សព​ភ្ញៀវ​ទេសចរ​ទី​បួន​រក​ឃើញ​ក្រោយ​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​ថៃ

(រូបភាពពី AP)

សាកសពបុរសជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួនអស់រយៈពេលបួនថ្ងៃក្រោយពីទូកទេសចរណ៍ល្បឿនលឿនមួយគ្រឿងបានក្រឡាប់លិចនៅភាគខាងត្បូងប្រទេសថៃនោះ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញ នៅលើថ្មជិតនឹងទីតាំងដែលទូកនោះលិចដោយនាំឲ្យចំនួនអ្នកស្លាប់កើនដល់៤នាក់។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាទូកមួយគ្រឿងដែលដឹកភ្ញៀវទេសចរ៣២នាក់ រួមទាំងនាវិក៤នាក់ បានក្រឡាប់លិចកាលពីរសៀលថ្ងៃទី២៦ ខែឧសភាកន្លងមក បន្ទាប់ពីវារងការបោកបក់ពីរលកនៅជិតឆ្នេរកោះសាមុយដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញនៅឈូងសមុទ្រថៃ។

ភ្ញៀវទេសចរទាំងអស់បានខ្ទាតចេញពីទូកដោយអ្នកខ្លះជាប់នៅក្នុងពោះទូក។ សាកសពស្ត្រី៣នាក់ដែលជាជនជាតិអង់គ្លេស អាល្លឺម៉ង់ និងហុងកុងត្រូវបានគេរកឃើញ ខណៈក្រុមអ្នកសង្គ្រោះបានចេញស្វែងរកបុរសជនជាតិអង់គ្លេសលោក Jason Parnell។

តម្រួតថៃបានប្រាប់ថាបុគ្គលិកសង្គ្រោះបានរកឃើញសាកសពលោក Jason Parnell នៅជិតកន្លែងកើតហេតុ។

ទូកទេសចរណ៍នៅតំបន់ឆ្នេរដ៏ល្បីល្បាញរបស់ប្រទេសថៃបើកបរយ៉ាងព្រហើន ហើយពុំមានអាវការពារលង់ទឹកគ្រប់គ្រាន់នោះឡើយ។

ទូកល្បឿនលឿននៅថៃតែងតែផ្ទុកមនុស្សលើសលប់ដោយសារតែក្រុមហ៊ុនចង់បានចំណេញច្រើនពីការធ្វើដំណើរមួយជើងៗ។

តម្រួតថៃបានចោទប្រកាន់ប្រធានបើកបរទូកនោះដែលបានបើកបរធ្វេសប្រហែសបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួស។ បទល្មើសនេះអាចជាប់គុកដល់ទៅ១០ឆ្នាំ។

ទោះបីវិស័យទេសចរណ៍នៅតែជាប្រភពចំណូលសំខាន់សម្រាប់ប្រទេសថៃក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់ថៃបានរងគ្រោះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលមានភ្ញៀវទេសចរស្លាប់ដោយធ្វើដំណើរតាមរថយន្តក្រុង ទូក និងបទល្មើសឧក្រិដ្ឋផ្សេងនិងអស្ថេរភាពនយោបាយអស់រយៈពេល ១០ឆ្នាំមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ