​ACUនឹង​បន្ត​សាកសួរ​មន្រ្តីអាដហុក​ទាំង៣នាក់នៅថ្ងៃស្អែកទៀត

អ្នក​សារព័ត៌មានមួយចំនួន​រង់ចាំ​យក​ព័ត៌មានរហូត​ដល់​ម៉ោង​១០យប់ថ្ងៃ​ពុធនេះ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅម៉ោងជាង១០យប់ថ្ងៃពុធនេះ បានអនុញ្ញាតឲ្យមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៣រូប ត្រឡប់មកផ្ទះវិញ ក្រោយចំណាយពេលសាកសួររាប់ម៉ោងទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយបង្គាប់ឲ្យពួកគេមកអង្គភាពបន្តការសាកសួរនៅថ្ងៃស្អែក។

មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។

នៅម៉ោងជាង១០យប់នេះ លោក ធន សារាយ ប្រធានសមាគមអាដហុក បានមកដល់អង្គភាពប្រឆាំងអំពើពុករលួយហើយប្រាប់អ្នកសារព័ត៌មានថាACUអនុញ្ញាតឲ្យមន្រ្តីទាំង៣នាក់ទៅផ្ទះសិន តែបង្គាប់ឲ្យមកអង្គភាពនៅម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍។

នៅព្រឹកថ្ងៃពុធនេះ អង្គភាពក៏បានសាកសួរអតីតមេធាវីរបស់ស្រីមុំ គឺអ្នកស្រី ទ្រី ឈូន ដែលជាមន្រ្តីរបស់អាដហុកផងដែរ ប៉ុន្តែអ្នកស្រីមិនត្រូវបានអង្គភាពឃាត់ខ្លួននោះទេ។ ក្រោយពីបញ្ចប់ការសាកសួរ អ្នកស្រី ទ្រី ឈូន បានថ្លែងថាអ្នកស្រីបានធ្វើការងារជាមេធាវីតាមក្រមសីលធម៌និងវិជ្ជាជីវៈ និងបញ្ជាក់ថាអ្នកស្រីមិនជាប់ពាក់ព័ន្ធអ្វីនឹងករណីរបស់ស្រីមុំនោះទេ។

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ អង្គភាពនឹងសាកសួរមន្រ្តីអាដហុកម្នាក់ទៀត គឺ លោកស្រី លឹម មុនី នៅវេលាម៉ោង១០ព្រឹក។ ការកោះហៅរបស់ACUគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

ACUកោះហៅមន្រ្តីសង្គមស៊ីវិលនេះបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

កាលពីថ្ងៃអង្គារ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ លើកឡើងថាការផ្តល់លុយឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងពេលផ្តល់សេវាការពារសិទ្ធិមនុស្ស មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ ប្រធានសមាគមអាដហុកឲ្យដឹងទៀតថាសមាគមបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារសម្រាប់ការធ្វើដំណើរ តាមការស្នើសុំរបស់ស្រីមុំដែលថានាងជួបការលំបាកក្នុងជីវភាព។ លោកបញ្ជាក់ថាបុគ្គលិកសមាគមមិនបានប្រព្រឹត្តអំពើពុករលួយ ហើយលោកដាក់ការងឿងឆ្ងល់ថាតើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គលិកសមាគម។ លោកមានប្រសាសន៍ថា៖ “សួរថាតើករណីនៃការឲ្យលុយនេះជារឿងអំពើពុករលួយទេ? ចឹងហើយបានជាយើងនាំគ្នាឆ្ងល់ថាហេតុអីបានជាករណីនេះបែរទៅជាអង្គភាពប្រឆាំងអំពើពុករលួយកោះអញ្ជើញបុគ្គលិកយើងខ្ញុំទៅសាកសួរពីរឿងហ្នឹង? ពីព្រោះថាបើតាមខ្ញុំបានដឹងដោយល្ងង់ខ្លៅ គឺអង្គភាពអំពើពុករលួយគឺគាត់ធ្វើតែអង្កេតរឿងបញ្ហាអំពើពុករលួយ លួចប្រាក់ជាតិ លួចអីទេអីទេ ចំណែករឿងនេះយើងអត់មានបានប្រព្រឹត្តអំពើពុករលួយអីសោះ ចុះហេតុអីបានជារឿងនេះវាទៅជាឥចឹងទៅវិញ យើងមានការឆ្ងល់តែប៉ុណ្ណឹងទេ”

លោក ធន សារាយ បញ្ជាក់ថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀត ដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ៕ ដោយកាន់ វិច្ឆិកា និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ