រដ្ឋាភិបាលហ្វីលីពីនថ្មីនឹងហាមឃាត់ក្រុមហ៊ុនឯកជនមិនឲ្យនាំចូលអង្ករពីបរទេសដើម្បីបញ្ឈប់ការរត់ពន្ធអង្ករដ៏គគ្រឹកគក្រេងនៅក្នុងប្រទេសមួយនេះដែលជាប្រទេសនាំចូលអង្ករធំលំដាប់ទីបីនៅលើពិភពលោក។
នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីរបស់ លោក Emmanuel Pinol ដែលនឹងក្លាយទៅជារដ្ឋមន្ត្រីកសិកម្មថ្មីរបស់ប្រទេសហ្វីលីពីននៅក្នុងរដ្ឋបាលរបស់លោក Rodrigo Duterte ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។
អនាគតរដ្ឋមន្ត្រីកសិកម្មថ្មីរូបនេះបាននិយាយថា បទបញ្ជារបស់ប្រធានាធិបតីថ្មីគឺហាមឃាត់ការនាំចូលអង្កររបស់វិស័យឯកជន ប៉ុន្តែមានតែអាជ្ញាធរស្បៀងអាហារជាតិប៉ុណ្ណោះមានសិទ្ធិនាំចូល។ លោកក៏បានធានាដល់ប្រជាជនហ្វីលីពីនផងដែរថារដ្ឋាភិបាលថ្មីនឹងបញ្ឈប់ការរត់ពន្ធអង្ករ។
ការនាំចូលអង្ករគឺជាបញ្ហានយោបាយដ៏ក្ដៅនៅក្នុងប្រទេសហ្វីលីពីន ដោយរដ្ឋាភិបាលបានជំរុញឲ្យរក្សាអត្រាពន្ធគយខ្ពស់ដដែលដើម្បីការពារកសិករក្នុងស្រុក ប៉ុន្តែនៅពេលខ្លះ ប្រទេសនេះត្រូវការនាំចូលអង្កររាប់ពាន់តោនដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក។
ក្រុមហ៊ុនឯកជននានាសព្វថ្ងៃនេះ ត្រូវបានអនុញ្ញាតឲ្យនាំចូលអង្កររហូតដល់ជាង៨០៥ពាន់តោនក្នុងមួយឆ្នាំ ជាមួយអត្រាពន្ធគយ៣៥ភាគរយ។
កាលពីឆ្នាំ២០១៤ ហ្វីលីពីនបានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចូលអង្ករតាមរយៈការទម្លាក់អត្រាពន្ធគយពី ៤០ភាគរយមកនៅត្រឹម៣៥ភាគរយ ហើយបង្កើនការនាំចូលអង្ករពី៣៥០ពាន់តោនដល់ជាង៨០៥ពាន់តោន។
ហ្វីលីពីនតែងតែនាំចូលអង្ករជាង១លានតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។ វៀតណាម និងថៃគឺជាអ្នកផ្គត់ផ្គង់អង្ករធំដល់ហ្វីលីពីន៕