នាយករដ្ឋមន្រ្តី​ប្រកាស​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយធំ​ដោះស្រាយ​បញ្ហាខ្វះទឹក

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសបញ្ចប់”យុទ្ធនាការទ្រង់ទ្រាយធំ”ក្នុងការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋក្នុងអំឡុងពេលគ្រោះរាំងស្ងួត តែលោកថាមិនមែនបញ្ចប់ការចែកទឹកជូនប្រជាពលរដ្ឋក្នុងតំបន់ដែលនៅខ្វះខាតទឹកនោះទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ហ៊ុន សែន បានថ្លែងថាការបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំនេះ ដោយសារមានភ្លៀងធ្លាក់ឡើងវិញ។ លោកបានបញ្ជាក់ថាយុទ្ធនាការទ្រង់ទ្រាយនេះគឺមានន័យថាបញ្ចប់ការបញេ្ចញថវិការដ្ឋនិងបញ្ចប់ការបញ្ចេញកម្លាំងប្រដាប់អាវុធនិងរថយន្តផ្សេងៗទៅជួយប្រជាពលរដ្ឋ។ តែលោកថាការចុះជួយទឹកដល់ពលរដ្ឋដែលនៅតែរងគ្រោះ នៅតែបន្តដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យអាជ្ញាធរបន្តជីកស្រះនិងអណ្តូងទឹក ដោយលោកថាដើម្បីជៀសវាងផលលំបាកនៅឆ្នាំក្រោយទៀត។

កាលពីថ្ងៃទី២៦ខែមេសា លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរសាធារណៈនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចេញប្រតិបត្តិការជួយប្រជាពលរដ្ឋឲ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនកំពុងជួបបញ្ហាខ្វះទឹក។ លោកបានបញ្ជាឲ្យក្រសួងធនធានទឹក អាជ្ញាធរខេត្ត កាកបាទក្រហមនិងក្រុមការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរកវិធីផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “យើងមានអណ្តូងទឹក ឬទឹកពីខាងណាក៏ដោយនិយាយរួមគ្រប់ផ្នែកធ្វើសកម្មភាព ទាំងរដ្ឋ ទាំងឯកជន ទាំងកាកបាទក្រហម ហើយខ្ញុំសុំឲ្យកម្លាំងប្រដាប់អាវុធចេញពីបន្ទាយធ្វើរឿងនេះ…ហើយខ្ញុំសូមអំពាវនាវឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាទុកការងារផ្សេងមួយអន្លើប្រមូលផ្តុំប្រាក់កាសនិងការចុះជួយមូលដ្ឋានមកជួយដោះស្រាយបញ្ហាទឹកវិញ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ