សង្គមស៊ីវិលបង្ហាញថាកុមារប្រមាណជា៣០ភាគរយមិនចេះអាននិងសរសេរ

អង្គការសង្គមដែលធ្វើការលើវិស័យអប់រំបានបង្ហាញថា តាមការធ្វើតេស្តផ្ទាល់ជាមួយនឹងកុមារឲ្យដឹងថាកុមារថ្នាក់បឋមសិក្សាប្រមាណជា៣០ភាគរយគឺប្រឈមនឹងការមិនទាន់ចេះអាននិងសរសេរនៅឡើយ។

ការលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការធ្វើការរួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមេសា ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិលនិងមន្រ្តីរដ្ឋាភិបាលជិត១០០នាក់។

ប្រធានកម្មវិធីអប់រំអង្គការ Save The Children លោក អ៊ុត សារ៉ង បានធ្វើបទបង្ហាញពីលទ្ធផលនៃការរៀនសូត្ររបស់សិស្សសាលាបឋមសិក្សា ឲ្យដឹងថាកុមាររៀនថ្នាក់ទី១ដល់ទី៣ ប្រមាណជា៣០ភាគរយអត់ចេះអាននិងសរសេរ ដោយសារតែគ្រូខ្វះបច្ចេកទេសនៃការបង្រៀន ខ្វះការបណ្ដុះបណ្ដាលគ្រូ និងខ្វះការគ្រប់គ្រងផងដែរ។ លោកបន្ថែមថាកត្តាដែលសំខាន់ជាងនេះទៀតគឺខ្វះថវិកាសម្រាប់វិស័យអប់រំនិងខ្វះឯកសារផែនការផងដែរ។

ប្រធានការិយាល័យផែនការនិងយុទ្ធសាស្រ្តនៃនាយកដ្ឋានផែនការ ក្រសួងអប់រំយុវជននិងកីឡា លោក អុន ស៊ីវុធថា មានប្រសាសន៍ថាដើម្បីពង្រឹងគុណភាពនៃការអប់រំនេះក្រសួងបានធ្វើការកែទម្រង់ច្រើនដូចជាការជំរុញឲ្យកុមារចុះឈ្មោះចូលរៀនគ្រប់គ្នា ការបណ្ដុះបណ្ដាល និងការជ្រោមជ្រែងផ្នែកបច្ចេកទេសនៃការបង្រៀនជាដើម។ លោកបន្ថែមថាទន្ទឹមនឹងនោះក្រសួងក៏មានផែនការបង្កើនថវិកាលើវិស័យអប់រំសម្រាប់ឆ្នាំ២០១៦ដល់២០១៨ រហូតដល់២០.៧ភាគរយ គិតជាប្រាក់ ៥៦៨លានដុល្លារផងដែរ។

អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ដែលបានចូលរួមក្នុងសិក្ខាសាលានោះ បានសាទរចំពោះគោលនយោបាយរបស់រដ្ឋាពិបាលចំពោះការគៀរគរកុមារឲ្យចូលរៀនច្រើនរហូតដល់ទៅ៩៨ភាគរយ។ ប៉ុន្តែលោកបន្ថែមថាកត្តាដែលជាការព្រួយបារម្ភនោះកុមារដែលអាចបញ្ចប់កម្រិតបឋមសិក្សាមានត្រឹមតែ៦០ភាគរយប៉ុណ្ណោះ។ លោកបន្ថែមថាកត្តាដែលធ្វើក្មេងបោះបង់ចោលការសិក្សាច្រើន ដោយសារតែការចំណាកស្រុករបស់ឱពុកម្ដាយនិងការចូលធ្វើការទាំងខ្លួននៅក្មេងដែលរដ្ឋាភិបាលគួរទប់ស្កាត់។

លោកបន្ថែមថាដើម្បីឲ្យការអប់រំនៅកម្ពុជាមានប្រសិទ្ធភាពខ្ពស់និងជំរុញឲ្យមានការអប់រំច្រើនរដ្ឋាភិបាលត្រូវផ្ដល់យកចិត្តទុកដាក់ឱកាសការងារឲ្យបានគ្រប់គ្រាន់ដល់អ្នកដែលបានទទួលការអប់រំតាមកម្រិតដែលគេរៀននិងផ្ដល់ការងារត្រូវជំនាញដែលគេរៀនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ