ជន​ជាតិ​ដើម​ភាគតិ​ច​នៅ​រតនគិរី​​ប្រឆាំង​នឹង​គម្រោង​​ជីក​រក​រ៉ែ​នៅ​ក្នុងដី​សហ​គមន៍​

សហគមន៍ជនជាតិដើមភាគតិចចារ៉ាយនៅខេត្តរតនគិរីព្រួយបារម្ភពីការបាត់បង់ដីចម្ការនិងសន្តិសុខរបស់ប្រជាសហគមន៍ ដោយថាក្រុមហ៊ុនរុករករ៉ែមាសមួយបានចុះធ្វើការសិក្សាស្រាវជ្រាវនៅលើដីសហគមន៍របស់ខ្លួន។

សហគមន៍ជនជាតិដើមភាគតិចចារ៉ាយនៅភូមិ ប្លង់ ឃុំប៉ាតេ ស្រុកអូយ៉ាដាវ ដែលមានចំនួន១០៤គ្រួសារបានលើកឡើងថាពួកគេកំពុងតែព្រួយបារម្ភពីការបាត់បង់ព្រៃអារក្ស ដីចម្ការវិលជុំនិងសន្តិសុខនៅក្នុងសហគមន៍បន្ទាប់ពីក្រុមហ៊ុនរុករកមាសរបស់ប្រទេសកាណាដាមួយឈ្មោះ អង្គរហ្គោល បានចុះមកធ្វើការស្រាវជ្រាវនៅលើដីចម្ការរបស់ពួកគេកាលពីឆ្នាំ២០១៥។ ប្រជាសហគមន៍ថាពួកគេប្រឆាំងនឹងគម្រោងជីករករ៉ែនេះ។

ប្រជាសហគមន៍ជនជាតិចារ៉ាយភូមិប្លង់ ម្នាក់លោក រម៉ាម ទីន បានឲ្យដឹងថាប្រជាសហគមន៍ភូមិប្លង់នៅសល់តែដីភាគខាងត្បូងភូមិដែលក្រុមហ៊ុនបានចុះមកសិក្សា។ លោកបានបង្ហាញក្តីបារម្ភថានៅពេលដែលក្រុមហ៊ុនចុះមកធ្វើអាជីវកម្មរុករករ៉ែមាសនៅទីនោះថានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ លោកថា ៖“ប្រជាជនឥឡូវអត់ដូចមុនទេ ពីមុនគេហៅចម្ការវិលជុំ។ កាប់អានេះដាំអានោះកាប់អានោះដាំអានេះវិញណា ឥឡូវអត់ទេ!ចន្ទី(ដើមស្វាយចន្ទី)ដេញតាមពីក្រោយរហូត។ … អញ្ចឹងហេតុអីប្រជាពលរដ្ឋព្រួយបារម្ភ? ដល់ពូកហ្នឹងចូលមកប្រជាពលរដ្ឋអត់មានកន្លែងធ្វើទេណា!(បាត់បង់ដីធ្វើចម្ការ) ព្រោះប្រជាពលរដ្ឋរាល់ថ្ងៃកំពុងតែរកស៊ីកំពុងតែប្រកបអាជីវកម្មប្រកបមុខរបរកំពុងឈានទៅមុខ”។

លោកបន្ថែមថាទាំងរូបលោកទាំងប្រជាសហគមន៍មិនសង្ឃឹមថាការធ្វើអាជីវកម្មរុករករ៉ែមាសនៅក្នុងសហគមន៍ខ្លួន អាចផ្តល់អត្ថប្រយោជន៍និងលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ឲ្យបានប្រសើរនោះទេ ហើយប្រជាសហគមន៍ជំទាស់ជាដាច់ខាតមិនឲ្យមានការរករករ៉ែមាសនេះនៅក្នុងតំបន់របស់ខ្លួន។ លោកបន្តថា៖ “ថ្ងៃមុន(ក្រុមហ៊ុន)ឲ្យចូលរួមធ្វើបង្គន់ ប្រជាជនដាច់ខាតថាអត់ធ្វើទេ! ធ្វើធើអីបង្គន់ បើគេយកដីអស់ ទីមួយ។ ទីពីរ បើក្រុមហ៊ុនធ្វើផ្លូវយកផ្លូវធ្វើអីបើដីអស់ហើយ ដឹកអីមានអីដឹកបើអស់ហើយអស់ដីហើយ អញ្ចឹងប្រជាជនសម្រេចថាអត់! ” ។

ប្រធានសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ នៅភូមិប្លង់ លោក សេវ ហ្លិត បានឲ្យដឹងថាថ្វីត្បិតតែក្រុមហ៊ុននេះមិនទាន់បានធ្វើអាជីវកម្មនៅឡើយ ក៏លោកមានការបារម្ភពីសកម្មភាពរបស់ក្រុមហ៊ុនទៅលើដីរបស់ប្រជាសហគមន៍។ លោកបញ្ជាក់ថាការចុះស្រាវជ្រាវនេះធ្វើឲ្យប្រជាពលរដ្ឋបារម្ភពីសន្តិសុខក្នុងតំបន់។

ទាក់ទងទៅនឹងបញ្ហានេះ តំណាងក្រុមហ៊ុនអង្គរហ្គោល លោក ម៉ា សំអាត មានប្រសាសន៍ថាក្រុមហ៊ុនបានធ្វើការសម្របសម្រួលជាមួយសហគមន៍ អាជ្ញាធរ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនក្នុងការស្វែងរកដំណោះស្រាយជូនពួកគាត់ ដោយបង្កើតឲ្យមានវេទិកាមួយចំនួនដើម្បីឲ្យពួកគាត់ចូលរួមបង្ហាញពីកង្វល់ និងសំណូមពររបស់ពួកគាត់ តែលោកថាទោះបីជាមានវេទិកានេះយ៉ាងណាក៏ដោយ ប្រជាសហគមន៍នៅតែមិនព្រមបញ្ចេញនូវកង្វល់និងសំណូមពរដើម្បីឲ្យក្រុមហ៊ុនរកដំណោះស្រាយជូនពួកគាត់។

លោកថា៖“យើងធ្វើលិខិតមួយស្នើឡើងទៅខេត្ត ស្នើសុំប្រជុំ។ មានមេភូមិ សហគមន៍ប្រជាពលរដ្ឋ មានNGOs មានខ្មែរលើ មានICSO មានអាដហុក មានDPA មានលីកាដូ ហើយមានស្រុក(អាជ្ញាធរ)មានអីចូលទៅ(ប្រជុំ)។ ពេលដែលយើងប្រជុំគាត់មកប្រហែលជា២០០ទៅ៣០០នាក់មួយវេទិកាប្រជុំ។ យើងគ្រាន់តែបើកកម្មវិធីអីចប់ និយាយចប់ ឲ្យគាត់លើកឡើងកង្វល់ គាត់ថាអត់ឲ្យធ្វើ ហើយដើរចេញពីអង្គប្រជុំប្រាវ”។

លោកបន្ថែមទៀតថា៖ “អញ្ចឹងនៅពេលដែលសិក្សាស្រាវជ្រាវហ្នឹងខ្ញុំចង់ឲ្យពួកគាត់មកធ្វើការជាមួយ ពីពេលហ្នឹងទៅប្រសិនជាក្រុមហ៊ុនគេរកឃើញរ៉ែ អនាគតទៅអ្នកដែលធ្វើការហ្នឹងគាត់មានជំនាញ … ប្រពៃណីទំនៀមទម្លាប់ប្រហែលជាគាត់នឹងចោទ! ហើយគាត់ត្រូវរៀបចំខ្លួនគាត់ថាប៉ុន្នាដែលគាត់ចង់ទុកប្រពៃណីរបស់គាត់ ព្រោះអីគេមានអង្គការដែលជួយជ្រោមជ្រែងគាត់ខាងហ្នឹងដែរ។ … ប្រសិនជាយើងយល់អ្វីៗ ទាំងអស់គ្នាហ្នឹងយើងទៅបាត់ហើយ ប៉ុន្តែរាល់ថ្ងៃយើងនៅអត់យល់ ការអភិវឌ្ឍលឿនពេក ប្រជាពលរដ្ឋអត់ទាន់តាមទាន់”។ 

មេឃុំប៉ាតេ លោក រម៉ាម យួត បានប្រាប់វីអូឌីថាប្រជាជននៅក្នុងភូមិប្លង់នេះទាំងអស់គឺមិនគាំទ្រឲ្យមាន ការរុករកនិងធ្វើអាជីវកម្មរ៉ែមាសនៅក្នុងតំបន់របស់គាត់ទេ។ លោកបន្ថែមថាអាជ្ញាធរបានដើរតួជាអ្ន កស្រមសម្រួលរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋជាច្រើនលើកមកហើយ ក៏ប៉ុន្តែលោកថានៅមិនទាន់ចេ ញជាលទ្ធផលនៅឡើយ។ លោកបន្ថែមថាលោកនឹងហៅខាងក្រុមហ៊ុននិងប្រជាពលរដ្ឋមកប្រជុំដើម្បីរកដំណោះស្រាយលើរឿងនេះនៅពេលខាងមុខ។

មន្ត្រីសម្របសម្រួលកម្មវិធីអង្គការសមាគមខ្មែរលើរតនគិរី លោក ផន សុភារ៉ា បានទទួលស្គាល់ថាក្រុមហ៊ុនពិតជាបានប្រជុំពិភាក្សាជាមួយប្រជាសហគមន៍ក្នុងការរកដំណោះស្រាយពិតមែន តែលោកយល់ថាការប្រជុំពិភាក្សាទាំងនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ទើបបញ្ហានៅតែមិនទាន់ដោះស្រាយបាន។ លោកបានជំរុញនិងឲ្យជាយោបល់ថាគួរតែមានការប្រជុំពិភាក្សាគ្នារវាងក្រុមហ៊ុននិងប្រជាសហគមន៍ឲ្យបានច្រើន ពិសេសគួរតែធ្វើជាភាសាជនជាតិដើម។

លោកមានប្រសាសន៍ថា៖“គាត់(ក្រុមហ៊ុន)បានផ្តល់ឱកាសច្រើនដូចជានៅភូមិតាំងម្លូរ ភូមិប្លង់ គឺគាត់ចូលរួមការពិភាក្សាជាមួយនឹងអ្នកភូមិ … បើគិតថាគ្រប់គ្រាន់វាអត់ទាន់ជាគ្រប់គ្រាន់នៅឡើយទេ យើងត្រូវការជជែកពិភាក្សា តទៅទៀត ដោយសារតែជនជាតិដើមភាគតិចគាត់មានការយល់ឃើញខុសគ្នា ហើយពេលដែលយើងទៅពិគ្រោះយោបល់យើងព្យាយាមកុំនាំមានវត្តមានរបស់អាជ្ញាធរ ពីព្រោះពេលខ្លះសហគមន៍គាត់មានការភ័យខ្លាចមិនហ៊ានបញ្ចេញមតិយោបល់ វាអាចជាគំនាបមួយដែរ មួយទៀតគាត់និយាយភាសាដើមរបស់គាត់ដូច្នេះហើយការពិគ្រោះយោបល់គួរតែធ្វើតាមភាសាដើមរបស់គាត់”។

រហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុននិងជនជាតិដើមភាគតិចមួយចំនួនមិនហ៊ានចូលទៅធ្វើការរុករកឬធ្វើការដាំដំណាំនៅលើដីដែលកំពុងមានភាពប្រទាញប្រទង់ភូមិប្លង់នេះទេ ដោយភាគីប្រជាពលរដ្ឋថាខ្លាចក្រុមហ៊ុនចោទខ្លួនថាធ្វើចម្ការលើដីរបស់ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុនវិញបានផ្អាកសកម្មភាពខ្លួនបន្ទាប់ពីប្រជាពលរដ្ឋបានរារាំងមិនឲ្យរុករក។

ក្រុមហ៊ុនអង្គរហ្គោលនេះគឺជាក្រុមហ៊ុនរបស់ប្រទេសកាណាដា ដែលទទួលបានអាជ្ញាប័ណ្ណក្នុងការរុករករ៉ែលោហៈចំនួន៧កន្លែង នៅក្នុងខេត្តចំនួនពីរគឺខេត្តរតនគីរីនិងមណ្ឌលគីរី ចាប់តាំងពីឆ្នាំ២០០៩មក នៅលើផ្ទៃដីសរុបចំនួន១៤៤៨គីឡូម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ