយដោយការដេញថ្លៃមួយលើកៗមានអង្ករចំនួន១លានតោន។

រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងពាណិជ្ជកម្មថៃនិងជាលេខាធិការនៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងអង្ករ លោកស្រី ជុធីតា ប៊ុនយ៉ាផ្រាផាស់សារ៉ា (Chutima Bunyapraphasara) បានមានប្រសាសន៍ថា យើងមានបំណងដាក់លក់ដេញថ្លៃវា (អង្ករ) ទាំងអស់ក្នុងរយៈពេលពីរខែ។ លោកស្រីបន្ថែមថាអង្ករដែលនៅសល់ក្នុងស្តុកមានតម្លៃជាង១០០ពាន់លានបាត។

ផែនការលក់អង្ករនេះមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តនៃការនាំអង្ករចេញរបស់ថៃនោះទេ ដោយចំនួនអង្ករដែលគ្រោងលក់ក្នុងរយៈពេល២ខែនោះ មានចំនួនច្រើនជាងអង្ករដែលត្រូវបាននាំចេញជាធម្មតាក្នុងរយៈពេល១ឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ ប្រទេសថៃនាំអង្ករចេញជាមធ្យម១០លានតោនក្នុង១ឆ្នាំ។

រដ្ឋាភិបាលថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា បានកំពុងកាត់បន្ថយចំនួនអង្ករនៅក្នុងស្តុករបស់ខ្លួនដែលសល់ពីគម្រោងទិញស្រូវអង្ករក្នុងសម័យលោកស្រី យីងឡាក់។ ចាប់តាំងពីខែឧសភាឆ្នាំ២០១៤មក របបយោធារបស់ថៃបានដាក់ដេញថ្លៃអង្ករអស់ចំនួន៥,០៥លានតោនរួចហើយក្នុងតម្លៃ១,៥៣លានដុល្លារ។

លោក ស៊ុផាឆៃ វររ៉ាភីនយ៉ាផន (Supachai Vorraapinyaporn) ប្រធានក្រុមហ៊ុន Tanasan Rice Group ដែលជាក្រុមហ៊ុននាំចេញអង្ករធំជាងគេទីបីរបស់ថៃបានឱ្យដឹងថាគោលដៅរបស់រដ្ឋាភិបាលក្នុងការលក់អង្ករឲ្យអស់ក្នុងរយៈពេលពីរខែគឺមិនអាចទៅរួចនោះទេ។

លោក Supachai បានថ្លែងថា៖ ១លានភាគរយមិនអាចទៅរួចនោះទេ ពិចារណាមើលទៅថាការដេញថ្លៃកាលពីកន្លងមកត្រូវបានគេធ្វើប្រចាំខែ ហើយអង្ករ (ដែលត្រូវបានលក់) ប្រហែល៤០០ ០០០តោនប៉ុណ្ណោះ។ លោកបានបន្ថែមថា៖ ប្រហែលជាពួកគេចង់មានន័យពីរឆ្នាំ មិនមែនពីរខែនោះទេ

កន្លងទៅរដ្ឋាភិបាលថៃបាននិយាយថាខ្លួនមានបំណងជម្រះអង្ករទាំងអស់ក្នុងស្តុករបស់ខ្លួននៅចុងឆ្នាំ២០១៧ ពោលគឺរយៈពេល២០ខែពីពេលនេះទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ