ថន តារា ​ស្ងាត់​ៗបាន​ស្វាមី​ជា​​ប្អូនប្រុសអតីត​ឧបនាយករដ្ឋមន្ត្រីថៃ

ថន តារា និង​អនាគត​ស្វាមី (រូបពីហ្វេសប៊ុករបស់ ថន តារា)

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាសម្ដែង និងជាពិធីការិនីនាង ថន តារា ដែលអ្នកណាក៏ស្គាល់ថាជាបងស្រីបង្កើតរបស់នាងថន លក្ខិណា ប្រកាសឲ្យដឹងថានឹងចូលរោងការជាមួយមន្ត្រីមួយរូបក្នុងជួររដ្ឋាភិបាលថៃ និងជាប្អូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ នេះជាលើកទី១ដែលមន្ត្រីក្នុងប្រទេសក្បែរខាងកម្ពុជាជ្រើសរើសតារាខ្មែរជាភរិយា ដោយអ្នកទាំងពីរនឹងរៀបការនៅក្នុងប្រទេសកម្ពុជានៅខែក្រោយនេះ។

ថន តារា ដែលត្រូវគេស្គាល់ក៏ជាតារាលេចធ្លោមួយរូប មិនខុសគ្នាពីថន លក្ខិណា បានអះអាងថា បុរសជាអនាគតស្វាមីរបស់ខ្លួន គឺលោក ណាវៈរ៉ាត់ យូបំារ៉ុង ជាអ្នកនយោបាយមួយរូប ហើយពេលបច្ចុប្បន្នលោកជាមន្ត្រីជាន់ខ្ពស់នៅក្នុងស្ថាប័នរដ្ឋរបស់ប្រទេសថៃ តែនាងមិនបានបញ្ជាក់ថាមុខតំណែងអ្វីជាក់លាក់នោះទេ។ នាងថា លោកជាបុរសពោះម៉ាយវ័យ៥២ឆ្នាំ ដោយទំនាក់ទំនងមុនឈានទៅដល់ការកំណត់មង្គលការរបស់ពួកគេ គឺដោយសារនិស្ស័យតែម្ដង។ នាងនិយាយថា៖ “កាលពីមុនចូលឆ្នាំគាត់មកលេងស្រុកខ្មែរ ហើយពេលនោះខ្ញុំជាអ្នកបកប្រែថៃឲ្យគាត់ តាំងពីពេលនោះមកគាត់ក៏សុំស្គាល់ខ្ញុំ ហើយចូលស្ដីខ្ញុំតែម្ដង មុនពេលដែលខ្ញុំបាននាំក្រុមគ្រួសាររបស់ខ្ញុំទៅដល់ផ្ទះគាត់(នៅបាងកក)ហ្នឹង”

បន្ថែមពីលើការអះអាងបែបនេះ ថន តារា ក៏បានបង្ហោះរូបជាច្រើននៅលើហ្វេសប៊ុករបស់នាងផងដែរ។ ថន តារា បានឲ្យដឹងថា រូបថតដែលបង្ហោះនោះ គឺជាពិធីសូត្រមន្តអបអរលោក ណាវៈរ៉ាត់ យូបាំរ៉ុង ដែលនាងអះអាងថាលោកទទួលបានមេដាយពីស្ថាប័នកំពូលរបស់ថៃ ដោយលោកបានអញ្ជើញភ្ញៀវប្រមាណជា៣០តុ ជប់លៀង និងប្រកាសឲ្យគេស្គាល់នាងថាជាអនាគតភរិយានោះផង។ ក្នុងពិធីនោះនាងថាក៏មានវត្តមានអតីតឧបនាយករដ្ឋមន្ត្រីមួយរូបក្នុងរដ្ឋាភិបាលលោកស្រី យីងឡាក់ គឺលោក ឆាលើម យូបាំរ៉ុង ដែលត្រូវជាបងប្រុសរបស់អនាគតស្វាមីខ្លួនផងដែរ។ នាងនិយាយថា៖ “នៅក្នុងប្រទេសថៃហ្នឹងគាត់(ណាវៈរ៉ាត់)មានឋានៈធំ ព្រោះគ្រប់ពេលដែលគាត់ទៅណាមកណាគឺមានឡានឆ្គក និងម៉ូតូអមតែរហូតហ្នឹង ខ្ញុំរំភើបដែលបានឃើញពីសភាពពិតរបស់គាត់ ហើយគាត់បែរជាស្រឡាញ់ និងលើកកិត្តិយសខ្ញុំដល់ថ្នាក់ប្រកាសឲ្យគេបានស្គាល់”

ថន លក្ខិណា (ឈុតក្រហម) និងថន តារា (កណ្ដាល) ថតជាមួយអនាគតស្វាមី លោក ណាវៈរ៉ាត់ យូបំារ៉ុង និងបងប្រុសរបស់លោកដែលជាអតីតឧបនាយករដ្ឋមន្ត្រីនៃប្រទេសថៃ (រូបពីហ្វេសប៊ុក)
ថន លក្ខិណា (ឈុតក្រហម) និងថន តារា (កណ្ដាល) ថតជាមួយអនាគតស្វាមី លោក ណាវៈរ៉ាត់ យូបំារ៉ុង និងបងប្រុសរបស់លោកដែលជាអតីតឧបនាយករដ្ឋមន្ត្រីនៃប្រទេសថៃ (រូបពីហ្វេសប៊ុក)

តារារូបនេះបន្ថែមថា មង្គលការរវាងនាង និងលោក ណាវៈរ៉ាត់ នឹងធ្វើនៅថ្ងៃទី២៦ ខែមិថុនា ក្នុងឆ្នាំ២០១៦នេះ នៅបរិវេណកោះពេជ្រ ដោយគ្រោងបា្ររព្ធធ្វើ៥០ទៅ៦០តុ។ ក្នុងនោះ នាងថាអនាគតស្វាមីរបស់ខ្លួនក៏គ្រោងរៀបចំពិធីជប់លៀងនៅក្នុងប្រទសថៃផងដែរ ដើម្បីឲ្យមានការដឹងឮ។ នាងនិយាយថា៖ “ពួកខ្ញុំកំណត់ការថ្ងៃ២៦ ខែក្រោយ គឺលឿនមែនទែន ដោយសារតែគាត់យល់ថាពេលវេលានោះល្អ។ ខ្ញុំគិតថាជារយៈពេលខ្លីប៉ុន្តែមើលទៅគាត់ និងក្រុមគ្រួសារគាត់ល្អ គឺអត់មានប្រកាន់ថាជាតារា ឬជាជនជាតិផ្សេងអីទេ”

ថន តារា បញ្ជាក់ថា អនាគតស្វាមីរបស់ខ្លួន គឺជាបុរសពោះម៉ាយកូនមួយ និងជាកូនពៅនៅក្នុងត្រកូល យូបំារ៉ុង ដែលនៅប្រទេសថៃសុទ្ធតែស្គាល់ថាគ្រួសារនេះជាអ្នកនយោបាយ និងជាអ្នកជំនួញ។ នាងថា ចំណងស្នេហ៍ខុសជាតិសាសន៍របស់នាង បានកើតឡើងដោយសារតែនាងអាចប្រើភាសាថៃបានស្ទាត់ និងដោយសារតែនោះគឺជានិស្ស័យទាំងស្រុង។ នាងនិយាយថា៖ “ក្នុងពេលគាត់ទាក់ទងខ្ញុំដំបូង ខ្ញុំគិតត្រឹមគាត់លេងសើចទេ ដល់ពេលគាត់ចុះមកស្ដីដណ្ដឹងខ្ញុំដល់គ្រួសារ និងបានកំណត់ថ្ងៃការ ហើយចុងក្រោយគឹគាត់យកខ្ញុំទៅណែនាំឲ្យគេស្គាល់គ្រប់គ្នា ដោយក្នុងហ្វេសប៊ុករបស់គាត់ក៏មានបង្ហោះដោយឥតលាក់លៀមផង ទើបខ្ញុំនិយាយមិនចង់ចេញ”។ នាងថា ភូមិគ្រឹះរបស់លោក ណាវៈរ៉ាត់ មានទំហំច្រើនហិកតា និងស្ថិតនៅជាយទីក្រុងបាងកក ដោយមានអ្នកបម្រើរាប់មិនអស់តាំងពីមុខដល់ក្រោយ។

យោងតាមប្រភពផ្សេងៗ ណាវៈរ៉ាត់ យូបំារ៉ុង ធ្លាប់ជាសមជិកនៃក្រុមប្រឹក្សាក្រុងបាងកក ដោយលោកកាន់តំណែងនេះអស់ជាច្រើនអាណត្តិ។

នេះជាលើកទី១ដែលគេឃើញតារាខ្មែរត្រូវបានមន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃស្ដីដណ្ដឹងរៀបការ ដោយក្នុងពិធីមង្គលការរបស់នាងត្រូវគេប៉ាន់ស្មាននឹងមានសាធារណជនចាប់អារម្មណ៍ខ្លាំង។ ថន តារា និយាយថា អនាគតស្វាមីរបស់ខ្លួន និងកូនប្រុសរបស់លោកស្រឡាញ់ពេញចិត្តនាងណាស់ ហើយសូម្បីតែគ្រួសារទាំងអស់របស់លោកដែលសុទ្ធតែមានឋានៈខ្ពង់ខ្ពស់ ក៏ស្រឡាញ់ពេញចិត្តនាង ដោយគ្មានការរើសអើងថាជាតារាសិល្បៈអ្វីនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ