​ឃីម បូរ៉ា និង​គូ​ប្រកួតជនជាតិថៃ​​រង​ការ​​រិះគន់

កីឡាករខ្មែរ ឃីម បូរ៉ានិង​កីឡាករ​ថៃ​​​ឈ្មោះ Yorth Phith

ការប្រកួតរវាងកីឡាករកម្ពុជាឃីម បូរ៉ានិងកីឡាករថៃឈ្មោះ Yorth  Phith  កាលពីថ្ងៃអាទិត្យទី២២ ឧសភា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ទទួលការរិះគន់យ៉ាងខ្លាំងដោយសារតែអ្នកទាំងពីរមិនសូវប្រកួតគ្នា។ មិនត្រឹមតែអ្នកទស្សនាប៉ុណ្ណោះ សូម្បីតែមន្ត្រីជាអ្នករៀបចំការប្រដាល់ក៏ប្រតិកម្មផងដែរ បើទោះជាអ្នកទាំងពីរឆ្លងផុតការពិន័យនិងការបណ្ដេញចុះ។

អ្នកទស្សនាយ៉ាងហោចពាក់កណ្ដាលស្រែកប្រតិកម្មរឿងឃីម បូរ៉ា និងកីឡាករថៃមិនសូវប្រយុទ្ធគ្នា ជាពិសេសបន្ទាប់ពីចប់៣ទឹកទៅហើយនៅតែមិនចង់វាយគ្នា។ ម្នាក់ៗបានត្រឹមតែជ្រលដៃជ្រលជើងដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដោយសូម្បីតែមានការព្រមានពីសំណាក់លោក ម៉ាក់ សាមឿន ជាអាជ្ញាកណ្ដាល ក៏ពួកគេនៅតែរក្សាជំហរមិនសូវចង់វាយគ្នា។ យូរៗម្ដងគេឃើញអ្នកទាំងពីរបើកឆាកប្រយុទ្ធគ្នាខ្លាំងៗដើម្បីឲ្យរួចផុតពីការព្រមាន និងការបណ្ដេញចុះ។ ពិធីករជាអ្នកអត្ថាធិប្បាយ បានចំអកចំពោះឃីម បូរ៉ា ដោយថាគេគិតតែយកលេសថារេញរអិលហើយមិនព្រមប្រកួត និងថាកីឡាករថៃក៏មិនសូវចង់ប្រកួត ដែលហាក់ដូចជាមកប្រលែងគ្នានោះផង។

នៅខាងក្រោមសង្វៀន លោកថៃ អ៊ូ ជាអ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតបានចេញមុខបញ្ជាដោយផ្ទាល់ទៅលើកីឡាករYorth Phith ឲ្យវាយនៅទឹកបន្ទាប់ ដើម្បីកុំឲ្យមានការបណ្ដេញចុះនិងមិនឲ្យលុយដូចគ្នានឹងកីឡាករថៃមួយរូបដែលធ្លាប់ទទួលពិន័យនោះ។

មិនខុសគ្នាដែរ លោកញាណ សុធី ដែលជាអ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏ឆ្ការដៃឆ្កាជើងឲ្យ ឃីម បូរ៉ា ធ្វើការប្រកួតនៅពេលសម្រាកពីការផ្សាយបន្តផ្ទាល់នោះផងដែរ។ អ៊ីចឹងហើយទើបក្នុងទឹកទី៤គេឃើញអ្នកទាំងពីរវាយគ្នាខ្លាំងៗ ដែលត្រូវគេកត់សម្គាល់ថាជាឆាកប្រយុទ្ធដែលមានលក្ខណៈទាក់ទាញ។ ការប្រកួតរបស់បានថយកម្តៅបន្តិចវិញនៅទឹកទី៥ ដោយសារតែកីឡាករឃីម បូរ៉ា ទម្លាក់ដៃដូចមុនហើយមិនសូវប្រឹងតស៊ូ។ លទ្ធផលចុងក្រោយ កីឡាករថៃបានក្លាយជាអ្នកឈ្នះការប្រកួត ខណៈដែលកីឡាករកម្ពុជាត្រូវអ្នកទស្សនានិងគណៈកម្មការរៀបចំការប្រកួតចោទថាមិនសូវចង់ប្រកួត។

លោកញាណ សុធី បញ្ជាក់ថាលោកមិនសូវសប្បាយចិត្តចំពោះគូប្រកួតនេះឡើយ ដោយលោកព្រលយថាបើកុំតែក្នុងទឹកទី៤និងដើមទឹកទី៥ អ្នកទាំងពីរប្រកួតគ្នាបានល្អបន្តិច កុំអីបញ្ហាបណ្ដេញចុះនិងវិធានការកាត់ប្រាក់តម្លៃខ្លួននឹងត្រូវកើតឡើង។ លោកហាក់សង្កត់បញ្ហាទៅលើ ឃីម បូរ៉ា ច្រើនជាង ដោយអះអាងថាគេមិនសូវចង់ប្រកួតទើបបណ្ដាលឲ្យកីឡាករថៃក៏មិនសូវចង់វាយ។

ឆ្លើយតបនឹងបញ្ហានេះ ឃីម បូរ៉ា បានអះអាងថាហេតុផលដែលខ្លួនមិនអាចប្រកួតអស់ពីសមត្ថភាពគឺដោយសារតែបញ្ហាកំរាលនៅលើសង្វៀនរអិលខ្លាំងប៉ុណ្ណោះ។ លោកនិយាយថា៖ “ឲ្យខ្ញុំវាយយ៉ាងម៉េចបើរេញរអិលរកតែវ៉ៃអីអត់កើតផងហ្នឹង អ្នកជូតគឺជូតស្អាតតែខាង(បង្គោលឲ្យទឹក)ខ្ញុំទេ តែនៅកណ្ដាលរេញនិងខាងថៃគឺរអិលមែនទែន!”។ លោកថាភាគីខាងថៃហាក់ធ្នឹកនឹងកំរាលរំអិលទើបគេមិនសូវមានបញ្ហា ប៉ុន្តែលោកថាមិនអាចប្រកួតក្នុងស្ថានភាពបែបហ្នឹងបានទេ ដោយលោកបញ្ជាក់ថាអ្នកជូតកំរាលជូតមិនស្ងួតទឹកនោះទេ គ្រប់ពេលឲ្យ ទឹកម្ដងៗ។  ពាក់ព័ន្ធនឹងបញ្ហានេះ លោក ញាន សុធី បានទទួលស្គាល់ថាភាពរអិលរបស់កំរាលគឺពិតជាកើតមានមែន ដោយសារតែក្រោយការប្រកាសលទ្ធផល ក្រុមការងារបានត្រួតពិនិត្យគឺឃើញកំរាលមានភាពសើមជូតមិនស្ងួតមែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ