ចិននិង​ឥណ្ឌូនេស៊ី នឹង​ពង្រឹងទំនាក់ទំនងសន្តិសុខ ទោះបីជាមានជម្លោះនៅសមុទ្រចិនខាងត្បូង

(រូបភាពពី Reuters)

ក្រុមមន្ត្រីចិននិងឥណ្ឌូណេស៊ីបានប្ដេជ្ញាពង្រឹងទំនាក់ទំនងសន្តិសុខ កិច្ចសហប្រតិបត្តិការជើងទឹក និងការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីមានវិវាទផ្នែកកាទូតជុំវិញអ្វីដែលប្រទេសឥណ្ឌូណេស៊ីហៅថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងនាវាល្បាតចិន។

ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា ការប្ដេជ្ញានេះបានកើតឡើងបន្ទាប់ពីជំនួបរវាងប្រធានក្រុមប្រឹក្សារដ្ឋចិនលោក យ៉ាង ជីឈី និងរដ្ឋមន្ត្រីសន្តិសុខជាតិឥណ្ឌូណេស៊ីលោក លូហូត ផានចៃតាន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ។

ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ ក្នុងនោះរួមបញ្ចូលទាំងការប្រឆាំងភេរវកម្ម ការអនុវត្តច្បាប់ ការទប់ស្កាត់ការជួញដូរគ្រឿងញៀន ព្រមទាំងកិច្ចសហប្រតិបត្តិការខាងផ្លូវសមុទ្រផងដែរ។

រដ្ឋាភិបាលក្រុងហ្សាកាតានិងប៉េកាំងក៏នឹងធ្វើការរួមគ្នាផងដែរនៅក្នុងវិស័យផ្លូវដែក ថាមពលអគ្គិសនី វិស័យរ៉ែ អវកាស កសិកម្ម និងនេសាទ។

កាលពីខែមុនឥណ្ឌូនេស៊ីបានព្យាយាមឃាត់ខ្លួននាវិកចិនម្នាក់ដែលប្រទេសនេះចោទថាបានចូលនេសាទដោយខុសច្បាប់ក្នុងដែនសេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយវិវាទនេះបានជំរុញឲ្យកងនាវាល្បាតចិនចូលអន្តរាគមន៍។ ប៉ុន្តែប្រទេសចិននិយាយថា ទូកនេសាទនោះបានធ្វើប្រតិបត្តិការនៅក្នុងដែននេសាទរបស់ខ្លួន។

ឥណ្ឌូណេស៊ីមិនមែនជាគូទំនាស់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសចិននោះឡើយ។ ផ្ទុយទៅវិញ ឥណ្ឌូណេស៊ីបានចាត់ទុកខ្លួនឯងជាមេអណ្ដើកនៅក្នុងជម្លោះរវាងចិននិងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយណេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ