សុខ សោម៉ាវត្តី ​​​ថាមិន​ស្ដាយ​ជីវិត​អាពាហ៍ពិពាហ៍

​នាង​សុខ សោម៉ាវត្តី ពេល​រៀប​អាពាហ៍ពិពាហ៍​ កាលពីខែវិច្ឆិកា ឆ្នាំ​២០១២

ក្រុមតារាសិល្បៈជាច្រើនបានបន្តទម្លាយថាតារាសម្ដែងកូនមួយនាងសុខ សោម៉ាវត្តី មានវិបត្តិចង់ឆ្កួតចាប់តាំងពីជីវិតអាពាហ៍ពិពាហ៍របស់នាង និងស្វាមីត្រូវបានដាច់ដោច។ ក្រុមតារាទាំងនោះ បានទាំងប៉ាន់ស្មានថានាងប្រឹងសម្ដែងរឿងនិងធ្វើប្រឹងធ្វើឆ្កួតធ្វើជាក្នុងភាពយន្ត  ក៏ព្រោះតែចង់បន្លប់ទុក្ខបន្ទាប់ពីបាត់បង់តំណែងជាកូនប្រសារនាយឧត្តមសេនីយទូច ណារ៉ុថ មន្ត្រីជាន់ខ្ពស់ព្រោះតែការស្រណោះនោះផង ប៉ុន្តែត្រូវបានតារាស្រីរូបនេះច្រានចោលនិងបានបញ្ជាក់ថារឿងដែលបានកើតគឺនាងអត់បានសោកស្ដាយនោះទេ។

ឆ្លើយតបនឹងការចោទសួរថាតើនាងពិតជាមានអារម្មណ៍តុកស៊ិចនិងមានវិប្បដិសារីរហូតដល់ថ្នាក់ចង់ឆ្កួតដូចអ្វីដែលគេលើកឡើងនោះ ឬយ៉ាងណា នាងបានបញ្ជាក់ថាគឺខ្លួនមិនដល់ថ្នាក់ហ្នឹងនោះទេ។ នាងបានថ្លែងថាចាប់តាំងពីជីវិតស្នេហាមានរឿងចម្រូងចម្រាស គឺនាងមានវិធីត្រៀមចិត្តទទួលយករួចស្រេចទៅហើយ ដើម្បីឲ្យខ្លួនហ៊ានប្រឈមនឹងអ្វីដែលបានកើតឡើង។ នាងបានបញ្ជាក់យ៉ាងច្បាស់ៗថាអត់មានបញ្ហាខូចចិត្ត ឬមានការសោកស្ដាយនឹងជីវិតអាពាហ៍ពិពាហ៍នោះទេបើទោះជាពេលដែលនាងលើកឡើងពីប្រធានបទនេះ គឺនាងរមែងទឹកភ្នែករលីងរលោង។ នាងនិយាយថា៖ “សម្រាប់ខ្ញុំអ្វីដែលវាកើតឡើងហើយ ខ្ញុំអត់យកមកគិត ឬទៅកើតទុក្ខអីដល់ថ្នាក់ចង់ឆ្កួតអីដូចគេថាទេ គឺទុកអោយវារសាត់តាមខ្យល់ព្រោះធ្វើមិចវាចឹង!”។ បន្ថែមពីលើកិច្ចសម្ភាសន៍ជាមួយVOD  នាងបានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយថាហេតុផលដែលនាងនិងអតីតស្វាមីបែកគ្នាគឺដោយសារតែលោកទូច ដាណារ៉ា ជាបុរសសំបូរស្នេហ៍។ សុខ សោម៉ាវត្តី ទទួលស្គាល់ថាជីវិតស្នេហាមិនមាននារីណាម្នាក់ចង់អោយកើតរឿងបែកគ្នានោះទេ ប៉ុន្តែបើឈានដល់ដំណាក់កាលដោះស្រាយលែងបាន គឺវាគ្រប់គ្រាន់ណាស់សម្រាប់អោយនារីម្នាក់ស៊ូទ្រាំ។ មកទល់ពេលនេះ នាងថាអត់បានគិតអ្វីក្រៅពីរឿងការងារ និងការកសាងជីវិតជាថ្មីនោះទេ ដោយសារតែការពិបាកចិត្តមិនជួយអោយនាងចំណេញអ្វីក្រៅរឿងស្មុគស្មាញ។ នាងនិយាយថា៖ “ចិត្តខ្ញុំរាល់ថ្ងៃគឺរឿងចាស់អត់មាននឹកដល់តែម្ដង ចឹងហើយទើបអោយតែអ្នកណាសួរខ្ញុំពីរឿងហ្នឹង(លែងលះស្វាមី)គឺខ្ញុំអត់ចង់រំឭក!”។ នាងថាអារម្មណ៍និងផ្លូវចិត្តរបស់នាងបានក្លាយជាជំហររឹងប៉ឹងយូរហើយ ទើបធ្វើអោយនាងសប្បាយចិត្តនឹងការទទួលសម្ដែង ហើយអាចសម្ដែងបានជោគជ័យគ្រប់រឿង ជាក់ស្ដែងដូចជារឿង«អ្នកនាងម្ចាស់ឡឺកឺ» គឺជារឿងដែលនាងបញ្ជាក់ថាបានទទួលការសរសើរពេញទំហឹង។

somavatey
នាងសុខ សោម៉ាវត្តី

មិនខុសពីការលើកឡើងគេឃើញនាងសុខ សោម៉ាវត្តី កាន់តែសកម្មក្នុងការទទួលថតកុនដោយសូម្បីតែមានអ្នកលេងហ្វេសប៊ុកផ្ដល់យោបល់ថាជំហរទទួលសម្ដែងច្រើនរឿងនឹងធ្វើអោយនាងក្លាយជាតារាស៊ាំក្នុងក្រសែភ្នែកអ្នកទស្សនាក៏នាងមិនខ្វល់។ នាងនិយាយថា៖ “មានគេថាអោយខ្ញុំច្រើន ថាបើខ្ញុំលេងតួឯកបណ្ដាក់គ្នាដូចរាល់ថ្ងៃចឹងគឺពិតជាស៊ាំហើយធ្លាក់កូដ ប៉ុន្តែខ្ញុំអត់គិតចឹងទេ ព្រោះមានមនុស្សច្រើនចង់មើលការសម្ដែងរបស់ខ្ញុំ ម្យ៉ាងគឺបានលុយ និងមានការងារធ្វើផងទើបអោយតែអ្នកណាហៅលេងខ្ញុំទទួល!”។ យ៉ាងណាមិញនាងថាមិនអាចទទួលថតរឿងបែបនេះអស់មួយជីវិតនោះទេ ទើបនាងស្រវាស្រទិញក្នុងពេលដែលមានការចាប់អារម្មណ៍ពីក្រុមផលិតការនាពេលនេះ។ នាងថាការសម្ដែងរឿងបានជួយអោយនាងរឹងមាំ ហើយលែងមានអារម្មណ៍ឈប់ខ្វល់ទាំងស្រុងនឹងរឿងអតីតកាល។ ប៉ុន្តែនាងក៏ថ្ងូរអាណិតកូនស្រីដែលក្លាយជាក្មេងខ្វះភាពកក់ក្ដៅព្រោះតែម្ដាយឪពុកបែកគ្នា មិនខុសពីស្រ្តីដែលមានជីវិតលែងលះទូទៅផងដែរ។

គួរបញ្ជាក់ថានាងសុខ សោម៉ាវត្តី បានរៀបអាពាហ៍ពិពាហ៍កាលពីខែវិច្ឆិកា ឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ