បទយកការណ៍៖ និស្សិតមួយចំនួនព្រួយបារម្ភពីឱកាស​​ការងារពេលបញ្ចប់ការសិក្សា

របាយការណ៍ស្ដីពីការវិភាគស្ថានភាពការងារយុវជនថ្នាក់ជាតិនិងតំបន់របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនឲ្យដឹងថាអត្រាយុវជនដែលគ្មានការងារធ្វើនៅកម្ពុជាមានគឺ២.៤ភាគរយ បើប្រៀបធៀបទៅនឹងយុវជនដែលគ្មានការងារធ្វើនៅលើពិភពលោកមានចំនួន១៣ភាគរយ។ ជាមួយគ្នានេះយុវជនដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រមួយចំនួនបានបង្ហាញការព្រួយបារម្ភពីការស្វែងរកឱកាសការងារនៅពេលដែលពួកគេបញ្ចប់ការសិក្សា។ ការព្រួយបារម្ភនេះដោយសារតែកម្លាំងពលកម្មអាស៊ាននឹងហូរចូលទីផ្សារការងារកម្ពុជា ហើយយុវជនកម្ពុជាខ្លួនឯងមិនទាន់ត្រៀមខ្លួនចាប់យកឱកាសការងារនៅឡើយ។

ក្នុងវេទិកាយុវជនស្ដីពីសក្ដានុពលទីផ្សារការងារក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ានសម្រាប់យុវជនដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននៅថ្ងៃទី០៨ឧសភាដោយមានយុវជនចូលរួមប្រមាណជាង៣០០នាក់។ និស្សិតមួយចំនួនដែលចូលរួមបានលើកឡើងថាពួកគេមានការព្រួយបារម្ភពីឱកាសការងារ ដោយសារពួកគេភាគច្រើនថាការអប់រំនៅកម្ពុជានៅមានកម្រិតដូចជាបញ្ហាភាសាបរទេសនិងការទំនាក់ទំនងជាដើម។

កំពុងឈរបរិភោគអាហារសម្រន់និងជជែកជាមួយនឹងមិត្តភក្ដិ និស្សិតសកលវិទ្យាល័យស៊ីតិចម្នាក់ដែលចូលរួមក្នុងកម្មវិធីនេះបានលើកឡើងថាកញ្ញាមានការព្រួយបារម្ភក្នុងការចាប់យកឱកាសការងារពេលបញ្ចប់ការសិក្សា ព្រោះកញ្ញាថាមិនទាន់មានបទពិសោធន៍អ្វីឲ្យត្រូវជំនាញដែលរៀនៅឡើយ។ កញ្ញាបន្ថែមថាការសិក្សាអប់រំរបស់យុវជនកម្ពុជានៅមានកម្រិតធ្វើឲ្យយុវជនខ្លះខ្វះការជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការស្វែងរកការងារ។

កញ្ញានិយាយថា៖ ឱកាសការងារនេះខ្ញុំគិតថាវាជាបញ្ហាប្រឈមខ្លាំង តែសំរាប់អ្នកដែលមិនសូវមានសមត្ថភាព ព្រោះគិតថាពេលរៀនចប់ទៅមិនដឹងថាទៅធ្វើការងារអ្វីឲ្យគេកើត អត់ឲ្យតម្លៃខ្លូនឯងព្រោះគិតថាខ្លួនឯងអត់មានសមត្ថភាព ប៉ុន្តែអត់ហ៊ានដើរទៅមុខអត់ហ៊ានប្រលូកក្នុងឱកាសការងារហ្នឹង។ យុវជនខ្លួនឯងនៅតែគិតថាធ្វើការមិនកើតអាហ្នឹងសម្រាប់ខ្ញុំដឹង

កំពុងអង្គុយជជែកជាមួយនឹងមិត្តភក្តិ និស្សិតម្នាក់ឆ្នាំទី១នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបយុវជន នន រ៉ាឌូ និយាយថាបញ្ហាប្រឈមរបស់យុវជនកម្ពុជាដែលមិនអាចប្រកួតប្រជែងជាមួយយុវជនក្នុងតំបន់បានគឺសមត្ថភាពនិងការទំនាក់ទំនង។ យុវជនរាងស្គមសម្បុរស្រអែមរូបនោះក៏បង្ហាញការព្រួយបារម្ភថា បើនៅពេលខាងមុខកម្លាំងពលកម្មការងារប្រទេសអាស៊ានមកកាន់កម្ពុជាច្រើន នោះយុវជនកម្ពុជានឹងបាត់បង់ឱកាសការងារល្អៗ។

និស្សិតរូបនោះនិយាយថា៖ ខ្ញុំមានការព្រួយបារម្ភចំពោះការងារនៅពេលអនាគតមានលំហូរចូលច្រើនពីខាងបរទេសអញ្ចឹងធ្វើឲ្យយុវជនយើងអត់មានឱកាសការងារល្អសម្រាប់កម្ពុជា។ យុវជនកម្ពុជាយើងមានការងារដែរ តែត្រឹមជាបុគ្គលិកតូចៗប្រាក់ខែតិចប៉ុណ្ណោះ

និស្សិតរៀនផ្នែកអក្សរសាស្រ្តអង់គ្លេសរូបនេះបន្ថែមថាខ្លួននឹងចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងនិងស្វែងរកបទពិសោធន៍ការងារដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយយុវជនក្នុងតំបន់ផងដែរ។

រាងតូចបន្តិចសម្បុរស្រអែមនិស្សិតឆ្នាំទី៣ រៀន២ជំនាញក្នុងពេលតែមួយគឺផ្នែកសង្គមវិទ្យានិងអក្សរសាស្រ្តអង់គ្លេសម្នាក់ កញ្ញា ភ សុវណ្ដា ប្រាប់ថាកញ្ញាមានការព្រួយបារម្ភចំពោះឱកាសទទួលបានការងារធ្វើ ក្រោយពេលបញ្ចប់ការសិក្សា។ កញ្ញាបន្ថែមថាការព្រួយបារម្ភនេះ ដោយសារកញ្ញាមិនទាន់ត្រៀមគ្រប់គ្រាន់ ដើម្បីចាប់អាជីពការងារដែលខ្លួនស្រលាញ់ ហើយជំនាញនិងចំណេះដឹងនៅមានកម្រិត។

កញ្ញាបន្ថែមថា៖ តាមជាក់ស្ដែងខ្ញុំឃើញថាមានផលប៉ះពាល់ពេលអាស៊ានចូលមក ដោយសារតែជាក់ស្ដែងយុវជនអត់ទាន់មានចំណេះដឹងខ្លាំងទេ ហើយមួយទៀតទាក់ទងជាមួយជំនាញរបស់គាត់។ ការរៀនអត់ស្របនឹងជំនាញដែលគាត់ស្រឡាញ់ រៀនទាំងបង្ខំដល់ពេលឱកាសអាស៊ានចូលមកដល់គាត់រៀបចំខ្លួនអត់ទាន់អញ្ចឹងវាជាហានិភ័យមួយ

បើតាមរបាយការណ៍ស្ដីពីការវិភាគស្ថានភាពការងារយុវជនថ្នាក់ជាតិនិងតំបន់របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនចេញផ្សាយសម្រាប់ឆ្នាំ២០១៥ឲ្យដឹងថាយុវជនធ្វើការនៅប្រទេសកម្ពុជាមានចំនួនជិត៤លាននាក់ ហើយក្នុងនោះមាន៤៥.១០ភាគរយធ្វើការផ្នែកកសិកម្ម ព្រៃឈើ និងនេសាទ។ ចំណែកយុវជនដែលមានការងារធ្វើតាមជំនាញច្បាស់លាស់ផ្សាភ្ជាប់ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស មានប្រមាណតែ៤.៧ភាគរយតែប៉ុណ្ណោះ។

របាយការណ៍ដដែលឲ្យដឹងថាអត្រាយុវជនដែលគ្មានការងារធ្វើនៅកម្ពុជាមានចំនួនគឺ២.៤ភាគរយ បើប្រៀបធៀបទៅនឹងចំនួនយុវជនដែលគ្មានការងារធ្វើនៅលើពិភពលោកមានចំនួន១៣ភាគរយ។

នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនលោក ជាង សុខា មានប្រសាសន៍ថាកម្ពុជាប្រទេសកម្ពុជាមានធនធានតិចតួចណាស់ក្នុងការប្រកួតប្រជែងការងារជាមួយប្រជាជនក្នុងតំបន់អាស៊ានព្រោះរដ្ឋាភិបាលមិនទាន់មានគោលនយោបាយក្នុ្ងងការផលិតធនធានមនុស្សឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ លោកបន្ថែមថាកត្តាមួយទៀតក៏បណ្ដាលមកពីតម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជាទាបទើបធ្វើឲ្យយុវជនមួយចំនួនធំមិនចង់ធ្វើការពេលពួកគេបញ្ចប់ការសិក្សា។

លោកបន្ថែមថា៖ អ្វីដែលសំខាន់គឺកំលាំងពលកម្មរបស់យើងទេ ដែលអត់មានជំនាញគ្រប់គ្រាន់ទៅចាប់យកទីផ្សារហ្នឹង អាហ្នឹងមួយផ្នែក មួយផ្នែកទៀតទីផ្សារការងារមានតែតំលៃកម្លាំងពលកម្មទាប ដល់តម្លៃពលកម្មទាបចឹងធ្វើឲ្យអ្នកអត់ការងារធ្វើច្រើន។ ព្រោះគាត់អត់ចង់ធ្វើ ឧទាហរណ៍គាត់ធ្វើការបានមួយថ្ងៃ១ម៉ឺនទៅ១៥០០០រៀល ខណៈដែលតម្លៃទំនិញទីផ្សារខ្ពស់អញ្ចឹងធ្វើការបែបហ្នឹងគាត់អត់ចង់ធ្វើ ដូច្នេះបង្ហាញកាន់តែច្បាស់ថាស្រុកខ្មែរមានការងារតិចតួច

ក្នុងវេទិកាយុវជននោះក៏មានការធ្វើបទបង្ហាញពីស្ថានភាពទីផ្សារការងារនៅកម្ពុជានិងវិធានការដោះស្រាយរបស់រដ្ឋាភិបាលផងដែរ។

អនុប្រធានផ្នែកប្រមូលនិងផ្សព្វផ្សាយព័ត៌មាននៃទីភ្នាក់ងារជិតមុខរបរនិងការងារនៃក្រសួងការងារលោក គង់ សម្បត្តិ ធ្វើបទបង្ហាញលើកឡើងថាទីផ្សារការងារនៅកម្ពុជាមានការកើនឡើងច្រើនទាំងគ្រប់វស័យជារៀងរាល់ឆ្នាំសម្រាប់ជាតម្រូវការរបស់យុវជនពេលបញ្ចប់ការសិក្សា។ លោកក៏ជំរុញឲ្យយុវជនតាមដាននូវព័ត៌មានការងារនិងគោលនយោបាយរបស់រដ្ឋាភិបាលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀនជំនាញឲ្យត្រូវគោលដៅការងារ។

លោកលើកឡើងថា៖ដើម្បីទទួលបានឱកាសការងារយុវជនខ្លួនឯងហ្នឹងត្រូវក្ដាប់ឱកាសទីផ្សារការងារឲ្យបាន គោលនយោបាយរដ្ឋាភិបាលគាត់ដើរទៅណា វិស័យអាទិភាពឬការអភិវឌ្ឍរបស់សេដ្ឋកិច្ចជាតិទៅណា។ អញ្ចឹងយើងត្រូវក្ដាប់ព័ត៌មានឲ្យបាន ដើម្បីឲ្យយើងចាប់ជំនាញបាន ហើយនឹងសម្រេចនិងជ្រើសរើសក្រុមហ៊ុនណាដែលយើងចង់ធ្វើឲ្យច្បាស់លាស់

លោកបន្ថែមថាក្នុងមួយឆ្នាំម្ដងក៏មានការរៀបចំពិពណ៌ការងារថ្នាក់ជាតិ ដើម្បីឲ្យយុវជនបានជួបប្រឹក្សាយល់ជាមួយក្រុមនយោជកនិងចាប់យកឱកាសការងារផងដែរ។

ក្នុងបទបង្ហាញនោះលោក គង់ សម្បត្តិ ក៏លើកឡើងពីផែនការរបស់រដ្ឋាភិបាលក្នុងយុទ្ធសាស្រ្តអភិរឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ ដោយលើកកម្ពស់គុណភាពអប់រំនិងបង្កើនលទ្ធភាពទទួលបានការបណ្ដុះបណ្ដាលផងដែរ។

នាយកគ្រប់គ្រងដៃគូអាជីវកម្មអ៊ីនស្បាយអ៊ីន លោក យិម ពុទ្ធា លើកឡើងថាសមត្ថភាពយុវជនកម្ពុជាបច្ចុប្បន្ន មិនអាចប្រកួតប្រជែងជាមួយកម្លាំងពលកម្មក្នុងតំបន់ទេ ហើយទីផ្សារការងារក្នុងប្រទេសក៏ពួកគេជួបបញ្ហាប្រឈមដែរ។ លោកបន្ថែមថាដើម្បីទទួលបានការងារល្អនិងអាចប្រកួតប្រជែងជាមួយកម្លាំងពលកម្មក្នុងតំបន់អាស៊ានបាន យុវជនកម្ពុជាគួរតែពង្រឹងសមត្ថភាពរបស់ខ្លួន ពង្រឹងភាសាអង់គ្លេស និងជំនាញដែលគាត់កំពុងសិក្សាបន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ