បទយកការណ៍៖ ក្រុមគ្រួសារសពសិស្សវិទ្យាល័យទាមទារ​ឲ្យ​តុលាការ​ដាក់គុកជនល្មើសអស់មួយជីវិត

​កញ្ញា វ៉ុន រដ្ឋា យុវសិស្ស​វិទ្យាល័យពងទឹក ដែលត្រូវបានសម្លាប់​កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៦(រូបថតផ្តល់ឲ្យ​)

គិតមកដល់ថ្ងៃទី១៩ខែឧសភា យុវសិស្សវិទ្យាល័យពងទឹកក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កញ្ញា វ៉ុន រដ្ឋា បានស្លាប់ចំនួន៩ថ្ងៃមកហើយ។ យុវសិស្ស វ៉ុន រដ្ឋា មានទីលំនៅក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយនាងត្រូវគេរកឃើញថាស្លាប់នៅថ្ងៃទី១០ ខែឧសភា នៅក្នុងសំណង់អគារបែកបាក់មួយកន្លែងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅឆ្ងាយពីផ្ទះជនរងគ្រោះប្រមាណជា៦ទៅ៧គីឡូម៉ែត្រ។

ឪពុកម្តាយនិងឪពុកមាររបស់កញ្ញា វ៉ុន រដ្ឋា បានអញ្ជើញអាចារ្យទៅកន្លែងកើតហេតុដើម្បីធ្វើពិធីហៅព្រលឹងនាងឲ្យត្រឡប់ទៅផ្ទះវិញទៅតាមជំនឿរបស់ពួកគាត់។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារសព ជាពិសេសឪពុករបស់នាង គឺលោក វ៉ាត វ៉ុន បានអំពាវនាវឲ្យមានការផ្តន្ទាទោសជនល្មើសជាប់ពន្ធនាគារអស់មួយជីវិត ដោយចាត់ទុកថាការស្លាប់របស់កូនគាត់ជាអំពើឃាតកម្មគិតទុកជាមុននិងមានសភាពឃោរឃៅ។ លោកទទូចថា៖ “បើតាមគំនិតខ្ញុំចង់ឲ្យសមត្ថកិច្ចកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតបណ្តោយទៅ បើមានច្បាប់ប្រហារជីវិតឲ្យប្រហារជិវិតចោលហ្មងទៅ ព្រោះអានេះជាឃាតកម្មមួយសាហាវបំផុតហើយនិងមានរៀបគម្រោងទុកជាមុន”។

យុវសិស្ស វ៉ុន រដ្ឋា ជាកូនស្រីច្បងក្នុងគ្រួសារដែលមានកូនចំនួន៣នាក់។ នាងមានអាយុ១៩ឆ្នាំនិងជាសិស្សរៀនថ្នាក់ទី១២នៅវិទ្យាល័យពងទឹក។ លោក វ៉ាត វ៉ុន ឲ្យដឹងដែរថាលោកនឹងទៅជួបអាជ្ញាធរខណ្ឌជាថ្មី ដើម្បីតាមដានករណីឃាតកម្មលើរូបកូនស្រីរបស់លោកនេះ។ លោកបន្តថា៖ “ខ្ញុំចង់ទៅកន្លែងប៉ូលិសមើលព្រោះកាលថ្ងៃឃើញសាកសពហ្នឹងខ្ញុំដូចជាដាក់ពាក្យបណ្តឹងរួចហើយ តែឥឡូវឮពាក្យចចាមអារ៉ាមថាខ្ញុំអត់ដាក់ពាក្យបណ្តឹងយ៉ាងម៉េច អ៊ីចឹងបានខ្ញុំចង់ទៅកន្លែងប៉ូលិសមើលព្រោះខ្ញុំអត់សូវដឹងអាច្បាប់ទម្លាប់ហ្នឹងណា”

កំពុងឈរនៅខាងមុខអគារដែលកូនស្រីរបស់គាត់ស្លាប់ វ័យ៤៩ឆ្នាំ ម្តាយជនរងគ្រោះ គឺអ្នកស្រី វិត សំ បានរៀបរាប់ថាកូនស្រីរបស់គាត់និងជនសង្ស័យដែលសមត្ថកិច្ចរកឃើញថាជាអ្នកសម្លាប់ ជាបងប្អូនជីទូតមួយនឹងគ្នា។ អ្នកស្រីរៀបរាប់ទៀតថាក្រុមគ្រួសារស្ទើរមិនជឿថាអាចមានរឿងបែបនេះកើតឡើងបាន។

អ្នកស្រីបន្ថែមថា៖ “បងប្អូនលេងជាមួយគ្នារាល់ថ្ងៃ ហើយវាមិនដឹងថាវា(ជនសង្ស័យ)គំនិតអាក្រក់អ៊ីចឹង (ជនសង្ស័យ)ជិះឌុបប្រពន្ធវាពោះធំតាមមុខផ្ទះខ្ញុំអ៊ីចឹង ជេរគ្នា(លេង)សឹងរាល់ថ្ងៃ…តែអ៊ីចឹងតាំងពីនៅកម្ពស់ហ្នឹង(តាំងពីនៅតូច)រហូតមានប្រពន្ធ ហើយនរណាដឹងថាវាអ៊ីចឹងអីអត់”

អ្នកស្រី វិត សំ ឲ្យដឹងទៀតថាបើតាមមិត្តភ័ក្តិកូនរបស់គាត់ នៅម៉ោងប្រមាណជា១១ថ្ងៃត្រង់នៅថ្ងៃកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅកូនរបស់អ្នកស្រីឲ្យមកចូលរួមកម្មវិធីខួបកំណើតរបស់ខ្លួន។ អ្នកស្រីរៀបរាប់ថា៖ “ថាមកខួបកំណើតគេ ប្រាប់គ្នាថាអ៊ីចឹង ហើយអ្នករៀនជាមួយគ្នាសួរថារដ្ឋាណាគេតេមក(រដ្ឋាឆ្លើយ) ពូទូហ្នឹងណា។ តេនោះតេថ្ងៃហ្នឹងប្រឡងច្រើនមុខផង ពួកម៉ាកឮទាំងអស់គ្នាហ្នឹងណា តេនោះទេ តេដល់ម៉ោង១១ទើបគ្នាចេញមក”

ឪពុកនិងម្តាយជនរងគ្រោះ
ឪពុកនិងម្តាយជនរងគ្រោះ(រូបថតដោយទូច សុខា)

ម្តាយជនរងគ្រោះឲ្យដឹងថាខ្លួនមិនទាន់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យជនល្មើសសម្លាប់កូនរបស់អ្នកស្រីនោះទេ តែអ្នកស្រីថាជនល្មើសបានយករបស់ពីកូនស្រីរបស់គាត់ រួមមានខ្សែកមាសចំនួន៨ជី ខ្សែដៃប្លាកទីនជាង៣ជី រួមជាមួយម៉ូតូឌ្រីមមួយគ្រឿងនិងទូរស័ព្ទដៃមួយគ្រឿង។ ទោះយ៉ាងណាអ្នកស្រីថាម៉ូតូ និងទូរស័ព្ទដៃត្រូវនគរបាលដកហូតបានមកឲ្យក្រុមគ្រួសារអ្នកស្រីវិញ។

នាយផ្នែកយុត្តិធម៌នគរបាលខណ្ឌពោធិ៍សែនជ័យ លោក ជា សុវណ្ណ ប្រាប់វីអូឌីតាមទូរស័ព្ទនារសៀលនេះថាមនុស្សចំនួន៧រូបជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។ លោកបន្តថាតាមចម្លើយជនសង្ស័យ បងជីដូនមួយជនរងគ្រោះជាជនដៃដល់និងមានបក្សពួកពីរនាក់ទៀតជាអ្នកឈរមើលពេលកំពុងប្រព្រឹត្តអំពើឃាតកម្ម។ ដោយឡែកលោកថាមនុស្សបួននាក់ផ្សេងទៀតជាអ្នកយកម៉ូតូជនរងគ្រោះទៅលាក់ទុក។

លោកឲ្យដឹងដែរថានៅព្រឹកថ្ងៃទី១៩ខែឧសភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់មនុស្ស៣នាក់ពីបទមនុស្សឃាតដោយគិតទុកជាមុននិង៤នាក់ផ្សេងទៀតពីបទទទួលផលចោរកម្ម ហើយអ្នកទាំង៧បានបញ្ជូនទៅកាន់ពន្ធនាគាព្រៃស។

លោកបន្ថែមថា៖ “អត់មានអ្វីតទៀតទេព្រោះរឿងហ្នឹងចប់អស់ហើយ មុខសញ្ញាដៃដល់យើង(ចាប់)អស់ហើយ បញ្ចប់ការស៊ើបសួរដល់ចៅក្រមហើយ បញ្ជូនដល់ម១ ម២ អស់ហើយ”

បើតាមមន្ត្រីនគរបាលរូបនេះ ជនប្រព្រឹត្តបានសារភាពថាមូលហេតុដែលនាំឲ្យឈានដល់ការសម្លាប់នារីរងគ្រោះគឺដោយសារតែនារីរងគ្រោះមិនមានប្រាក់៧០ដុល្លារឲ្យគេខ្ចី ទើបខ្លួនគេសម្រេចចិត្តសម្លាប់ជនរងគ្រោះនោះតែម្តង។

តាអាចារ្យធ្វើពិធីអន្ទងព្រលឹងនៅព្រឹកថ្ងៃទី១៩ខែឧសភា នៅកន្លែងកើតហេតុ(រូបថតដោយទូច សុខា)
តាអាចារ្យធ្វើពិធីអន្ទងព្រលឹងនៅព្រឹកថ្ងៃទី១៩ខែឧសភា នៅកន្លែងកើតហេតុ(រូបថតដោយទូច សុខា)

បុរសវ័យ២៣ឆ្នាំ ជាអ្នកឡើងត្នោតនិងរស់នៅក្បែរកន្លែងកើតហេតុ លោក យុន យួន រៀបរាប់ប្រាប់ក្រុមគ្រួសារសពនិងអ្នកយកព័ត៌មានវីអូឌីនៅកន្លែងស្នាក់របស់លោកថាពេលគាត់ចុះពីធ្វើត្នោតនៅម៉ោងប្រហែលជា៤រសៀល គាត់បានដើរសំដៅទៅបត់ជើងនៅក្បែរអគារបាក់បែកនោះ តែលោកថាពេលនោះលោកបានឮសូរសំឡេងមនុស្សថ្ងូរ។ លោកបន្តថាលោកបានចូលទៅមើលនិងឃើញនារីរងគ្រោះនៅក្នុងបន្ទប់តូចមួយ។ លោកបន្តថាពេលឃើញហេតុការណ៍បែបនេះ លោកបានស្រែកប្រាប់អ្នកភូមិដែលរស់នៅក្បែរនោះនិងលោកបានទៅផ្តល់ដំណឹងឲ្យអាជ្ញាធរសង្កាត់ព្រៃសដែលនៅក្បែរនោះដែរ។

លោករៀបរាប់ទៀតថា៖ “គាត់នៅប្រកាច់ គាត់ងើបអត់រួចនៅត្រដរខ្យល់ ឈាមហូរឡើងខ្សោះខ្លួនអស់ហើយហ្នឹង…ពេលខ្ញុំទៅហៅគេ(ម្តងទៀត)ខ្ញុំចូលទៅមើលគាត់(ម្តងទៀត)ខ្ញុំឃើញគាត់ចង់ងើបចេញ ប៉ុន្តែខ្ញុំអត់ហ៊ានប៉ះពាល់ខ្លាចជាប់ក្រយៅដៃ…ពេលប៉ូលិសមកហ្នឹងគ្នាខ្ញុំថាបងជួយលើកគាត់ទៅពេទ្យតែម្តងទៅចាំឡានពេទ្យមិនដឹងស្មើណាទេ ហើយប៉ូលិសថាទុកហ្នឹងសិនៗឡានពេទ្យមកដល់ឥឡូវហើយ”

បើតាមលោក យុន យួន ប្រហែលជាពីរម៉ោងក្រោយគាត់បានផ្តល់ដំណឹងដល់សមត្ថកិច្ច ទើបរថយន្តសង្គ្រោះបានមកដល់កន្លែងកើតហេតុ។ ដោយបានឃើញទិដ្ឋភាពជនរងគ្រោះជាក់ស្តែង លោកចាត់ទុកអំពើឃាតកម្មនេះថាជាទង្វើគួរឲ្យស្អប់ខ្ពើមនិងមិនគួរឲ្យកើតមានក្នុងសង្គមនោះទេ។ លោកបន្ថែមថា៖ “គ្រាន់តែឃើញក្នុងព័ត៌មានចាប់បានភ្លាមៗខ្ញុំអរជំនួសហ្មងព្រោះអំពើហ្នឹងជាអំពើគួរឲ្យស្អប់ខ្ពើម មិនគួរឲ្យចូលក្នុងសង្គម ចាប់ដាក់គុកមួយជីវិតកុំឲ្យចេញឲ្យសោះ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ