បទយកការណ៍៖ ការ​ចិញ្ចឹមមាន់ជួយឲ្យកសិករមួយចំនួននៅពោធិ៍សាត់មិនធ្វើចំណាកស្រុក

មាន់​របស់​ពលរដ្ឋ​ក្នុង​ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ​ (រូបភាព៖ ទូច សុខា)

ដៃម្ខាងកាន់ចានអង្ករ និងដៃម្ខាងទៀតចាប់អង្ករបាចទៅក្នុងទ្រុងមាន់ដែលហ៊ុំព័ទ្ធដោយសំណាញ់ អ្នកស្រី តែម ចាន់ហេង ហៅមាន់ប្រហែល១០០ក្បាលរបស់គាត់ឲ្យមកស៊ីអង្ករដែលគាត់បាច។ ឲ្យចំណីមាន់បណ្ដើរ អ្នកស្រី តែម ចាន់ហេង រៀបរាប់ប្រាប់ឲ្យដឹងថា ការចិញ្ចឹមមាន់នេះបានជួយផ្តល់ចំណូលឲ្យគ្រួសារអ្នកស្រីគ្រាន់សម្រាប់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។

ជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្ត អ្នកស្រី តែម ចាន់ហេង ថ្លែងឲ្យដឹងថា គ្រួសារអ្នកស្រីក៏ដូចជាអ្នកភូមិជាច្រើនផ្សេងទៀតបានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាក៏ដោយ អ្នកស្រីប្រាប់ឲ្យដឹងថា ទើបតែនៅក្នុងឆ្នាំ២០១៥ទេ ដែលអ្នកស្រីចេះចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស គឺក្រោយពីបានចូលជាសមាជិកគម្រោងចិញ្ចឹមមាន់របស់អង្គការ People In Need។ អ្នកស្រីបន្តថា បន្ទាប់ពីទទួលបានចំណេះដឹងបច្ចេកទេសក្នុងការចិញ្ចឹមមាន់ អ្នកស្រីអាចលក់មាន់បានចំនួនច្រើន និងបានញឹកញាប់ជាងមុន។

អ្នកស្រីបន្ថែមថា៖ “លើកមុនអត់ទេលែងចោលទៅ អត់ដឹងថ្នាំវ៉ាក់សាំងអីទេកើតមកលែងចោលតាមម៉ែវាទៅ មកវិញងាប់អស់អ៊ីចឹងទៅ ក្នុងគម្រោងអ៊ីចឹង(កូនមាន់)៦០អីងាប់អស់តែ៤ទេ… ព្រោះអីខ្ញុំចិញ្ចឹមមាន់ហ្នឹងមុនដំបូងអត់ទាន់ចូលក្នុងគម្រោងហ្នឹង៥០មាន់ងាប់អស់សល់តែដប់ខ្ញុំចង់ឈប់ចិញ្ចឹមហើយ ខ្ញុំគិតថាចង់ចំណាកស្រុកចង់ទៅថៃនឹងគេ គេថាទៅថៃរកបានណាស់ តែក្មួយខ្ញុំពេទ្យសត្វហ្នឹងថាមីងឯងកុំទាន់ទៅណា សាកចូលគម្រោងចិញ្ចឹមមាន់មើល៍ បើចិញ្ចឹមអត់បានចាំមីងឯងចំណាកស្រុកចុះ”

អ្នកស្រី តែម ចាន់ហេង រៀបរាប់ទៀតថា តាមរយៈគម្រោងចិញ្ចឹមមាន់តាមបែបគ្រួសារនេះ អ្នកស្រីនិងគ្រួសារផ្សេងទៀតបានទទួលការបណ្តុះបណ្តាលពីរបៀបថែទាំមាន់ សំអាតទ្រុង និងរបៀបផ្សុំចំណីមាន់ជាដើម។ អ្នកស្រីមើលឃើញថា ការចិញ្ចឹមមាន់តាមបែបបច្ចេកទេសរបស់គម្រោងនេះជួយឲ្យអ្នកស្រីចិញ្ចឹមមាន់បានល្អជាងមុន។

អ្នកស្រី តែម ចាន់ហេង ឲ្យដឹងទៀតថា ក្នុងរយៈពេលពីរឆ្នាំមកនេះ អ្នកស្រីលក់មាន់បានមិនតិចជាង២០០គីឡូក្រាមនោះទេ ដោយថាក្នុងមួយគីឡូក្រាមអ្នកស្រីអាចលក់បានពី១៥០០០រៀលទៅ១៧០០០រៀល ហើយអ្នកស្រីមិនបារម្ភថាគ្មានអ្នកទិញនោះទេ។ អ្នកស្រីថា ជាធម្មតា អ្នកស្រីមានមាន់លក់ពីពីរទៅបីដងក្នុងមួយឆ្នាំ និងលក់មាន់ម្តងអាចបានប្រាក់ប្រហែលជា៧០ម៉ឺនរៀល ដោយថាចំនួននេះច្រើនលើសពីមុនចូលរួមក្នុងគម្រោងមិនតិចជាង១០ដងនោះទេ។ អ្នកស្រីថា ដោយសារតែទទួលបានលទ្ធផលបែបនេះ អ្នកស្រីក៏សម្រេចឈប់ចង់ចំណាកស្រុកទៀត។

អ្នកស្រីបន្ថែមថា៖ “ឲ្យតែចិញ្ចឹម(មាន់)ត្រឹម៥ខែបានលក់អ៊ីចឹងខ្ញុំអត់ចង់ទៅទេ ទៅធ្វើនោះ ចំណាកស្រុកក៏នឿយដែរ លោកគ្រូអើយមួយថ្ងៃៗធ្វើវាស់ៗល្ងាច…នៅនេះបានចិញ្ចឹមមាន់ហើយបានដាំដំណាំហើយធ្វើស្រែ បើចំណាកស្រុកធ្វើតែស្រែហើយទៅបាត់ ដំណាំក៏អត់បានដាំចាំតែលុយឯណោះ ជួនគេបោកទៅក៏អត់”

កសិករចិញ្ចឹមមាន់ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ អ្នកស្រី តែម ចាន់ហេង ឲ្យចំណីមាន់ (រូបភាព៖ ទូច សុខា)
កសិករចិញ្ចឹមមាន់ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ អ្នកស្រី តែម ចាន់ហេង ឲ្យចំណីមាន់ (រូបភាព៖ ទូច សុខា)

អង្គុយលើកៅអីជ័រក្បែរទ្រុងមាន់ព័ទ្ធសំណាញ់ដែលមានមាន់នៅខាងក្នុងប្រហែលជា៨០ក្បាល លោក ស៊ុំ សារុន ជាកសិករម្នាក់ទៀតក្នុងឃុំអន្លង់វិលផងដែរ។ ក្នុងវ័យ៥៥ឆ្នាំ លោក ស៊ុំ សារុន រៀបរាប់ថា ដើមឡើយលោកតែងមានបំណងចំណាកស្រុកដើម្បីរកការងារធ្វើ ប៉ុន្តែលោកថាក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ក្នុងគម្រោងចិញ្ចឹមមាន់ បានធ្វើឲ្យលោកផ្លាស់ប្តូរចិត្ត និងចង់នៅចិញ្ចឹមាន់វិញ។ លោកថា ការចិញ្ចឹមមាន់មិនត្រឹមតែបានកម្រៃសម្រាប់ចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ តែលោកថា មានពេលសម្រាប់ដាំដំណាំបន្ថែម និងបាននៅជួបជុំគ្រួសារទៀតផង។

លោកបន្ថែម៖ “ពីដើមតែងតែចង់ដើរទៅនេះទៅណោះហ្នឹងគេដែរ តែដល់ពេលដាក់អាហ្នឹង(ចិញ្ចឹមមាន់)ទៅដូចកើត អ៊ីចេះទៅក៏លែងចង់ដើរទៅណា វង់ទៅថៃទៅអី ពីមុនធ្លាប់ទៅថៃបានម្តងដែរ តែឥឡូវលែងចង់ទៅវិញ”

ចំណែកអ្នកស្រី អ៊ុក សុខហេង កសិករចិញ្ចឹមមាន់នៅក្នុងឃុំជាមួយគ្នានេះដែរ លើកឡើងថាក្រោយពីគាត់ឲ្យចំណីមាន់ពេលល្ងាចថា ការចំណាកស្រុកមិនប្រសើរជាងការចិញ្ចឹមមាន់របស់គាត់នោះទេ ដោយថា នៅផ្ទះចិញ្ចឹមមាន់អាចមានពេលធ្វើការងារផ្ទះបានមួយចំនួនទៀត។

អ្នកស្រីរៀបរាប់ថា៖ “ចំណាកស្រុកជួលកាលទៅមកវិញខ្លួនទទេអត់បានអីទេ ព្រោះប្អូនខ្ញុំមួយធ្លាប់ហើយ ទៅហើយមកវិញទទេអត់បានអីទេ ចាញ់នៅផ្ទះធ្វើរកអានេះអានោះហើយ ចិញ្ចចឹមមាន់ ចិញ្ចឹមអីទៅ និងដាំដំណាំតិចតួចទៅ ធ្វើស្រែទៅ គ្រាន់ជាងចំណាកស្រុក”

 

អង្គុយក្នុងបន្ទប់ការិយាល័យទំហំប្រហែល៣ម៉ែត្របួនជ្រុង ក្នុងសម្លៀកបំពាក់ព័ណ៌គគី មេឃុំ អន្លង់វិល លោក ព្រីង ទូចស៊ុនលី មានប្រសាសន៍ថា គម្រោងរបរចិញ្ចឹមជីវិត និងបរិស្ថានរបស់អង្គការ People In Need បានរួមចំណែកទប់ស្កាត់ប្រជាពលរដ្ឋមួយចំនួនក្នុងឃុំលោកមិនឲ្យចំណាកស្រុកទៅប្រទេសថៃ។ លោកថា ការចិញ្ចឹមមាន់តាមគ្រួសារនេះអាចឲ្យអ្នកទាំងនោះបានបន្ថែមចំណូលមួយផ្នែកទៀតសម្រាប់ទ្រងទ្រង់ជីវភាពគ្រួសារ។

លោកបន្ថែមថា៖ “អានេះបើមើលឃើញជីវភាពរបស់គាត់ពីដើមមក ដោយសារគាត់ទៅថៃមុនទៅខ្ចីលុយគេ មុខរបរនេះយើងអត់ខ្ចីបុលគេទេ មានដើមទុនខ្លួនឯងខ្លះមកពីអង្គការខ្លះ គាត់អាចមានលុយសល់ចងដៃការគេ ធ្វើបុណ្យ ទិញសម្លៀកបំពាក់ឲ្យកូនគាត់ មានលុយសល់”

បើតាមលោកមេឃុំរូបនេះ ប្រជាពលរដ្ឋរបស់លោកចំនួន៩១គ្រួសារក្នុងចំណោមប្រជាពលរដ្ឋជាង១២៩៣គ្រួសារបានចូលក្នុងគម្រោងនេះ ដោយគ្រួសារខ្លះជាអ្នកធ្លាប់ចំណាកស្រុកនាពេលកន្លងមក និងលោកថា នៅបច្ចុប្បន្ននេះនៅមានអ្នកចំណាកស្រុកប្រហែលពី១០០ ទៅ២០០នាក់ទៀត។ លោកបន្តថា ផែនការសម្រាប់ឆ្នាំ២០១៧ ឃុំនឹងជំរុញឲ្យចំនួនអ្នកចិញ្ចឹមមាន់តាមបែបបច្ចេកទេសកើនឡើងជាងនេះ។

chicken-farming-05-05-16-3

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពោធិ៍សាត់លោក ផាត់ សារ៉ុន មានប្រសាសន៍ថា ប្រជាកសិករដែលចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេសបានទទួលផលច្រើនដងលើសកសិករដែលចិញ្ចឹមតាមយថាផល។ លោកថា ការិយាល័យលោកបានសហការជាមួយអង្គការអភិវឌ្ឍន៍ និងបរិស្ថាន និងអង្គការ People In Need ដើម្បីជួយជ្រោមជ្រែង និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស។

លោកអះអាងថា ទីផ្សារសម្រាប់មាន់ចិញ្ចឹមតាមផ្ទះមានលក្ខណៈទូលាយ និងមានតម្រូវការច្រើន។ លោកឲ្យដឹងដែរថា ចំនួនគ្រួសារដែលចិញ្ចឹមមាន់តាមរលក្ខណៈបច្ចេកទេសនេះកើនពី១ឆ្នាំទៅ១ឆ្នាំ។

លោកបន្ថែម៖ “ទាក់ទងនឹងបញ្ហាចិញ្ចឹមមាន់ហ្នឹងយើងឃើញថា សំខាន់គឺទីផ្សារ រាល់ថ្ងៃមានមាន់ឧស្សាហកម្ម មានមាន់កសិដ្ឋានអ៊ីចឹងទៅ ខ្លះក៏អត់សូវចូលចិត្ត អ្នកមានលុយគេចូលចិត្តមាន់នៅក្នុងស្រុកយើង អ៊ីចឹងមាន់មានតម្លៃ កសិករដែលខិតខំចិញ្ចឹមហ្នឹងបានកម្រៃពីហ្នឹង”

បើតាមលោក ផាត់ សារ៉ុន ខាងក្រុមការងាររបស់លោកចុះជួយចាក់វ៉ាក់សាំងដល់មាន់ប្រជាពលរដ្ឋសម្រាប់បង្ការជំងឺផ្សេងដូចជាជំងឺដង្កោកាច់ ជំងឺអុតបក្សី និងជំងឺអាសន្នរោគបក្សី ដែលលោកថាជាជំងឺកើតញឹកញាប់លើសត្វមាន់។

អ្នកសម្របសម្រួលគម្រោងរបស់អង្គការ People In Need ប្រចាំខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ លោក ជួន ប៊ុណ្ណារ៉ា លើកឡើងថា គម្រោងចិញ្ចឹមមាន់បានចាប់ផ្តើមពីឆ្នាំ២០១៣ និងបញ្ចប់ទៅវិញនៅក្នុងឆ្នាំ២០១៦នេះ។ លោកថា គម្រោនេះមានកសិករចូលរួមចំនួន២២៣៧គ្រួសារក្នុងខេត្តទាំងពីរនេះ។ លោកបង្ហាញសុទិដ្ឋិនិយមថា ទោះបីជាគម្រោងរបស់អង្គការនឹងបញ្ចប់នៅពេលខាងមុខនេះក្តី ក៏លោកសង្ឃឹមថាកសិករនៅតែបន្តចិញ្ចឹមមាន់តាមបែបបច្ចេកទេសនេះបន្តទៀត ដោយថាពួកគាត់បានកម្រៃច្រើនពីការចិញ្ចឹមមាន់នេះ និងពួកគាត់បានយល់ដឹងពីបច្ចេកទេសស្រាប់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ