ផលិតករកុន​ស្វាគម​ន៍ការហក់​ឡើងតម្លៃ​ខ្លួនតារា

សកម្មភាព​​​​​សម្ពោធ​រឿង​​​«​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព»

ខុសពីផលិតករមួយចំនួន ដែលរិះគន់ពីការឡើងថ្លៃរបស់តារាសម្ដែង ផលិតករប្រចាំផលិតកម្មល្បីឈ្មោះ២រូបបានយល់ស្របថាការដំឡើងថ្លៃខ្លួនរបស់តារាខ្មែរគឺជារឿងត្រឹមត្រូវ។ បរិយាកាសថ្មីនេះ អ្នកជំនាញដដែលបានអះអាងថានឹងធ្វើឲ្យវិស័យភាពកាន់តែប្រសើរ និងមានមានស្ដង់ដារគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងនោះផង។

ក្នុងពិធីសម្ពោធរឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»កាលពីយប់ថ្ងៃទី៩ ឧសភា លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Picture បានអះអាងថាតម្លៃខ្លួនរបស់តារាសម្ដែងគ្រប់រូបសុទ្ធតែបានកំណត់ថ្មី បើធៀបនឹងឆ្នាំ២០១៥។ លោកថាសូម្បីតែតួអង្គដែលទើបនឹងមានកេរ្តិ៍ឈ្មោះបោះសំឡេង ក៏បានប្រកាន់ជំហរមិនចង់ទទួលថតក្នុងតម្លៃដដែលដែលធ្លាប់ផ្ដល់ឲ្យនោះដែរ។ ប៉ុន្តែលោកថានោះជារឿងត្រឹមត្រូវដើម្បីឲ្យតារាសម្ដែងកាន់តែមានទឹកចិត្ត ហើយគុណភាពសម្ដែងរបស់ពួកគេមានការរីកចម្រើន។ លោកនិយាយថា៖ “ការពិតតារាយើងឥឡូវអ្នកណាក៏ឡើងថ្លៃដែរ ដោយសារតែគាត់ចំណាយលើស្អីៗមិនថាសម្លៀកបំពាក់ មិនថាម៉ាកយ៉េអីអស់ហ្នឹងវាច្រើន ប៉ុន្តែសម្រាប់ខ្ញុំក្នុងនាមជាផលិតករមួយរូបខ្ញុំថាវាអត់ចោទទេ ព្រោះបើយើងឲ្យគាត់តម្លៃដដែលៗក៏វិស័យភាពយន្តយើងពិបាកទៅមុខដែរ ព្រោះធម្មតាអ្នកមានសមត្ថភាព ហើយគាត់មានបទពិសោធន៍គឺគួរតែឲ្យតម្លៃគាត់ល្អជាងមុនហើយ ដើម្បីឲ្យតារាយើងគាត់ខំប្រឹង សម្រាប់ខ្ញុំគឺពួកគាត់គួរតែត្រូវបានដំឡើង!”។ លោកលើកឧទាហរណ៍ថា ក្នុងរឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»ដែលលោកសម្រេចដាក់បញ្ចាំងផ្លូវការ គឺស្ទើរមិនមានតារាសម្ដែងណាមួយដែលមិនបានកំណត់តម្លៃថ្មីនោះទេ ដែលលោកយល់ថាភាពយន្តមួយបើចង់ឲ្យល្អគឺលុះត្រាតែតួមានគុណភាពគ្រប់គ្រាន់ ដែលលោកសំដៅលើតួដែលមានតម្លៃសម្ដែងខ្ពស់នេះឯង។ លោកនិយាយថា៖ “ជាទូទៅរឿងខ្ញុំផលិតមួយៗមានអ្នកទស្សនាមិនក្រោម៧៨ម៉ឺននាក់ទេ សួរថាហេតុអ្វីអ្នកមើលគាត់ទទួលយក គឺដោយសារតែខ្ញុំហ៊ានយកតួថ្លៃៗមកថតហ្នឹង ជាក់ស្ដែងសូម្បីក្នុងរឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»ហ្នឹងខ្ញុំនៅតែរំពឹងថាអត់ក្រោមហ្នឹងទេ ដោយសារក្រាហ្វិកយើងខ្លាំង ហើយជារឿងទី១ដែលយើងធ្វើឡើងដើម្បីលើកតម្លៃជនពិការនិងជារឿងដែលមានឈុតឆាកកំសត់ លាយកំប្លែងដែលសូម្បីពេលខ្ញុំយកទៅឆ្លងក៏មានការសរសើរ!”។

លោក ឌៀប សុវណ្ណារ៉ា(អាវស) និងលោក លៀក លីដា   
លោក ឌៀប សុវណ្ណារ៉ា(អាវស) និងលោក លៀក លីដា

យោងតាមការបញ្ជាក់មុនៗ លោកលៀក លីដា បានអះអាងថាតួឯកកក្នុងរឿងរបស់លោកទទួលបានតម្លៃខ្លួនចន្លោះពីជាង៣ពាន់ទៅជាង៤ពាន់ដុល្លារ ដោយតួរាយរងក៏ទទួលបានតម្លៃខ្លួនមិនក្រោមពាន់ដុល្លារនោះដែរ។ លោកថាតម្លៃខ្លួនប្រសើរឡើងរបស់តារាសិល្បៈ នឹងធ្វើឲ្យវិស័យភាពយន្តមានជំហានរីកចម្រើនហើយលោកក៏មើលឃើញថាតារាម្នាក់ៗមិនបានកំណត់តម្លៃថ្មីហួសហេតុ នាំឲ្យគ្មានអ្នកហ៊ានហៅថតនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ លោក ឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្ម Red Picture  ដែលជាផលិតកម្មធំមួយដែរ បានអះអាងថាបញ្ហាតម្លៃខ្លួនឡើងថ្លៃរបស់តារាមិនមែនរឿងត្រូវខ្វល់នោះទេ ប៉ុន្តែអ្វីដែលខាងផលិតករត្រូវគិតគឺរឿងសមត្ថភាពនិងប្រជាប្រិយភាពរបស់តារារូបនោះទៅវិញទេ។ លោកថាផលិតករនិងតួសម្ដែងត្រូវតែចែកគ្នារស់ ដោយមិនមែនអ្នកមើលកើនឡើង វិស័យភាពមានភាពប្រសើរឡើង ហើយផ្ដល់កម្រៃឲ្យតួមិនសមនឹងការប្រឹងប្រែងរបស់ពួកគេនោះឡើយ ជាពិសេសចំពោះតារាល្បីដែលមានសមត្ថភាព។

កញ្ញាម៉ាក់ សែន សូនីតា បានអះអាងថាក្នុងរឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»រូបនាងទទួលបានតម្លៃខ្លួនខ្ពស់បើធៀបនឹងរឿងមុនៗ ដោយសារតែខាងផលិតករហាក់មិនសាញនឹងការកំណត់តម្លៃថ្មី។ នាងនិយាយថា៖ “ផលិតកម្មខ្លះគាត់នៅតែចង់ឲ្យថោកសម្រាប់ការសម្ដែង ប៉ុន្តែLD ខ្ញុំឃើញគាត់អត់សូវសាញរឿងហ្នឹងទេ ចឹងហើយទើបពេលថតរឿងនាយខ្វាក់នាយខ្វិនឆ្លងភព ខ្ញុំអត់ហ៊ានទទួលថតរឿងផ្សេងនាំប៉ះថ្ងៃដែលគាត់ត្រូវថតទេ ដើម្បីកុំឲ្យគាត់ពិបាក តែខ្ញុំឃើញតារាខ្លះធ្វើបាបផលិតករមែនទែន គឺមកថតមិនដែលត្រូវម៉ោងទេ ដោយសារតែរឿងផលិតករគាត់ឲ្យថោក ហើយតួមកថតរបៀបយោគយល់ៗហ្នឹង!”។ នាងថាបញ្ហាតម្លៃខ្លួនកើនឡើង នឹងជួយធ្វើឲ្យផលិតករមានទឹកមាត់ប្រៃគ្រប់គ្រាន់ជាមួយតួសម្ដែង ហើយក៏ធ្វើឲ្យតារាខ្លួនឯង មិនហ៊ានទទួលរឿង៣៤ក្នុងពេលតែមួយ បង្កផលវិបាកធ្វើឲ្យការសម្ដែងមិនមានស្ដង់ដារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ