​​ខេមមិនទាន់ចូលខ្លួនដោះស្រាយ​រហូត​មកដល់ពេលនេះ

(រូបថតតាមបណ្តាញសង្គមហ្វេសប៊ុក)

មកទល់ពេលនេះ តារាចម្រៀងផលិតកម្មថោន លោក ប៊ុន សុខណារិន ហៅខេម មិនត្រូវបានគេដឹងថាស្ថិតនៅឯណានៅឡើយទេ ខណៈដែលទូរស័ព្ទរបស់លោកក៏ទាក់ទងមិនបាន តាំងពីលោកជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៨ខែឧសភា ហើយបណ្តាលឲ្យបុរសម្នាក់ស្លាប់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺម្ដាយរបស់លោកបានបញ្ជាក់ថាមិនដឹងពីដំណឹងរបស់លោក ក្នុងពេលដែលនគរបាលនិងតំណាងផលិតកម្មថោនក៏អះអាងថាមិនបានឃើញលោកដូចគ្នាតាំងពីថ្ងៃមានរឿង។

អ្នកស្រី ឡាច ម៉ាលី ម្ដាយរបស់លោកខេម បានអះអាងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកក្នុងពេលអ្នកស្រីចូលខ្លួនតាមការកោះហៅរបស់តុលាការកាលពីថ្ងៃទី២៧ ឧសភា ជំនួសឲ្យលោកខេមថា អ្នកស្រីមិនទាន់បានឃើញមុខកូនប្រុសនិងមិនដឹងថាលោកខេមទៅស្នាក់នៅឯណានៅឡើយទេចាប់តាំងពីលោកមានរឿងបុកគ្នា ហើយបណ្ដាលឲ្យភាគីម្ខាងទៀតត្រូវស្លាប់នៅនឹងកន្លែង។ អ្នកស្រីថាខ្លួននិងកូនស្រីគឺជាអ្នកចេញមុខដោះស្រាយឲ្យលោកខេមទាំងស្រុង ទាំងការសម្រុះសម្រួលជាមួយភាគីជនរងគ្រោះនៅចំពោះមុខប៉ូលិសនិងការចូលខ្លួនតាមការកោះហៅរបស់តុលាការកាលពីព្រឹកថ្ងៃទី២៧ ឧសភា ដោយអ្នកស្រីបញ្ជាក់ថាមិនទាន់ទាក់ទងលោកខេម បាននិងមិនដឹងថាលោកខេមសម្ងំលាក់ខ្លួននៅជាមួយណា ហើយនៅឯណាឡើយ។ អ្នកស្រីបានប្រាប់បណ្ដាញសារព័ត៌មានថា ខ្លួនក៏កំពុងតាមរកលោកខេមដូចគ្នា ប៉ុន្តែមកពីមិនទាន់អាចទាក់ទងបាន ទើបមានតែការរង់ចាំឲ្យលោកខេមទាក់ទងមកវិញ។

ក្នុងការសម្រុះសម្រួលនៅចំពោះមុខតុលាការកាលពីថ្ងៃទី២៧ ឧសភា អ្នកស្រីបានអះអាងខ្លួនមានលទ្ធភាពផ្ដល់ឲ្យជនរងគ្រោះចំនួន៤ពាន់ដុល្លារ បន្ទាប់ពីបានយកប្លង់ផ្ទះទៅដាក់ធនាគារ ប៉ុន្តែត្រូវបានភាគីជនរងគ្រោះមិនព្រមសម្រួលនៅចំពោះមុខតុលាការ ដោយនៅរក្សាជំហរកំណត់យក២៥០០០ដុល្លារ។ មិនមានការបញ្ជាក់ថាលោកខេមកំពុងរត់គេច ឬសម្ងំលាក់ខ្លួនដើម្បីគេចចេញពីបញ្ហាដែលត្រូវប្រឈម ឬយ៉ាងណានោះ ប៉ុន្តែយោងតាមការអះអាងរបស់អ្នកស្រី ឡាច ម៉ាលី គឺស្របនឹងសម្ដីរបស់មន្ត្រីប៉ូលិសនិងមន្ត្រីទទួលខុសត្រូវប្រចាំផលិតកម្មថោន។

លោក មាស សុខរតនៈ បានថ្លែងប្រាប់ថារហូតមកទល់ពេលនេះ លោកមិនទាន់ដឹងថាតារាចម្រៀងខេម ស្ថិតនៅឯណា ហើយមានសភាពយ៉ាងណានៅឡើយទេ ដោយសារតែលោកព្យាយាមទាក់ទងតែលេខទូរស័ព្ទគ្រប់ខ្សែសុទ្ធតែទាក់ទងមិនបាន។ លោកនិយាយថា៖ “ខ្ញុំមិចដឹងថាខេមយ៉ាងម៉េច បើខ្ញុំព្យាយាមទាក់ទងគាត់តាំងពីថ្ងៃកើតហេតុ នៅមិនទាន់ទាក់ទងបានផងហ្នឹង”។

មិនខុសគ្នាដែរលោក សឿន សារឿន នាយរងផ្នែកវាស់វែងនៃការិយាល័យចរាចរជើងគោក បានអះអាងកាលពីល្ងាចថ្ងៃទី២៧ ឧសភា ថា តាំងពីលោកចុះវាសវែង និងបានដើរតួជាអ្នកសម្រុះសម្រួលរវាងគ្រួសារអ្នកស្លាប់ និងតារាចម្រៀងខេម គឺលោកមិនដែលបានជជែកដោយផ្ទាល់ជាមួយតារាចម្រៀងរូបនេះ សូម្បីតែតាមទូរស័ព្ទនោះទេ។ ប៉ុន្តែដោយឃើញគ្រួសាររបស់លោក និងតំណាងផលិតកម្មថោនចេញមុខដោះស្រាយជំនួស ទើបក្រុមមន្ត្រីប៉ូលិសមិនខ្វល់រឿងតារាចម្រៀងខេម បាត់ខ្លួនទៅណា។ យ៉ាងណាមិញ ការលើកឡើងរបស់លោកត្រូវបានលោកមាស សុខរតនៈ បញ្ជាក់ថាតំណាងផលិតកម្មថោន គឺលោកមិនបានដឹងគឺមន្ត្រីណាមួយជាអ្នកចេញមុខទៅដោះស្រាយក្នុងនាមផលិតកម្ម ជាមួយក្រុមប៉ូលិសនោះទេ ដោយសារតែលោកដែលជាអ្នកគ្រប់គ្រងទូទៅមិនបានដឹង។ លោកសឿន សារឿន បញ្ជាក់ថា លោកខេមមិនដែលចូលខ្លួនមកធ្វើការដោះស្រាយនោះទេ ដោយតាំងពីថ្ងៃមានរឿងគឺមានតំណាងរបស់លោកជាអ្នកចូលខ្លួនមកដោះស្រាយជំនួសរហូត។ លោកនិយាយថា៖ “មកទល់ថ្ងៃហ្នឹងខ្ញុំអត់ដឹងថាខេមហ្នឹងនៅណាទេ យើងចង់ឲ្យគាត់មកបំភ្លឺករណីគ្រោះថ្នាក់ក៏មិនដែលឃើញដែរ ប៉ុន្តែឥឡូវរឿងហ្នឹងវាផុតពីដៃខ្ញុំហើយ ដោយសារតែខ្ញុំបានបញ្ជូនទៅតុលាការ ហើយបើករណីតុលាការសម្រុះសម្រួលមិនបានអី គឺតុលាការគាត់ចេះកាត់ក្ដីហើយ!”។ លោកបន្តបដិសេធបង្ហើបថាលោកខេមមានចំណែកត្រង់ណាខុស ហើយភាគីខាងអ្នកស្លាប់គឺលោកលី ការិន មានចំណែកខាងណាខុស។ លោកនិយាយថា៖ “រឿងខុសគឺមានដូចគ្នា តែទុកឲ្យតុលាការគាត់ជាអ្នកវែកញែកទៅ ខ្ញុំអត់អាចនិយាយថាអ្នកណាខុសបានទេព្រោះខ្លាចខ្ញុំនិយាយអញ្ចេះ វាខុសនឹងយល់ឃើញរបស់តុលាការ!”។ លោកថាតារាចម្រៀងខេមមិនអាចលាក់ខ្លួនបែបនេះ មិនចូលខ្លួនដោះស្រាយបានទេ ជាពិសេសនៅពេលភាគីខាងជនរងគ្រោះ នៅតែមិនព្រមទទួលយកសំណងចំនួន៤ពាន់ដុល្លារតាមការសម្របសម្រួលរបស់តុលាការ។

លោកលី ម៉ាត់លី បងប្រុសរបស់អ្នកស្លាប់បានអះអាងថា ដរាបណាតារាចម្រៀងខេម នៅតែប្រកាន់ជំហរផ្ដល់សំណងអោយលោកក្រោមចំនួន២៥០០០ដុល្លារ នោះលោកនឹងជំរុញឲ្យតុលាការបន្តនិតិវិធី ដោយនឹងមិនទទួលយកការសម្រុះសម្រួលនោះឡើយ។ លោកថាចំនួនដែលគ្រួសារខេមផ្ដល់អោយ គឺមិនស្មើនឹងការខូចខាតរថយន្តទាំងស្រុងរបស់ប្អូនប្រុសនោះផង ទើបលោកមិនអាចទទួល៕

ផលិតកម្មថោនព្រួយបារម្ភរឿងខេមបើកឡានបុកគ្នា បណ្ដាលឲ្យម្នាក់ស្លាប់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ