អនាគត​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​អនុញ្ញាត​ឲ្យ​សម្លាប់​អ្នក​កាសែត​ពុក​រលួយ

បេក្ខភាពប្រធានាធិបតី​ហ្វីលីនលោក​​ Rodrigo Duterte (រូបភាពពី EPA)

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា អ្នកកាសែតប្រព្រឹត្តអំពើពុករលួយ គឺជាគោលដៅនៃការសម្លាប់ដោយស្របច្បាប់ ខណៈលោកក៏បានលើកឡើងពីការអនុញ្ញាតឲ្យបាញ់សម្លាប់ពួកឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងយុទ្ធនាការបង្ក្រាបដ៏ចម្រូងចម្រាស់នេះ។

លោក Duterte បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតកាលពីខែមុន ដោយសារគោលនយោបាយច្បាប់ និងបទបញ្ជាដ៏ចម្រូងចម្រាស់មួយ ដែលលោកប្ដេជ្ញាបញ្ចប់ឧក្រិដ្ឋកម្មគ្រឿង តាមរយៈការបាញ់សម្លាប់ជនសង្ស័យជាឧក្រិដ្ឋជន ១ម៉ឺននាក់ នៅក្នុងរយៈពេល ៦ខែ ។

អ្នកនយោបាយសម្ដីឈ្លើយរូបនេះ បានចាប់ផ្ដើមប្រើសម្ដីវាយប្រហារឧក្រិដ្ឋជននៅក្រោយការបោះឆ្នោត និងបានរំឭកឡើងវិញពីការប្ដេជ្ញារបស់លោកក្នុងការសម្លាប់ពួកឧក្រិដ្ឋជន ជាពិសេសជនជួញដូរគ្រឿងញៀន អ្នករំលោភផ្លូវភេទ និងឃាតករ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅក្នុងសន្និសីទកាសែតប្រកាសពីគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃអង្គារម្សិលមិញ នៅទីក្រុង Davao នៅភាគខាងត្បូងហ្វីលីពីននោះ លោក Duterte បាននិយាយថា អ្នកកាសែតដែលទទួលសំណូក ឬពាក់ព័ន្ធនឹងសកម្មភាពពុករលួយ ក៏សមតែស្លាប់ផងដែរ។

ហ្វីលីពីន គឺជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់អ្នកកាសែត ដោយមានអ្នកកាសែត ១៧៤នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីរបបប្រជាធិបតេយ្យដ៏ពុករលួយ និងវឹកវរមួយនេះ ចូលមកជំនួសរបបផ្ដាច់ការរបស់លោក Ferdinand Marcos កាលពី ៣ទសវត្សរ៍មុន។

លោក Duterte បាននិយាយថា ឃាតកម្មលើអ្នកកាសែតភាគច្រើន ដោយសារអ្នកកាសែតបានប្រព្រឹត្តអ្វីមួយ ហើយអ្នកកាសែតនឹងមិនត្រូវបានគេសម្លាប់ទេ ប្រសិនបើពួកគេមិនប្រព្រឹត្តអ្វីខុស។ លោកបន្ថែមថា អ្នកកាសែតជាច្រើននៅហ្វីលីពីន ប្រព្រឹត្តអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ