ប្រមុខ​អង្គការសហ​ប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (រូបភាពពី Reuters)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន នៅថ្ងៃព្រហស្បតិ៍នេះបានជំរុញឲ្យត្រឡប់ទៅរកការចរចាជាមួយកូរ៉េខាងជើងវិញ ខណៈលោកកំពុងធ្វើដំណើរទស្សនកិច្ចទៅកូរ៉េខាងត្បូងដែលជំរុញឲ្យមានមន្ទិលសង្ស័យអំពីមហិច្ឆិតារបស់លោកចង់ក្លាយជាប្រធានាធិបតីដឹកនាំប្រទេសកំណើតរបស់លោក។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា លោក បាន គីមូន បានថ្លែងនៅឯវេទិកាសន្តិសុខនិងសន្តិភាពនៅលើកោះ Jeju ភាគខាងត្បូងប្រទេសនេះថា៖ «យើងត្រូវតែស្វែងរកផ្លូវត្រឡប់ទៅរកការចរចាវិញ»។

ភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកំពុងបន្តកើតមានចាប់តាំងពីក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរលើកទី៤កាលពីខែមករាកន្លងមក។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ កូរ៉េខាងជើងបានស្នើដដែលៗឲ្យមានការពិភាក្សាខាងយោធាក្នុងបំណងបន្ធូរបន្ថយស្ថានការណ៍ ប៉ុន្តែកូរ៉េខាងត្បូងបានទាត់ចោលសំណើនេះដោយចាត់ទុកជាយុទ្ធសាស្ត្រឃោសនាប្រកបទៅដោយពុតត្បុត។

រដ្ឋបាលសព្វថ្ងៃរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Guen-Hye បានប្រកាន់ជំហរយ៉ាងតឹងរឹងថា ការចរចាជាមួយកូរ៉េខាងជើងអាចចាប់ផ្ដើមបាននៅពេលណាកូរ៉េខាងជើងមានការប្ដេជ្ញាចិត្តច្បាស់លាស់ចំពោះការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។

លោក បាន គីមូន បានព្រមានថាការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េអាចបង្កឲ្យមានស្រមោលខ្មៅគ្របដណ្ដប់ទៅលើតំបន់អាស៊ីភាគឦសាននិងហួសពីតំបន់នេះផងដែរ។

លោកបានបន្ថែមថា លោកស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីឆ្ពោះទៅមុខ ហើយលោកត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកតាមវិធីណាមួយដែលអាចមានប្រយោជន៍។

លោក បាន គីមូន បានខិតខំយ៉ាងសកម្មដើម្បីទទួលបានការអញ្ចើញទៅកូរ៉េខាងជើង ហើយដំណើរទស្សនកិច្ចបែបនេះត្រូវបានគេរៀបចំឡើងស្របពេលនឹងដំណើរទស្សនកិច្ចមួយទៅកាន់កូរ៉េខាងត្បូងកាលពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែផែនការបានបរាជ័យទៅវិញ។

ដំណើរទស្សនកិច្ចទៅកូរ៉េខាងជើងនឹងផ្ដល់នូវទិដ្ឋភាពនយោបាយដ៏ធំធេងមួយសម្រាប់លោកដែលមានបំណង់ហក់ចូលប្រកួតប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ២០១៧ខាងមុខ បន្ទាប់ពីលោកលាឈប់ពីតំណែងប្រមុខអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះ។

លោក បាន គីមូន បានបដិសេធបញ្ជាក់អំពីការឈរឈ្មោះនេះ បើទោះបីជាកាលពីថ្ងៃពុធម្សិលមិញលោកផ្ដល់នូវតម្រុយមួយថាលោកនឹងពិចារណានូវអ្វីដែលលោកគួរធ្វើក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូងមួយរូបបន្ទាប់ពីចាកចេញពីអង្គការសហប្រជាជាតិ។

ខណៈដែលអំពាវនាវឲ្យមានការចរចាជាមួយកូរ៉េខាងជើង លោក បាន គីមូន ក៏បានជំរុញឲ្យសហគមន៍អន្តរជាតិ អនុវត្តនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលបានដាក់ទៅលើក្រុងព្យុងយ៉ាងដោយសារការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនាពេលកន្លងមកថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ