កីឡាករថៃ​​​​​ប្រាប់​​​​​ហេតុផលសន្លប់​​​​​​​​​ក្រោមដៃ សូត្រ ប៊ុនធី ​

ការប្រកួតរវាងកីឡាករ សូត្រ ប៊ុនធី និង​កីឡាករថៃ Anou Vath (រូបភាព៖ សុខ ឆាយ)

ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី១ ខែឧសភា គេកត់សម្គាល់ឃើញថា កីឡាករថៃដែលឡើងប្រកួតជាមួយកីឡាករកម្ពុជា សូត្រ ប៊ុនធី គឺមានសមត្ថភាពល្អយ៉ាងខ្លាំង។ ប៉ុន្តែចុងក្រោយគេបែរជាភ្លាត់ឲ្យសន្លប់មិនគួរឲ្យជឿក្រោមដៃរបស់កីឡាករកម្ពុជារូបនេះក្នុងទឹកទី២។

កីឡាករថៃ Anou Vath  ដែលត្រូវបកប្រែដោយលោក ថៃ អ៊ូ អ្នកដឹកនាំយកមកប្រកួតបានអះអាងថា ហេតុផលដែលគេត្រូវមួយកែងពេញទំហឹងរបស់កីឡាករ សូត្រ ប៊ុនធី  គឺដោយសារតែភាពចៃដន្យបានកើតមានឡើងក្នុងពេលមានការប្រទាញប្រទង់ខ្លាំងនាពេលនោះប៉ុណ្ណោះ។ លោកថា ក្នុងពេលប្រកួតកំពុងតែជក់ដៃគឺស្ថានភាពរអិលជើងធ្វើឲ្យទន់ជំហរត្រូវកើតមានឡើង ព្រមជាមួយនឹងភ្នែករបស់ខ្លួនក៏ត្រូវញើសដែលមានជាតិប្រេងរឹតនៅនឹងខ្លួនកីឡាករខ្ទាតចូល បណ្ដាលឲ្យក្រហាយភ្នែកមួយពេល ហើយមើលកែងដែលវ័ធដោយកីឡាករកម្ពុជាមិនទាន់។ កីឡាករ Anou Vath  នៅតែយល់ថា តាមបច្ចេកទេស ហើយបើមិនមានរឿងស៊យកើតឡើងគឺមិនឈានដល់ថ្នាក់សន្លប់នោះឡើយ ដោយសារតែពេលមុនសន្លប់គឺខ្លួនទប់ជាប់កណ្ដាប់ដៃរបស់សូត្រ ប៊ុនធី ជាប់រហូត។

លោក ថៃ អ៊ូ បានបញ្ជាក់បន្ថែមថា ថាកីឡាករ Anou Vath  គឺជាកីឡាករល្អម្នាក់នៅក្នុងប្រទេសថៃ ហើយលោកក៏មើលឃើញថាការបរាជ័យរបស់កីឡាកររូបនេះគឺកើតឡើងស្របគ្នានឹងភាពចៃដន្យដូចអ្វីដែលAnou Vath បានបញ្ជាក់នោះដែរ។ លោកនិយាយថា Anou Vath  បានប្រាប់លោកថាបើកុំតែញើសចូលភ្នែកក្នុងពេលវាយបំបុកទៅវិញទៅមក គឺប្រហែលជាមួយកែងរបស់ សូត្រ ប៊ុនធី នឹងត្រូវគេចផុតដោយមិនពិបាកនោះទេ ដោយសារតែកីឡាករថៃរូបនេះត្រូវគេមើលឃើញដូចគ្នាថាពូកែគេច ហើយច្បាស់ក្នុងការវាយសម្រុក។

លោក ថៃ អ៊ូ ថ្លែងជំនួសកីឡាករ Anou Tavh ថា៖ “អាកូនសិស្សខ្ញុំវាថាហើយ ថាពេលវាកំពុងវ៉ៃហ្នឹងញើសចូលភ្នែកវាទេ វាក្រហាយបើកភ្នែកអត់រួចផងហ្នឹង បានវាអត់ឃើញមួយកែងចុងក្រោយហ្នឹងទេ ចឹងហើយទើបបានជាម៉ាកែងរបស់ប៊ុនធី ដាក់ចំល្អមែនទែន ដោយសារតែគ្នាអាល័យក្រហាយភ្នែកហ្នឹង”។ លោកថា គូនេះ បើគ្មានរឿងភ្លាត់ស្នៀតកីឡាករកម្ពុជាពិតជាពិបាកយកឈ្នះ ក្នុងពេលដែលអ្នកណាក៏មើលឃើញថា កីឡាករថៃល្អ។

កីឡាករថៃ Anou Vath ត្រូវកីឡាករ សូត្រ ប៊ុនធី វាយឲ្យសន្លប់ក្នុងទឹកទី២ (រូបភាព៖ សុខ ឆាយ)
កីឡាករថៃ Anou Vath ត្រូវកីឡាករ សូត្រ ប៊ុនធី វាយឲ្យសន្លប់ក្នុងទឹកទី២ (រូបភាព៖ សុខ ឆាយ)

មិនខុសពីការលើកឡើង គេឃើញកីឡាករ សូត្រ ប៊ុនធី ពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍វាយលុកយ៉ាងខ្លាំង ក្នុងពេលកីឡាករ Anou Vath វាយសម្រុក។ ចុងទឹកទី១ និងដើមទឹកទី២ ឱកាសមានប្រៀបគឺជារបស់កីឡាករថៃ ដោយគេឃើញកីឡាករកម្ពុជាគេចរួចតិចណាស់ជាមួយនឹងកណ្ដាប់ដៃយ៉ាងរហ័សរបស់កីឡាករថៃ។ ជាក់ស្ដែងមុនពេលប្រទាញប្រទង់គ្នាខ្លាំង កីឡាករថៃវាយចូលច្រើនណាស់នៅចំកណ្ដាលមុខ និងបានទាំងទាត់ឲ្យភ្លៅខាងធ្វេងរបស់ សូត្រ ប៊ុនធី ឡើងជាំនោះផង។ យ៉ាងណាក៏ដោយក្រោយការសម្រេចចិត្តវាយប្ដូររបស់ សូត្រ ប៊ុនធី កីឡាករកម្ពុជាក៏បានក្លាយជាអ្នកមានសំណាង ដោយមានឱកាសវាយឲ្យគូប្រកួតដួលភីងហើយត្រូវរាប់ដល់១០ ដោយសារតែទ្រាំមួយកែងរបស់ខ្លួនមិនបាន។

គួរបញ្ជាក់ថា សូត្រ ប៊ុនធី ធ្លាប់ប្រកួត៧៣លើក ឈ្នះ៦៣លើក ចាញ់៩លើក និងស្មើ១លើក ខណៈដែលAnou Vath ធ្លាប់ប្រកួត ១០៦លើក ឈ្នះ៨៥លើក ចាញ់១៧លើក និងស្មើ៤លើកនៅលើសង្វៀន។ ចំពោះមួយគូទៀត កីឡាករ សេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប បានវាយកីឡាករថៃឈ្មោះ Yorth Phachngam  ឲ្យសន្លប់ក្នុងទឹកទី១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ