ចៅក្រមស៊ើបសួរ​​បញ្ជូនសំណុំរឿងលោក រ៉ុង ឈុន សមាជិកគ.ជ.ប ទៅជំនុំជម្រះ

អតីតសមាជិក គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ លោក លោក រ៉ុង ឈុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងមួយទៅលោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថាបានបញ្ជូនសំណុំរឿងរបស់លោកទៅជំនុំជម្រះ ពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤។

ក្នុងលិខិតជូនដំណឹងដែលចុះថ្ងៃទី២៦ ខែមេសាហើយវីអូឌីទើបតែទទួលបាន ចៅក្រមស៊ើបសួរលោក សាន សុផាត បានឲ្យដឹងថាលោកបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។ លិខិតមិនបានបញ្ជាក់ពីសំណុំរឿងអ្វីនោះទេ ដោយគ្រាន់តែបញ្ជាក់ថាជាសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។

អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្រ្គោះជាតិឲ្យក្លាយជាសមាជិកគ.ជ.បម្នាក់ក្នុងចំណោម៩នាក់ ប្រាប់វីអូឌីថាលោកទទួលបានលិខិតនេះកាលពីថ្ងៃអង្គារ។ លោកបន្តថាប្រសិនជាតុលាការអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន នោះសំណុំរឿងនេះត្រូវបានបញ្ចប់រួចយូរមកហើយ មិនបណ្តោយឲ្យរឿងនេះនៅបន្តយូររហូតមកទល់ពេលនេះនោះទេ។ លោកមានប្រសាសន៍ថា៖ “ តាមការពិតទៅគឺថាភ្ជាប់ឲ្យយើងមានករណីបែបហ្នឹងដើម្បី បង្កការលំបាកដល់ការងាររបស់យើងប្រចាំថ្ងៃនោះ យើងដឹងហើយគេថា ពាក្យសាមញ្ញគេថារាយមង គេដាក់មងសម្រាប់អ្នកដែលការពារសិទ្ធិកម្មករ ការពារពលរដ្ឋការពារគ្រូបង្រៀនអីហ្នឹងគេរាយមង ដាក់ចោលទៅបើថាគេមិនសប្បាយចិត្តទេគេលើកសំណុំរឿងចាស់ហ្នឹងយកមករំឭកឡើងវិញទៅ”។ លោកបន្ថែមថា៖ “តាមការពិតទៅសមាជិកគ.ជ.ប វាមិនមានអីធំដុំទេ ទំរាំតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ សមាជិកគ.ជ.ប អត់មានអភ័យឯកសិទ្ធិផងហ្នឹង យើងមានអីទៅធំដុំអី គេចង់អូសទៅថ្មើម៉ានក៏បានដែរ អាហ្នឹងទៅតាមអារម្មណ៍របស់គេ ពីព្រោះឥឡូវគេធ្វើការតាមអារម្មណ៍ គេមិនមែនធ្វើការតាមច្បាប់ឯណា! ”។

លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន ធ្លាប់បានចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែពួកគេមិនត្រូវបានចាប់ខ្លួននោះទេ។ តុលាការកោះហៅពួកគេបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំងសមត្ថកិច្ចរាប់រយនាក់និងក្រុមកម្មករដែលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី២និងទី៣ខែមករា នៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ជាច្រើននាក់រងរបួសនិងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។

វីអូឌីមិនអាចសុំការបញ្ជាក់ពីលោក ហង្ស ពុទ្ធា  អ្នកនាំពាក្យគ.ជ.ប និងជាសមាជិកម្នាក់ក្នុងចំណោម៩នាក់ បាននៅឡើយទេ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថាមួយរយៈចុងក្រោយនេះ មានការគំរាមកំហែងរបស់តុលាការជាបន្តបន្ទាប់។ លោកបន្តថាលិខិតជូនដំណឹងរបស់តុលាការអាចជាការបារម្ភមួយទៀតទៅលើការគាបសង្កត់លើគ.ជ.ប។ លោកបញ្ជាក់ថា៖ “វាជារឿងមួយដែលមិនជួយជាប្រយោជន៍ដល់ប្រទេសជាតិ រឿងនេះមានការសង្ស័យច្រើន វានាំឲ្យបាត់បង់តុល្យភាពអំណាចគ.ជ.បនិងបាត់បង់ការជឿទុកចិត្តពីប្រជាពលរដ្ឋដែលចង់បាការបោះឆ្នោតសេរី ត្រឹមត្រូវនិងយុត្តិធម៌”។

គួរបញ្ជាក់ថាលោក រ៉ុង ឈុន បានក្លាយជាសមាជិកគ.ជ.ប កាលពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៥។ រហូតមដល់ពេលនេះ អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីសង្គមស៊ីវិល ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។

នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា យល់ថាតុលាការអាចបញ្ចប់ករណីរបស់លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងសំណុំរឿងនៅផ្លូវវ៉េងស្រេង។ លោកបន្តថាច្បាប់គ.ជ.ប បានចែងពីការជួយការពារសុវត្ថិភាពរបស់សមាជិក។ ទោះជាយ៉ាងណា លោកថាបើតុលាការមិនមានបំណងបញ្ចប់ករណីលោក រ៉ុង ឈុន នោះនឹងមានការរិះគន់ពីមតិជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ថាមាត្រា១៣នៃច្បាប់គ.ជ.ប ចែងថាប្រធាន អនុប្រធាននិងសមាជិកគ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យឬការបង្គាប់បញ្ជាដោយផ្ទាល់ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។ ប្រធាន អនុប្រធាននិងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្នុងករណីចំបាច់តាមសំណូមពររបស់សាមីខ្លួន៕ ដោយ ហ៊ុន សិរីវឌ្ឍន៍ និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ