វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលបង្រ្កាបយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស?

នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ​ចន្ទ

បន្ទាប់ពីតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នមន្ត្រីសិទ្ធិមនុស្សអាដហុកនៅពន្ធនាគារព្រៃសនោះ អង្គការសង្គមស៊ីវិល អ្នកមានជម្លោះដីធ្លី និងព្រះសង្ឃផងបានប្រកាសធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅប្រឆាំងនឹងការឃុំខ្លួននេះ។

យុទ្ធនាការនោះក្រុមអង្គការសង្គមស៊ីវិលប្រកាសឲ្យពលរដ្ឋអាចចូលរួមដោយគ្រាន់តែពួកគេពាក់អាវខ្មៅរៀងរាល់ថ្ងៃចន្ទ នៅកន្លែងធ្វើការ កន្លែងលក់ដូរ ឬនៅគេហដ្ឋានជាដើម។

សង្គមស៊ីវិលបានអះអាងថា យុទ្ធនាការនោះជាការតស៊ូមតិដោយសន្តិវិធីបង្ហាញទៅរដ្ឋាភិបាលថា អ្នកដែលបានពាក់អាវពណ៌ខ្មៅជាអ្នកមិនពេញចិត្តទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលដែលបានចាប់មន្ត្រីសិទ្ធិមនុស្សឃុំខ្លួនទាំងអយុត្តិធម៌។

ម្យ៉ាងវិញទៀតពួកគេថាយុទ្ធនាការពាក់អាវពណ៌ខ្មៅនោះក៏ជាសារបង្ហាញថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ប៉ុន្តែសម្រាប់មន្ត្រីសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលវិញបានចាត់ទុកយុទ្ធនាការរបស់ក្រុមអង្គការសង្គមស៊ីវិលនោះថា  ចង់បង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃក៏បានចេញលិខិតព្រមានចាត់វិធានការអ្នកធ្វើយុទ្ធនាការនោះ ដោយបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដែលក្រសួងថា ដើម្បីអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់សំដៅថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

នៅថ្ងៃចាប់ផ្តើមយុទ្ធនាការនេះ មន្ត្រីសិទ្ធិមនុស្សពីររូបទៀតមាននាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម និងនាយករងអង្គការលីកាដូ លោក ថាវ គឹមសាន និងសកម្មជនដីធ្លីមួយចំនួនទៀតត្រូវកម្លាំងចម្រុះរបស់រដ្ឋាភិបាលចាប់ខ្លួន ខណៈដែលពួកគេឃ្លាំមើលការតវ៉ាមួយនៅមុខពន្ធនាគារព្រៃសនាថ្ងៃទី៩ខែឧសភានេះ។

តើមានកត្តាអ្វីខ្លះជំរុញឲ្យរដ្ឋាភិបាលបង្ក្រាបយុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនេះ?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថាបើពិនិត្យពីវិធានការច្បាប់លោកថារដ្ឋាភិបាលធ្វើត្រូវ តែលោកថា បើពិនិត្យមើលពីស្មារតីរដ្ឋធម្មនុញ្ញលោកថា សេរីភាពបញ្ចេញមតិត្រូវបានរឹតត្បិតមិនដូចទៅនឹងអ្វីដែលមានធានាដោយរដ្ឋធម្មនុញ្ញ។

លោក ឯម សុវណ្ណារ៉ា វិភាគថាវិធានការរដ្ឋាភិបាលនៅពេលនេះគឺខ្លាចយុទ្ធនាការនោះជំរុញឲ្យកម្លាំងមហាជនកក្រើកឡើង ប្រឆាំងភាពអយុត្តិធម៌សង្គមនិងភាពអសកម្មខ្លះទៀតដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយបាន។

លោកថា៖ “ពីព្រោះមានការភ័យបារម្ភដែរនៅពេលជួបឬក៏ហៅថារលកកម្លាំងយុវជនខាងទាមទារសេរីភាពឬក៏អង្គការរដ្ឋាភិបាលគេទាមទារមានការគាំទ្រពីអន្តរជាតិនឹងធ្វើឲ្យកម្លាំងឬរលកប្រជាធិបតេយ្យចេញពីកម្លាំងយុវជនអាចងើបឡើង”។

លោក ឯម សុវណ្ណារ៉ា វិភាគដែរថាវិធានការរបស់រដ្ឋាភិបាលអាចព្រួយបារម្មណ៍ខ្លាំងផងដែរពីយុទ្ធនាការនេះអាចនឹងក្លាយជាបក្សដិវត្តន៍ពណ៌ដូចប្រទេសមួយចំនួនរួមទាំងអារ៉ាប់ផង ដែលចលនាមហាជនអាចបណ្តេញឲ្យមេដឹកនាំកាន់អំណាចដ៏យូរចុះចេញពីតំណែងបាន។

ប៉ុន្តែអ្នកវិភាគរូបនោះពន្យល់ពីការដឹកនាំមួយបែបប្រជាធិបតេយ្យដែលលោកថាបក្សដិវត្តន៍ពណ៌មិនមែនជាឧបសគ្គដែលរដ្ឋាភិបាលត្រូវភ័យខ្លាចនោះទេ។

លោក ឯម សុវណ្ណារ៉ា លើកឡើងថាបើតាមការឲ្យនិយមន័យរបស់រាជបណ្ឌិតសភា បក្សដិវត្តន៍ពណ៌មានន័យថាធ្វើឲ្យមហាជនជ្រួតជ្រាបនូវមនោគមន៍វិទ្យានិងតម្លៃវប្បធម៌ថ្មីលើមូលដ្ឋាននិងការសិក្សាតិះតៀនវប្បធម៌អតីតកាល។

ប៉ុន្តែអ្នកវិភាគរូបនោះគិតថាអ្វីដែលរដ្ឋាភិបាលភ័យខ្លាចនៅពេលនេះគឺថាបើការបង្ក្រាបកាន់តែខ្លាំងទៅៗគ្មានទីបញ្ចប់ចលនាតស៊ូមតិកាន់តែកក្រើក លោកថានោះអ្នកកាន់អាវុធដែលមានបងប្អូនឬសាច់ញាតិជាអ្នករងគ្រោះឬអ្នកដែលត្រូវរដ្ឋាភិបាលចាប់ដាក់គុក ទ្រាំលែងបានតតាំងនិងរដ្ឋាភិបាលវិញក៏ថាបាន។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក សូ ចន្ថា វិភាគថាអ្វីដែលរដ្ឋាភិបាលព្យាយាមបង្ក្រាបយុទ្ធនាការ របស់សង្គមស៊ីវិលប្រឆាំងនឹងការឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនៅពេលនេះ លោកថារដ្ឋាភិបាលទំនងជាចង់បិទមាត់សង្គមស៊ីវិលមិនឲ្យលើកយកបញ្ហាសង្គមនានាដូចជាអំពើពុករលួយ ភាពអត់ការងារធ្វើ ការធ្វើច្បាប់ររំលោភរដ្ឋធម្មនុញ្ញ បញ្ហាព្រំដែនជាដើម និងឲ្យមហាជនដឹង  ដែលលោកថាដើម្បីបន្តគ្រប់គ្រងអំណាចបន្តទៀត។

លោកថា៖ “មកដល់ពេលនេះយើងឃើញថាគោលដៅដែលរដ្ឋាភិបាលធ្វើគឺដើម្បីរក្សានូវអំណាចរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខតែប៉ុណ្ណោះ ដូច្នេះចង់មិនចង់ រដ្ឋាភិបាលបានប្រើរួចទៅហើយដោយគ្មានជម្រើសអ្វីក្រៅពីចាប់អ្នកទាំងអស់នោះដើម្បីរក្សាសន្តិសុខនិងសន្តិភាពជាដើមនោះ។ អញ្ចឹងគោលដៅតែមួយគត់គឺចង់រក្សាអំណាច ប៉ុន្តែវាផ្ទុយពីដំណើរការប្រជាធិបតេយ្យ”។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា ហៅវិធានការនេះថានឹងមិនបានផលដូចការគិតទុករបស់បក្សកំពុងគ្រប់គ្រងអំណាចទេ បើកម្លាំងតវ៉ានៅតែបន្តកក្រើកឡើងនោះ។

លោកថា៖ “ឧទារហណ៍ថាបើចាប់ប៉ុណ្ណឹង វាបាត់វាមិនអីទេ បើចាប់សកម្មជនប៉ុន្មានអ្នកហ្នឹងហើយសកម្មជនប៉ុន្មានអ្នកនាក់ទៀតរាប់រយរាប់ពាន់នាក់ទៀត តើស្ថានភាពវានៅតែដដែល វាមិនអាចទេ បើសិនបំភ័យគេទៅគេភ័យមិនអីទេ ចុះបើគេមិនភ័យទេធ្វើម៉េចវិញអញ្ចឹងបញ្ហាវាកើតឡើង។ អញ្ចឹងទេជម្រើសនៃការចាប់នេះឯងមិនមែនជារឿងល្អទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្វីដែលល្អបំផុត អាជ្ញាធរដែលមានសមត្ថកិច្ចឬក៏រដ្ឋាភិបាលហ្នឹងត្រូវយកបញ្ហាហ្នឹងមកពិចារណា និងរកដំណោះស្រាយ”។

បើតាមអ្នកវិភាគអ្វីដែលរដ្ឋាភិបាលព្យាយាមបង្ក្រាបមន្ត្រីសង្គមស៊ីវិលដែលកំពុងធ្វើការលើកស្ទួយសិទ្ធិមនុស្សដោយសារសង្គមស៊ីវិលធ្វើការជំរុញឲ្យមានយុត្តិធម៌សង្គម អភិបាលកិច្ច ជាដើម។

ចំណែកបក្សប្រឆាំងវិញបានយកបញ្ហាពុករលួយ តុលាការមិនឯករាជ្យ ភាពអត់ការងារធ្វើ បញ្ហាព្រំដែន ទៅវាយបកបក្សកាន់អំណាច ដើម្បីទាញប្រជាប្រិយភាព។

ករណីនេះអ្នកវិភាគថាទិសដៅរបស់អង្គការសង្គមស៊ីវិលនិងបក្សប្រឆាំងធ្វើឲ្យបក្សកាន់អំណាចមើលទៅហាក់កំពុងធ្វើសកម្មភាពក្នុងទិសដៅតែមួយ។

ទោះជាយ៉ាងណាអ្នកវិភាគគិតថា បើមានពលរដ្ឋមិនភ័យខ្លាចការគំរាមរបស់រដ្ឋាភិបាល ហើយមានអ្នកចូលរួមកាន់តែច្រើនក្នុងយុទ្ធនាការនេះ ពួកគេថារដ្ឋាភិបាលអាចនឹងពិចារណាតាមការទាមទាររបស់សង្គមស៊ីវិល។

យ៉ាងណាក៏ដោយអ្នកវិភាគគិតថា បើអ្នកតវ៉ាគ្រាន់តែស្លៀកពាក់ពណ៌ខ្មៅធ្វើយុទ្ធនាការតស៊ូមតិដោយសន្តិវិធី ហើយការបង្ក្រាបនិងការចាប់ខ្លួនអ្នកតវ៉ានូវតែបន្តកើតមាន អ្នកវិភាគថាវិធានការនោះបង្ហាញថាប្រជាធិបតេយ្យនៅកម្ពុជាបានដើរដល់ចំនុចគ្រោះថ្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ