សុះ ម៉ាច ថា​​ក្រសួង​ហៅ​​ដេនី ក្វាន់ មិនមែន​​ដើម្បី​​​​ស្ដី​បន្ទោស

នាង​ដេនី ក្វាន់ ក្នុងសម្លៀកបំពាក់បុរាណ កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក)

ក្រោយបែកធ្លាយលិខិតកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យតារាសម្ដែងស៊ិចស៊ី នាងដេនី ក្វាន់ ចូលខ្លួនទៅបកស្រាយ បានធ្វើឲ្យមានការចុះផ្សាយព្រោងព្រាតថាក្រសួងនឹងផ្ដល់ការព្រមាននិងស្ដីបន្ទោសឲ្យនាងជាច្រើនដើម្បីដុះក្អែល បើទោះជានាងបានសុំទោសជាសាធារណៈតាមការចង់បានរបស់សមាគមនិងក្រសួងវប្បធម៌។ យ៉ាងណាមិញ ប្រធានសមាគមសិល្បករខ្មែរដែលជាអ្នកទទួលលិខិតចំនួន២ពីក្រសួងវប្បធម៌ ដោយមួយសម្រាប់ខ្លួនឯងនិងមួយប្រគល់ជូនដេនី ក្វាន់ បានអះអាងថាលិខិតដែលបានចេញនោះមិនមែនដើម្បីហៅនាងទៅស្ដីបន្ទោសទេ ហើយនោះក៏ជាលិខិតដែលចេញឡើងព្រោះតែវីដេអូសុំទោសរបស់ដេនីក្វាន់ត្រូវបានបង្ហោះយឺតពេកប៉ុណ្ណោះ។

លោក សុះ ម៉ាច និយាយថាមានការយល់ច្រលំជាច្រើនថាលិខិតរបស់ក្រសួងវប្បធម៌ដែលបានស្នើឲ្យ ដេនី ក្វាន់ ចូលជួបលោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅព្រឹកថ្ងៃទី១៧ ឧសភា វេលាម៉ោង៩ នៅក្រសួងវប្បធម៌ថាដើម្បីហៅនាងទៅស្ដីបន្ទោសឬព្រមាន។ លោកថាបំណងរបស់ក្រសួងគ្រាន់តែហៅនាងទៅណែនាំខ្លះៗ និងដើម្បីជជែកសំណេះសំណាលក្នុងនាមជាឪពុកម្ដាយ ដើម្បីឲ្យនាងបានយល់ពីការចង់បានរបស់ក្រសួងប៉ុណ្ណោះ។ លោកថាការប៉ាន់ស្មានថាក្រសួងហៅស្ដីឲ្យឬព្រមាន វាហាក់ដូចជាសំដៅថាក្រសួងតឹងពេក ក្នុងពេលដែលនាងយល់ព្រមសុំទោសជាសាធារណៈតាមការទាមទារក្នុងពេលដំបូងរួចទៅហើយ។ លោកនិយាយថា៖ “ការពិតក្រសួង(លោក ថៃ នរៈសត្យា) អត់ដឹងថាគាត់សុំទោសជាសាធារណៈនៅលើហ្វេសប៊ុកទេ ដល់ពេលចេញលិខិតហ្នឹងជ្រុលទៅហើយក៏សម្រេចថាហៅគាត់មកជជែកគ្នាខ្លះនៅថ្ងៃទី១៧(ឧសភា) ហ្នឹងទៅហើយ!  ព្រោះពីដំបូងក្រសួងចង់ហៅគាត់មកនិយាយរឿងមិនស្លៀកពាក់ស៊ិចស៊ីហ្នឹងមែន ប៉ុន្តែដោយគាត់បង្ហោះវីដេអូសុំទោសហើយ និងបានប្រកាសថាឈប់ស្លៀកពាក់ស៊ិចស៊ីចចឹងហើយ មានអីទៅស្ដីបន្ទោសឲ្យទៀត ចឹងសុំឲ្យយល់ពីខ្លឹមសារក្នុងការអញ្ជើញដេនីក្វាន់ទៅក្រសួងនេះផង កុំឲ្យគេថាក្រសួងឲ្យគេសុំទោសហើយមិចទៅចេញលិខិតមកទៀត!”។

លោកថាលោកថៃ នរៈសត្យា បានបង្ហាញអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីដេនីក្វាន់ ទទួលយកកំហុសរបស់ខ្លួនជាសាធារណៈតាមរយៈវីដេឃ្លីបនៅលើហ្វេសប៊ុកនិងថាការអញ្ជើញនាងទៅកាន់ក្រសួងគ្រាន់តែចង់ណែនាំបន្ថែមតិចតួចដូចឪពុកម្ដាយ ហៅកូនទៅទូន្មានក្នុងនាមជាជាម៉ែជាឪប៉ុណ្ណោះ។ លោកនិយាយថា៖ “លោកថៃ នរៈសត្យា គាត់ប្រាប់ខ្ញុំហើយថាឲ្យប្រាប់ដេនីក្វាន់ថាកុំគិតថាក្រសួងហៅទៅស្ដីឲ្យ ព្រោះគាត់សុំទោសប៉ុណ្ណឹងវាចប់ហើយ ប៉ុន្តែមកពីគាត់ជ្រុលចេញលិខិតទៅហើយទើបគិតថាជួបគ្នាបន្តិចតែម្ដងទៅ សំខាន់គឺដេនី ក្វាន់កុំបន្តស៊ិចស៊ីដូចអ្វីដែលនាងបានប្រកាសទៅបានហើយ!”។

តារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់
តារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់

តារាសម្ដែង នាង ដេនី ក្វាន់ បានប្រាប់VOD កាលពីល្ងាចថ្ងៃទី១៣ ឧសភាថានាងបានទទួលលិខិតនោះហើយ ហើយនាងនឹងទៅជួបក្រសួងតាមការស្នើសុំ ដោយទោះជាត្រូវទទួលការស្ដីបន្ទោសបែបណាក៏នាងបញ្ជាក់ថានឹងទទួលយកទាំងអស់។ យ៉ាងណាមិញ នាងនៅតែបដិសេធថាបើក្រសួងទាមទារឲ្យនាងសុំទោសតារារៀមច្បងណាម្នាក់ ដែលមាក់ងាយនាងក្នុងការរិះគន់ នាងសុំអត់ធ្វើនោះទេ។ នាងនិយាយថា៖ “ថ្ងៃទី១៧(ឧសភា)ហ្នឹងខ្ញុំនឹងទៅបង ប៉ុន្តែខ្ញុំឆ្ងល់ថាលិខិតហ្នឹងក្រសួងផ្ញើឲ្យខ្ញុំជាលក្ខណៈបុគ្គល មិចបានមានគេបង្ហោះអត្ថន័យពេញក្នុងហ្វេសប៊ុកចឹង! ដោយឡែកសម្រាប់ថ្ងៃនោះ ខ្ញុំគិតហើយថាទោះជាក្រសួងគាត់ឲ្យខ្ញុំកែប្រែអីបន្ថែមពីការប្រកាសរបស់ខ្ញុំទៀត ក៏ខ្ញុំធ្វើបានដែរ លើកលែងតែមួយគឺឲ្យខ្ញុំសុំទោសអ្នករិះគន់បែបមើលងាយខ្ញុំ!”។

លោកសុះ ម៉ាច បានថ្លែងត្រង់ចំណុចនេះថា រឿងសង្កត់អោយដេនី ក្វាន់ សុំទោសបុគ្គលណាម្នាក់ឬតារាណាម្នាក់ក្នុងពេលផ្ទុះជម្លោះ លោក និងលោកថៃ នរៈសត្យា បានពិភាក្សាគ្នាហើយថាមិនស្ថិតក្នុងរបៀបវារៈនៅថ្ងៃជជែកគ្នានៅទីស្ដីការក្រសួងវប្បធម៌នោះទេ ដោយសារតែរឿងរ៉ាវនោះពួកលោកយល់ថាជារឿងបុគ្គល។ លោកថាបើមានការសុំទោស គឺលុះត្រាតែសុំទោសទៅវិញទៅមក ព្រោះក្នុងរិះគន់លោកក៏មើលឃើញថាអត្ថន័យក្នុងការរិះគន់បានបង្កប់នូវការមាក់ងាយ ទើបនាំឲ្យក្លាយទៅជាជម្លោះពាក្យសម្ដីនោះ។ លោកនិយាយថា៖ “ម្នាក់ៗ(តារាៗ)ចេះតែចង់ឲ្យខ្ញុំ និងក្រសួងតម្រូវឲ្យដេនីក្វាន់សុំទោសរឿងហ្នឹង ខ្ញុំថាបើមានការសុំទោសមែន លុះត្រាសុំទោសដូចគ្នា ព្រោះពួកខ្ញុំអានការរិះគន់ទៅក៏ឃើញចំណុចខ្លះដែលដេនីក្វាន់ពិបាកទទួលយកដែរ ឲ្យខ្ញុំទៅសង្កត់ម្ខាងៗអត់កើតទេ! ខ្ញុំថាអ្នកសិល្បៈខ្វះអីវិធីស្ថាបនាគ្នា ចាំបាច់អីទៅវាយប្រហារគ្នាតាមហ្វេសប៊ុក សម្រាប់ខ្ញុំនិងក្រសួងបានជជែកគ្នាហើយថាអត់លូកដៃ!”។ លោកទទូចឲ្យតារាទាំងអស់មានភាពស្ងប់ស្ងាត់និងផ្ដល់ការយោគយល់ចំពោះអ្នកសិល្បៈដូចគ្នា ដើម្បីកុំឲ្យមើលឃើញពីការបែកបាក់សាមគ្គី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ