បទពិពណ៌នាស្តីពីប្រវត្តិបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយដែលអ្នកប្រណិប័តន៍តាមឱវាទរបស់ព្រះពុទ្ធសាសនាប្រារព្ធឡើងរៀងរាល់ថ្ងៃ១៥កើត ខែពិសាខតាំងពីយូរលង់ណាស់មកហើយ។ បុណ្យវិសាខបូជានេះត្រូវបានគេចាត់ទុកជាពិធីបុណ្យជាតិមួយដែលមានសារៈសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសចូលរួមផ្ដល់សុខសន្តិភាពដល់កម្ពុជា។

ចៅអធិការវត្តភ្នៀតសិម្ពលី ព្រះតេជគុណ ស៊ុំ សុខា មានសង្ឃដីកាប្រាប់វីអូឌីនៅថ្ងៃទី២០ ខែឧសភា ត្រូវនឹងថ្ងៃបុណ្យវិសាខបូជាថា បុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ព្រះអង្គមានសង្ឃដីកាបន្ថែមថាកាលពីដើមឡើយក្នុងថ្ងៃវិសាខបូជានេះ ពលរដ្ឋខ្មែរតែងធ្វើពិធីកាន់សីលពេញប្រទេស ដោយមិនប្រព្រឹត្តខុស ភូតកុហក មិនឈ្លោះគ្នា មិនប្រើហិង្សា មិនប្រព្រឹត្តកាម និងមិនមានការសេពគ្រឿងស្រវឹងជាដើម។

ព្រះអង្គបន្ថែមថា៖ ថ្ងៃហ្នឹងសូម្បីតែតៀមលក់ស្រា គ្រឿងស្រវឹង លក់សត្វអីគេបិទទាំងអស់ថ្ងៃវិសាខបូជាហ្នឹង។ អញ្ចឹងបានន័យថាបើយើងចូលរួមក្នុងថ្ងៃវិសាខបូជាទាំងអស់គ្នា ជាមួយព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិទាំងមូល ប្រកដជាផ្ដល់ផលប្រយោជន៍ច្រើន ទី១គ្មានអ្នកផឹកគ្រឿងស្រវឹង ទី២គ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៣គ្មានជំលោះទាស់ទែងក្នុងក្រុមគ្រួសារ មនុស្សសុទ្ធតែមានមេត្តាធម៌ដាក់គ្នាទៅវិញទៅមក

ព្រះតេជគុណ ស៊ុំ សុខា ឲ្យដឹងថាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទទូទាំងសកលលោកប្រារព្ធតាមរបៀបផ្សេងៗគ្នា ទៅតាមធនធានរបស់វត្តអារាមនិងតាមទំនៀមទំលាប់របស់ប្រទេសនីមួយៗ ប៉ុន្តែការធ្វើនេះក្នុងគោលបំណងរំលឹកដល់ថ្ងៃ ដែលព្រះពុទ្ធចូលបរិនិពាន្ធដូចគ្នា។ ព្រះអង្គមានសង្ឃដីកាបន្ថែមថាវត្តអារាមនៅកម្ពុជាមានការធ្វើពិធីសូត្រធម៌ រាប់បាត ហែរផ្កាថ្វាយព្រះ និងប្រកាសវិសាខបូជាជាដើម។

ព្រះអង្គបន្ថែមថា៖ នៅវត្តភ្នៀតសិម្ពលីនៃអាត្មាភាពនេះជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃហ្នឹង ពេលព្រឹកពុទ្ធបរិស័ទមកវត្តសមាទានសីលធ្វើបុណ្យធម្មតា។ ដល់ពេលថ្ងៃរសៀលម៉ោង៣មានពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សសាលា មកជួបជុំគ្នាច្រើន ហើយយកផ្កាម្នាក់មួយទង ម្នាក់មួយបាច់ យកមកហែថ្វាយព្រះ និងប្រកាសវិសាខបូជានៅលើព្រះវិហារ។ ម៉ោង៥សម្រាកដល់ម៉ោង៧កន្លះយប់សូត្រធម៌ឧទ្ទិសចំពោះវិសាខបូជានេះរហូតទល់ភ្លឺ

ព្រះអង្គបន្ថែមទៀតថាការប្រារព្ធពិធីបុណ្យវិសាខបូជានេះក្រៅពីនៅតាមវត្តអារាមក៏មានរៀបចំជាបុណ្យថ្នាក់ជាតិមួយនៅភ្នំត្តុង្គខេត្តកំពង់ស្ពឺដែរ ដោយភ្នំឧត្តុង្គនេះជាកន្លែងដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋបានកសាងព្រះមុនីចេតីយសម្រាប់តំកល់ព្រះសរីរឹកធាតុព្រះសម្មាសម្ពុទ្ធ។

ព្រះចៅអធិការវត្តភ្នៀតសិម្ពលីបន្តថាថ្ងៃបុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងដោយទាំងប្រទេសដែលកាន់សាសនាថេរវាទ និងមហាយានជាយូរណាស់មកហើយ។ ការប្រារព្ធនេះគឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រសូតចាកឧទរមាតា ត្រាស់ដឹងជាព្រះពុទ្ធ និងរំលត់ខ័ន្ធចូលទៅកាន់ព្រះនិព្វានក្នុងថ្ងៃតែមួយគឺថ្ងៃ១៥កើត ខែពិសាខ។

ព្រះអង្គសម្ដែងថា៖ ពុទ្ធបរិស័ទទាំងបុព្វជិកទាំងគ្រហស្ថទូទាំងពិភពលោក គេប្រារព្ធយកថ្ងៃ១៥កើតខែពិសាខនេះជាថ្ងៃរំលឹកទៅដល់សម័យកាលដែលព្រះសម្មាសម្ពុទ្ធបានប្រសូតត្រាស់ដឹងនិងបរិនិពាន្តជាថ្ងៃមួយអស្ចារ្យវិសេសជាងមនុស្សនិងទេវតាទាំងឡាយទាំងពួងដែលឥតមានអ្នកណាបានកើត បានសម្រេច ហើយនឹងបានស្លាប់ទៅវិញក្នុងថ្ងៃ១៥កើតខែវិសាខតែមួយដូចព្រះសម្មាសម្ពុទ្ធទេ។ ម្លេះហើយបានជាអ្នកកាន់ព្រះពុទ្ធសាសនាថ្វាយព្រះនាមថាជាអគ្គមហាបុរសរដ្ឋជាបុគ្គលឯកក្នុងលោក ជាសាស្រ្តាចារ្យនៃមនុស្ស និងទេវតាគ្មានបុគ្គលណាប្រដូចបាន។ ជាពិសេសយើងយកឱកាសនេះនាំគ្នាប្រព្រឹត្តអំពើល្អសាងសុច្ចរិត

ពិធីបុណ្យវិសាខបូជានេះត្រូវបានប្រារព្ធដោយប្រទេសកាន់ព្រះពុទ្ធសាសនាក្នុងតំបន់មួយចំនួនដូចជាប្រទេសឥណ្ឌា នេប៉ាល់ កម្ពុជា ភូមា ថៃ និងប្រទេសផ្សេងៗទៀត។

កាលពីឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានអនុម័តទទួលស្គាល់និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនានេះជាបុណ្យអន្តរជាតិមួយ។

ពិធីបុណ្យនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជាថ្ងៃបុណ្យជាតិរបស់រដ្ឋ ហើយក្រសួងធម្មការបានយកថ្ងៃបុណ្យវិសាខបូជាឆ្នាំនេះធ្វើពិធីដង្ហែព្រះបរមសរីរឹកធាតុរបស់ព្រះពុទ្ធយកទៅតម្កល់ទុកនៅភ្នំឧត្តុងវិញ ដោយមានព្រះសង្ឃនិងពុទ្ធសាសនិកជនរាប់រយអង្គនិងនាក់។

សូមបញ្ជាក់ថាកោដ្ឋមាសដាក់សរីរិកធាតុរបស់ព្រះពុទ្ធនៅលើភ្នំឧត្តុងត្រូវបានចោរលួចកាលពីយប់រំលងអាធ្រាត្រថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ បន្ទាប់មកអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យមួយចំនួនបញ្ចួនទៅតុលាការកាត់ទោសនិងដកហូតវត្ថុមានតម្លៃទាំងនោះមកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ