ក្រសួង​ព័ត៌មានបើកទទួលមតិ​រិះគន់​លើ​ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងព័ត៌មានបានបង្កើតឲ្យមានប្រអប់សំបុត្រទទួលពាក្យបណ្តឹងចំពោះសេវាសាធារណៈរបស់ខ្លួននិងទទួលមតិយោបល់របស់សាធារណជនទៅលើប្រព័ន្ធផ្សព្វផ្សាយនានា។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ឧសភា ក្រសួងព័ត៌មានបានឲ្យដឹងថាដើម្បីកែលម្អការងារសាធារណៈរបស់ក្រសួងនិងទទួលយកការផ្តល់យោបល់របស់សាធារណជនចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានា ក្រសួងបានបង្កើតឲ្យមានប្រអប់ទទួលសំបុត្រដើម្បីទទួលពាក្យបណ្តឹងនិងមតិយោបល់ទាំងនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានបញ្ជាក់បន្ថែមប្រាប់វីអូឌីថាការបង្កើតឲ្យមានប្រអប់ទទួលសំបុត្រទទួលពាក្យបណ្តឹងគឺដើម្បីទទួលនូវគំនិតរិះគន់របស់សាធារណជនទៅលើប្រព័ន្ធផ្សព្វផ្សាយដែលលោកថាមានលក្ខណៈអូសទាញឬក៏មិនសមរម្យក្នុងការផ្សព្វផ្សាយ ក៏ដូចជាសេវាសាធារណៈរបស់ក្រសួង ដើម្បីឲ្យគណៈកម្មការរបស់ក្រសួងយកមក ពិនិត្យនិងចាត់វិធានការណ៍ទៅលើករណីទាំងនេះ។

លោកបន្ថែមថា៖ “យើងរៀបចំនូវសកម្មភាពផ្សេងៗដើម្បីធានាឲ្យបាននូវការផ្តល់សេវាសាធារណៈហ្នឹងឲ្យវាមានតម្លាភាពកាន់តែលឿនរហ័ស ទី២យើងក៏ស្តាប់ពីប្រជាពលរដ្ឋដែរពាក់ព័ន្ធនឹងការផ្សាយរបស់វិទ្យុ និងទូរទស្សន៍ ឧទាហរណ៍មានពេលខ្លះសារពាណិជ្ជកម្មខ្លះវាអូសទាញហួសហេតុអីអញ្ចឹងទៅ បើកាលណាមិនយល់ស្របអី ពីរឿងអស់ហ្នឹង គាត់អាចសរសេរ គាត់អាចផ្តល់ជាចំណាប់អារម្មណ៍ ហើយគេអាចប្រាប់ថាគេបានឭសារបែបនោះនៅត្រង់ណា តាមវិទ្យុ ឬទូរទស្សន៍ តាមបណ្តាញសង្គម ឬក៏សារព័ត៌មាន។ល។ ”។

លោកបន្តថាក្រោយពីបានទទួលពាក្យបណ្តឹង ក៏ដូចជាមតិយោបល់របស់សាធារណៈជនរួច គណៈកម្មការការងារសោតទស្សន៍របស់ក្រសួងព័ត៌មាននិងយកមកពិនិត្យនិងចាត់វិធានការផ្សេងៗ ដោយលោកថា វិធានការទាំងនោះអាចមានការសម្របសម្រួល ឬក៏ជាវិធានការតាមផ្លូវច្បាប់។

លោកបន្ថែមទៀតថា៖ “ប្រសិនជាមានរឿងអីកើតឡើងរបៀបហៅឲ្យសម្របសម្រួលថាឲ្យមានការកែតម្រូវ ឬក៏ធ្វើយ៉ាងណានោះ ទីពីរប្រសិនជារឿងដែលធ្ងន់ធ្ងរទាក់ទងទៅផ្លូវច្បាប់អីយ៉ាងណានោះអាហ្នឹងយើងចាត់ការទៅតាមហ្នឹង” ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ