លោក​សុះ ម៉ាច និង​​ដេនីក្វាន់ ​​យល់​ព្រមសម្រុះ​សម្រួល​គ្នា

​តារា​សម្ដែង​ស៊ិចស៊ី ដេនី ក្វាន់

បន្ទាប់ពីមានការផ្ទុះជម្លោះយ៉ាងក្ដៅគគុករវាងតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់និងតារាសិល្បៈល្បីៗឈ្មោះកាន់តែច្រើននៅក្នុងពិភពសិល្បៈ លោក សុះ ម៉ាច ក្នុងនាមជាប្រធានសមាគម បានអះអាងថាលោកនឹងធ្វើសន្និសីទកាសែតមួយនៅសប្ដាហ៍នេះ ឬដើមសប្ដាហ៍ក្រោយ ប្រមូលសំឡេងតារាសិល្បៈឲ្យបានច្រើនដាក់ញត្តិដើម្បីសុំឲ្យក្រសួងវប្បធម៌លុបឈ្មោះកញ្ញាដេនី ក្វាន់ ចេញពីបញ្ជីអ្នកសិល្បៈ ដោយអះអាងថានាងធ្វើឲ្យវប្បធម៌និងអរិយធម៌ខ្មែរមានការប៉ះពាល់ដោយការបង្ហោះរូបស៊ិចស៊ីដដែលជាដដែល។ ប៉ុន្តែនៅប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់លោក សុះ ម៉ាច គេឃើញភាគីនាងដេនី ក្វាន់ យល់ព្រមបន្ទន់ជំហរ ដែលនាំឲ្យភាគីទាំងពីរឈានដល់ដំណាក់កាលសម្រុះសម្រួលគ្នា។

លោក សុះ ម៉ាច បានប្រាប់VODថាដោយសារតែភាពស៊ិចស៊ីរបស់ដេនី ក្វាន់ ទើបបណ្ដាលឲ្យអ្នករិះគន់និងដេនី ក្វាន់ កើតមាននូវជម្លោះពាក្យសម្ដីយ៉ាងក្ដៅគគុកនៅលើហ្វេសប៊ុក ដែលនាំឲ្យក្រសួងវប្បធម៌មានការភ្ញាក់ផ្អើល។ លោកថាលោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ បានហៅទូរស័ព្ទមកលោកកាលពីរសៀលថ្ងៃទី១២ ឧសភា សុំឲ្យលោកដោះស្រាយរឿង ដេនី ក្វាន់ និងធ្វើចំណាត់ការផ្លូវការមួយស្នើមកក្រសួង ដើម្បីឲ្យក្រសួងសម្រេចដកនាងចេញពីបញ្ជីអ្នកសិល្បៈ។ លោកនិយាយថា៖ “ឥឡូវហ្នឹងខាងក្រសួង(ថៃ នរៈសត្យា)គាត់ឲ្យខ្ញុំដោះស្រាយជាមួយគាត់(ដេនី ក្វាន់)ជាបន្ទាន់ ហើយបើគាត់នៅតែមិនព្រមទទួលស្គាល់ថាទង្វើដែលគាត់បានធ្វើគឺជាបញ្ហាដែលនាំឲ្យមានការក្ដៅក្រហាយរវាងតារានិងតារាទេ គឺយើងនឹងធ្វើសន្និសីទកាសែតប្រមូលសំឡេងសុំឲ្យក្រសួងប្រកាសឈប់ទទួលស្គាល់គាត់ជាតារាសិល្បៈ និងកំណត់ឲ្យគ្រប់រឿង គ្រប់ស្ពតទាំងអស់ដែលគាត់បានថត មិនអាចចាក់ផ្សាយជាសាធារណៈបានដូចគ្នាចំណាត់កាលឆៃលី ដាឡែន រងការរិះគន់ចឹង!”។

តារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ក្នុងសម្លៀកបំពាក់ បុរាណ(រូបថតពីហ្វេសប៊ុក)
តារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ក្នុងសម្លៀកបំពាក់
បុរាណ(រូបថតពីហ្វេសប៊ុក)

លោកថាហេតុផលដែលនាំកើតជម្លោះ គឺបន្ទាប់ពីរូបស៊ិចស៊ីរបស់ដេនី ក្វាន់ ហើយបណ្ដាលឲ្យមានតារាសិល្បៈជាច្រើនលូកមាត់រិះគន់ រួចក៏មានការជេរប្រមាថដៀមដាមដាក់គ្នាកើតឡើង។ លោកថាសង្គ្រាមពាក្យសម្ដីលើបញ្ហានេះ កាន់តែក្ដៅខ្លាំងឡើងបន្ទាប់ពីលោក អ៊ឹម ជីវ៉ា និងអ្នកនាងម៉េង កែវពេជ្ជតា ធ្វើការរិះគន់ ហើយខាងដេនី ក្វាន់ ដៀមដាមវាយបកមកវិញ។ លោកថាតារាសិល្បៈបានរៀបគម្រោងរួចហើយ ក្នុងការចាប់ពួតដៃគ្នាដើម្បីធ្វើអោយដេនី ក្វាន់ មិនអាចបន្តប្រើឈ្មោះតារាសិល្បៈមកធ្វើអ្វីតាមចិត្តដូចដែលនាងបានធ្វើ។

យ៉ាងណាមិញ លោកសុះ ម៉ាច បានអះអាងថា បើដេនី ក្វាន់ សុខចិត្តសុំទោសជាសាធារណៈចំពោះការស្លៀកពាក់មិនសមភ្នែករបស់ខ្លួន ហើយថាខ្លួនតាំងចិត្តថាឈប់ធ្វើឲ្យខូចប្រពៃណីរបស់ខ្មែរបែបនេះបន្តទៀត នោះរឿងរ៉ាវទាំងមូលនឹងបានបញ្ចប់។

ឆ្លើយតបនឹងការទាមទាររបស់លោក សុះ ម៉ាច កញ្ញា ដេនី ក្វាន់បានប្រាប់VOD តាមទូរស័ព្ទថានាងព្រមធ្វើការសុំទោសតាមការចង់បានរបស់លោកសុះ ម៉ាច  ប៉ុន្តែបដិសេធមិនធ្វើការសុំទោសចំពោះសម្ដីម៉ាក់ងាយដែលនាងបានប្រើទៅកាន់តារាសិល្បៈណាម្នាក់ ឬបុគ្គលណាម្នាក់ នោះទេ ដោយសារតែនាងប្រាប់ថាបណ្ដាលមកពីបុគ្គលទាំងនោះប្រមាថមើលងាយចំពោះនាងមុន។ នាងនិយាយថា៖ “ការកំណត់របស់បងសុះម៉ាចខ្ញុំទទួល ខ្ញុំនឹងធ្វើការសុំទោសជាសាធារណៈពាក់ព័ន្ធនឹងការបង្ហោះរូបនិងការស្លៀកពាក់ស៊ិចស៊ីទាំងនោះ ប៉ុន្តែសម្រាប់ការសុំទោសអ្នកមើលងាយខ្ញុំអត់ទេ ព្រោះអ្នកទាំងហ្នឹងមិនមែនរិះគន់ក្នុងន័យស្ថាបនាទេ គឺដៀលខ្ញុំសុទ្ធតែមីសំផឹង មីស្រីលក់ក្ដិត មីថោកទាប មីបិសាចនេះមីបិសាចនោះ ហើយខ្ញុំសុំឲ្យពួកហ្នឹងមើលការរិះគន់របស់ខ្លួនឯងឡើងវិញ តើជាសម្ដីស្ថាបនាក្នុងនាមជាអ្នកសិល្បៈដូចគ្នា ឬជាប្រមាថមាក់ងាយ!”។ នាងបន្តថានឹងមិនមានការបង្ហោះរូបភាពស៊ិចស៊ីឬតុបតែងខ្លួនហួសហេតុដូចអ្វីដែលខ្លួនធ្វើទៀតហើយ ដោយសារតែនាងក៏មិនចង់អ្នកគាំទ្រខកចិត្តនិងមិនចង់ឲ្យមានការខូចឈ្មោះដល់តារាសិល្បៈដូចលោកសុះ ម៉ាច ស្នើសុំ។ នាងថានឹងបង្ហោះវីដេអូសុំទោសជាសាធារណៈនៅថ្ងៃទី១៣ ឧសភា ដោយក្នុងវីដេអូឃ្លីបនោះ ក្រៅពីការសុំទោសចំពោះភាពខុសឆ្គងពាក់ព័ន្ធនឹងការស្លៀកពាក់ នាងក៏ប្រកាសឈប់បញ្ចេញភាពស៊ិចស៊ីនាំឲ្យមានការរិះគន់ផងដែរ។ នាងនិយាយថា៖ “ការទាមទារបស់បងម៉ាចខ្ញុំធ្វើតាមទាំងអស់ ព្រោះខ្ញុំក៏ចង់បញ្ចប់នូវការរិះគន់ទាំងនោះដែរ!”។

លោក សុះ ម៉ាច
លោក សុះ ម៉ាច

លោកសុះ ម៉ាច បានបង្ហាញការអបអរសាទរចំពោះជំហរទទួលខុសរបស់នាងដេនី ក្វាន់  និងបានថ្លែងថាបើនាងពិតជាហ៊ានសុំទោស ក៏ដូចជាកែប្រែទម្លាប់ស៊ិចស៊ីហួសហេតុពិតមែន នោះគឺជាអ្វីដែលខាងសមាគមនិងក្រសួវប្បធម៌សប្បាយចិត្ត។ លោកនិយាយថា៖ “មនុស្សយើងអត់មានអ្នកណាមិនខុសទេ សំខាន់ហ៊ានទទួលស្គាល់ ព្រោះខ្ញុំគិតថាដេនី ក្វាន់ គាត់ក៏ជានារីខ្មែរម្នាក់ដែរ ចឹងពិតជាស្គាល់ថាអ្វីល្អ អ្វីអាក្រក់ ខ្ញុំស្វាគមន៍ចំពោះការផ្លាស់ប្ដូររបស់គាត់ ហើយខ្ញុំសង្ឃឹមថាអ្នកចង់ ធ្វើបាតុកម្មបណ្ដេញគាត់ចេញពីសិល្បៈពិតអីហ្នុងនឹងស្ងប់ចិត្ត ព្រោះជម្លោះនៅក្នុងសិល្បៈគឺមានតែអ្នកសិល្បៈគ្នាឯងប៉ុណ្ណោះដែលដោះស្រាយបាន!”។ លោកទទូចឲ្យតារាសិល្បៈចេះសាមគ្គីគ្នា និងកុំមានការរិះគន់គ្នាក្នុងន័យជាន់ពន្លិចគ្នា។ លោកសង្ឃឹមថ ក្រោយប្រកាសជំហរសុំទោសនិងកែទម្លាប់របស់ ដេនីក្វាន់ នោះរឿងអាក្រក់ដែលបានកើតឡើងរវាងតារាសិល្បៈដែលខឹងសម្បារចំពោះនាងពិតជាត្រូវបញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ