សង្គមសីុវិលជំរុញឲ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងសំរាមនៅកម្ពុជា

សង្គមស៊ីវិលធ្វើការលើវិស័យបរិស្ថានជំរុញឲ្យរដ្ឋាភិលពង្រឹងវិធានការគ្រប់គ្រងសំរាមនៅកម្ពុជា ដោយទប់ស្កាត់ការបោះបង់សំរាមចោលពាសវាលពាសកាល ដោយថាជាកត្តាមួយធ្វើឲ្យមានបំរែបំរួលអាកាសធាតុ។

ការលើកឡើងនេះនៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទស្ដីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនិង យុទ្ធសាស្រ្តគ្រប់គ្រងសំរាមដែលរៀបចំដោយសមាគមយុវជនខ្មែរនៅថ្ងៃទី១៨ ខែឧសភា ក្នុងរាជធានីភ្នំពេញ។

នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណរ៉ា មានប្រសាសន៍ថាការបោះចោលសំរាមពិសេសថង់ប្លាស្ទីក គឺជាបញ្ហាប្រឈមខ្លាំងដល់បរិស្ថាន ដោយសារពលរដ្ឋមានការយល់ដឹងតិចតួចពីផលប៉ះពាល់។ លោកបន្ថែមថារដ្ឋាភិបាលក៏មិនទាន់មានវិធានការជាក់លាក់ក្នុងការគ្រប់គ្រងសំរាមនៅឡើយជាពិសេសនៅតាមទីប្រជុំជន។

លោក តឹក វណ្ណរ៉ា បន្ថែមថាដើម្បីទប់ស្កាត់ការបំពុលបរិស្ថានរដ្ឋាភិបាលគួរតែមានប្រព័ន្ធច្រោះកាកសំណល់រាវ មុននឹងបង្ហូរទៅក្នុងស្ទឹង បឹង ទន្លេ និងគួរតែមានវិធានការផ្សព្វផ្សាយអប់រំ លើកកំពស់ពលរដ្ឋឲ្យមើលឃើញពីប្រយោជន៍នៃការបែងចែកសំរាមទៅតាមប្រភេទផងដែរ។

ស្ថាបនិកសាលាដូងនិងផ្ទះសំរាម លោក អុក វ៉ាន់ដេ មានប្រសាសន៍ថាបញ្ហាបម្រែបម្រួលអាកាសធាតុក៏បណ្ដាលមកពីបញ្ហាសម្រាម ហើយបញ្ហាសម្រាមនេះគឺបណ្ដាលមកពីសកម្មភាពមនុស្សខ្លួនឯងផ្ទាល់។ លោកជំរុញឲ្យពលរដ្ឋចេះកែច្នៃសំរាមឲ្យទៅជាវត្ថុប្រើប្រាស់ងាយៗឬក៏ប្រើប្រាស់ឡើងវិញជៀសជាងការបោះពាសវាលពាសកាលដែលបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន។

ទាក់ទងនឹងបញ្ហានេះអនុប្រធានការិយាល័យគ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថាន លោក ដែក វិមានរស្មី ក៏ទទួលស្គាល់ដែរថាបញ្ហាសំរាមនេះពិតជាពិបាកក្នុងការគ្រប់គ្រង។ លោកបន្ថែមថាបញ្ហាសំរាមនេះគឺជាការទទួលខុសត្រូវទាំងអស់គ្នាមិនមែនតែរដ្ឋាភិបាលនោះទេ។

លោក ដែក វិមានរស្មី ឲ្យដឹងថាសព្វថ្ងៃប្រទេសកម្ពុជាមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ដែលធានាក្នុងការប្រមូលសំរាមនិងក្រុមហ៊ុនដែលបែងចែកកាកសំណល់ក្នុងការកែច្នៃសំរាមឡើងវិញ។

លោកបន្ថែមថាអ្វីដែលជាការព្រួយបារម្ភនោះគឺទីលានចាក់សំរាមសព្វថ្ងៃប្រឈមនឹងការពេញនៅឆ្នាំ២០២០ មុនការគ្រោងទុក១៣ឆ្នាំ។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន កាកសំណល់រឹងជាសំរាមដែលបានចាក់នៅទីលានចាក់សំរាមទូទាំងប្រទេសក្នុងឆ្នាំ២០១៥គឺប្រមាណជិត១.២ លានតោន ហើយក្នុងនោះសំរាមដែលអាចកែច្នៃបានមានប្រមាណតែជាង១៦ម៉ឺនតោនតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ