លាស់ យីន បាន​ត្រឹម​ស្មើជា​មួយថៃ

កីឡាករ​​​ជើង​ចាស់​ លាស់ យីននិងកីឡាករថៃ​

បើទោះជាការប្រកួតក្នុង៣ទឹកដំបូង គេកត់សម្គាល់ថាកីឡាករជើងចាស់ លាស់ យីន មានប្រៀបទៅលើកីឡាករថៃយ៉ាងណាក៏ដោយ ក៏លទ្ធផលចុងក្រោយបានត្រឹមតែស្មើពិន្ទុជាមួយកីឡាករថៃប៉ុណ្ណោះ បន្ទាប់ពីថៃក៏ប្រឹងសម្រុកតបវិញ។ គូនេះមានឆាកប្រយុទ្ធស្វិតស្វាញនិងក្ដៅគគុកយ៉ាងខ្លាំងតាំងពីទឹកទី១រហូតដល់ទឹកចុងក្រោយ។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៨ ឧសភា នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកស្នេហាកីឡាប្រដាល់។ ជាពិសេសក្នុងពេលឆាកប្រយុទ្ធរវាងកីឡាករកម្ពុជា លាស់ យីន មកពីក្លិបសំរ៉ែករាជសីហ៍និងកីឡាករថៃ Pravit ចាប់ផ្ដើម គឺអាចនិយាយបានមិនមានអ្នកទស្សនាដោយផ្ទាល់ណាម្នាក់មិនលោតកញ្ឆេងតាមចង្វាក់នៃការប្រកួតរបស់ពួកគេនោះឡើយ។ បើកឆាកចូលទី១ភ្លាម កីឡាករថៃស្ទុះវាយសម្រុកធ្វើឲ្យកីឡាករកម្ពុជាបាក់មុខតែម្ដង ហើយកីឡាករលាស់ យីន សឹង មិនមានឱកាសវាយចួលវិញឡើយនៅក្នុងទឹកទីនេះ។ ចូលដល់ទឹកទី២ កីឡាករកម្ពុជាមានការវាយប្ដូរខុសពីមុន ហើយកែងរបស់គេក៏ធ្វើឲ្យកីឡាករថៃគេចមិនផុតផងដែរ។ អ្នកទស្សនាស្ទើរមួយចំហៀងសង្វៀន នាំគ្នាទះដៃ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពឹងនៅពេលកីឡាករថៃបានក្លាយជាបាវសាក់របស់ភាគីខាងកម្ពុជាវិញនោះ។ ក្នុងទឹកទី៣ គេរឹតតែមើលឃើញពីការចាញ់ប្រាប់របស់កីឡាករ Pravit  បើទោះជាគេប្រឹងទាត់ផងនិងវាយប្ដូរដោយប្រើកែងផង។ កីឡាករលាស់ យីន នៅសង្កត់ក្បាលទូកបានល្អនៅក្នុងទឹកនេះ ដោយឈានចូលដល់ទឹកទី៤ គេនៅតែល្អដដែល ដោយបានធ្វើឲ្យអ្នកទស្សនាភាគច្រើនយល់ថាលទ្ធផលចុងក្រោយគឺនឹងឈ្នះកីឡាករថៃនោះផង។ ប៉ុន្តែផ្ទុយពីការរំពឹងទុកនៅចុងទឹកទី៤និងពេញមួយទឹកទី៥ កីឡាករថៃបែរជាមានឱកាសស្ដារដើមឡើងវិញ ដោយកីឡាករលាស់ យីន ត្រូវយ៉ាងដំណំតែម្ដងនៅក្នុងទឹកចុងក្រោយដែលជាទឹកបិទគូទនោះ។ កណ្ដាប់ដៃនិងកែង របស់លាស់ យីន ដែលវាយបំបុកទៅលើកីឡាករថៃពេញរយៈពេល២ទឹក ត្រូវគេមើលឃើញថាត្រូវសងតែមួយទឹកទី៥របស់កីឡាករ Pravitប៉ុណ្ណោះ។ អ៊ីចឹងហើយទើបលទ្ធផលបញ្ចប់ការប្រកួតគឺកីឡាករកម្ពុជាបានត្រឹមតែស្មើពិន្ទុជាមួយគូប្រកួត បើទោះជានៅកណ្ដាលការប្រកួតគេសឹងនឹងគ្រប់គ្រងស្ថានការជោគជ័យបាន១០០ភាគរយ។

កីឡាករជើងចាស់ លាស់ យីននិងកីឡាករថៃ
កីឡាករជើងចាស់ លាស់ យីននិងកីឡាករថៃ

លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានយល់ឃើញថាកីឡាករលាស់ យីន នៅតែមានថ្វីដៃល្អនៅពេលប៉ះកណ្ដាប់ដៃជាមួយកីឡាករ Pravit។ យ៉ាងណាមិញ លោកថាកីឡាករកម្ពុជារូបនេះហាក់មិនមានកម្រិតវាយប្រកួតនឹងដៃនោះទេ ដោយក្នុងពេលខ្លះ គឺលោកដាក់កីឡាករកម្រិតអត់ជាង Pravit ដាច់ឆ្ងាយ ប៉ុន្តែបែរជាចាញ់ទៅវិញ។ លោកនិយាយថា«សម្រាប់ខ្ញុំ អត់គិតថាលាស់ យីន អាចប្រកួតល្អចឹងទេ ព្រោះ Pravit វាខ្លាំង ខ្ញុំថាលាស់ យីន បើប្រកួតបានតាប៉ុណ្ណឹងគ្រប់ពេលផ្គូរផ្គង គឺពិតជាឡើងដូចដើម!»។ លោកថាកីឡាករកម្ពុជាលាស់ យីន មានការប្រែប្រួលសមត្ថភាពខុសពីពេលល្បីខ្លាំងច្រើន ប៉ុន្តែផ្អែកតាមលទ្ធផលដែលអាចយកស្មើជាមួយកីឡាករ Pravit ហើយថែមទាំងមានកម្រិតប្រកួតឈ្នះប្រៀបលើកីឡាករថរូបនេះស្ទើរតែពេញ៣ទឹកទៀតនោះ លោកថាលាស់ យីន មានសមត្ថភាពប្រសើរឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ