រដ្ឋាភិបាលបង្គាប់ឲ្យ​តំណាងរាស្រ្តបក្ស​កាន់អំណាច ​លោក ឡោក ហ៊ួរ ចូលដោះស្រាយទំនាស់ដីធ្លី

រូបថតពី​គេហទំព័ររបស់រដ្ឋសភា​

រដ្ឋាភិបាលបានចេញលិខិតមួយច្បាប់ ដោយតម្រូវឲ្យលោក ឡោក ហ៊ួរ ដែលជាតំណាងរាស្រ្ដមណ្ឌលបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជា ចូលដោះស្រាយទំនាស់ដីធ្លី បន្ទាប់ពីក្រសួងដែនដីបានសម្រេចដាក់រូបលោកក្នុងបញ្ជីខ្មៅនៃទំនាស់ដីធ្លី។

ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែឧសភា ទីស្ដីការគណៈរដ្ឋមន្រ្ដីសម្រេចថា៖ “តម្រូវឲ្យឯកឧត្តមឡោក ហ៊ួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែលទទួលរងពីការរំលោភបំពាននិងជាមួយសម្ថតកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់ទំនាស់និងស្មារតីទទួលខុសត្រូវ”។ លិខិតបានឲ្យដឹងទៀតថារដ្ឋបាលសុរិយោដីផ្អាកធ្វើការចុះបញ្ជី ឬធ្វើការផ្ទេរផ្នូរដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីករាលដាល និងជាការទប់ស្កាត់កុំឲ្យលោក ឡោក ហ៊ួរ បង្កទំនាស់និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មទៀត។

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចំណាត់ការនេះធ្វើឡើងតាមលិខិតរបស់ក្រសួងដែនដីចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋមន្រ្តីថ្មីក្រសួងដែនដីដែលទើបត្រូវបានតែងតាំងកាលពីខែមេសា លោក ជា សុផារ៉ា បានដាក់លោក ឡោក ហ៊ួរ ក្នុងបញ្ជីខ្មៅ បន្ទាប់ពីក្រសួងរកឃើញថាលោកមានទំនាស់ដីធ្លីច្រើនកន្លែង។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានព្យាយាមបដិសេធមិនអត្ថាធិប្បាយ ដោយគ្រាន់តែប្រាប់ឲ្យដឹងថាព័ត៌មានបឋមដែលក្រសួងទទួលបានពីប្រជាពលរដ្ឋគឺមាននៅក្នុងទីក្រុងភ្នំពេញនិងខេត្ដកណ្ដាល។ លោកបញ្ជាក់ថាក្រសួងនឹងដោះស្រាយបញ្ហានេះនៅពេលខាងមុខនេះ។

ជាការឆ្លើយតប លោក ឡោក ហ៊ួរ បានប្រាប់វីអូឌីថាចំពោះករណីទំនាស់ដីធ្លីនេះគឺមិនមែនជាទំនាស់ជាមួយប្រជាពលរដ្ឋទេ តែជាទំនាស់ជាមួយពួកឈ្មួញដីធ្លី។ លោកបានបដិសេធមិនអត្ថាធិប្បាយបន្ថែមទៀត។

កាលពីថ្ងៃទី៥ ឧសភា អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានចេញលិខិតមួយច្បាប់ទៅអភិបាលស្រុកពីរគឺស្រុកកៀនស្វាយ និងស្រុកស្អាង ដោយស្នើឲ្យទប់ស្កាត់និងនិងបញ្ឈប់សកម្មភាពជីក ឈូសឆាយដីអនាធិបតេយ្យក្នុងតំបន់ដែលលោក ឡោក ហ៊ួរឬអ្នកដទៃទៀតគ្រប់គ្រងមិនស្របច្បាប់និងមិនអនុញ្ញាតឲ្យមានការទិញលក់ឬផ្ទេរសិទ្ធិគ្រប់គ្រងព្រមទាំងចេញលិខិតស្នាមលើដីវិវាទ រហូតដល់ពេលដែលខេត្តបានដោះស្រាយនិងចេញលិខិតណែនាំសាជាថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ