វិភាគ៖ អ្វីជាមូលហេតុនៅពីក្រោយការស៊ើបអង្កេតលើស្នាមមេដៃរបស់បក្សប្រឆាំង?

ញត្តិរបស់គណបក្ស​សង្រ្គោះជាតិ​ ពេល​ដង្ហែទៅ​ថ្វាយព្រះមហាក្សត្រ​​កាល​ពីពេល​កន្លងទៅ

រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យមួយ ដើម្បីពិនិត្យស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅលើញត្តិដែលគណបក្សសង្គ្រោះជាតិថ្វាយព្រះមហាក្សត្រសុំអន្តរាគមន៍បញ្ហានយោបាយ ដោយរដ្ឋាភិបាលសង្ស័យថាស្នាមមេដៃនោះអាចមិនពិត។

នៅដើមសប្តាហ៍នេះ តំណាងរាស្ត្រគណបក្សប្រឆាំងបានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួបនិងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដោយថាជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រក៏ដូចជាព្រះមហាក្សត្រ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី បានចោទជាសំណួរវិញថាតើគណៈកម្មការដែលរដ្ឋាភិបាលបង្កើតឡើងនេះឯករាជ្យនៅត្រង់ណា ហើយលោកថាលទ្ធផលច្បាស់ថានឹងរកឲ្យឃើញតែកំហុស។ លោកមានប្រសាសន៍ថា៖ “ប្រសិនជាការត្រួតពិនិត្យយកទៅប្រើក្នុងផ្លូវអវិជ្ជមានវិញ តិចនិងច្រើនខ្ញុំគិតថានឹងមានការខុសឆ្គង វាមិនបាន១០០%ទេ។យើងមានបទពិសោធន៍ពីមុនមកចឹង មានអ្នកទៅបន្លំផ្តិតមេដៃពីរបីម្នាក់ឯង ប៉ុន្តែជាមនុស្សដែលគេប្រើឲ្យធ្វើ។ ចឹងក្នុងលក្ខខណ្ឌនេះបើគេរកគេរកឲ្យចំចំណុចទាំងអស់ហ្នឹងតែម្តង ខ្ញុំមិនហ៊ានថាគេធ្វើឬមិនធ្វើទេតែពីមុនមកធ្លាប់មានបែបហ្នឹង…

នៅក្នុងសេចក្តីសម្រេចមួយរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០២ ខែមិថុនា គណៈកម្មការស៊ើបអង្កេតនេះមាននាយឧត្តមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធាននិងសមាជិកចំនួន៥រូប ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួនទៀត។

លោកបណ្ឌិត មាស នី យល់ថានៅពេលគណៈកម្មការនេះចុះស្រាវជ្រាវនឹងត្រូវរងការរិះគន់ថាគឺជារូបគំរាមកំហែងមួយតាមរយៈកម្លាំងប្រដាប់អាវុធមុនពេលបោះឆ្នោត។ លោកមានប្រសាសន៍ថា៖ “វាជាវិធានការមួយធ្វើឲ្យមានការភ័យខ្លាចដោយសារតែគណៈកម្មការហ្នឹងបង្កើតតាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។ ចង់ឬមិនចង់មានការចោទថាគំរាមជាប្រព័ន្ធ

បន្ទាប់ពីរដ្ឋាភិបាលប្រកាសស៊ើបអង្កេតលើស្នាមមេដៃនោះ គណបក្សសង្រ្គោះជាតិបានឆ្លើយតបថារដ្ឋាភិបាលគួរតែហ៊ានឲ្យពលរដ្ឋដែលគាំទ្រញត្តិរបស់បក្សប្រឆាំងឡើងមកជួបជុំគ្នាបង្ហាញខ្លួននៅភ្នំពេញដោយថាមិនចង់ឲ្យរដ្ឋាភិបាលពិបាកចុះស៊ើបអង្កេតដល់មូលដ្ឋានខាតពេលនិងខាតលុយជាតិ។

លោក មាស នី គិតថាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលចុះធ្វើកោសល្យវិច្ច័យស្នាមមេដៃពលរដ្ឋដែលគាំទ្របក្សប្រឆាំងនិងការទាមទាររបស់គណបក្សសង្រ្គោះជាតិឲ្យអ្នកផ្តិតមេដៃទាំងនោះឡើងមកបង្ហាញខ្លួននៅភ្នំពេញ លោកសុទ្ធតែជាសាស្ត្រចាញ់ៗ ព្រោះរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិទៅលើបញ្ហានេះ ខណៈតម្រូវការរបស់ពលរដ្ឋជាច្រើនទៀតរដ្ឋាភិបាលមិនបានឆ្លើយតបគ្រប់គ្រាន់។ ចំណែកការហៅពលរដ្ឋមកបង្ហាញខ្លួននៅភ្នំពេញលោកថានាំតែខាតពេលពលរដ្ឋធ្វើកសិកម្ម។

សាស្ត្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា ក៏គិតថាការធ្វើកោសល្យវិច្ច័យស្នាមមេដៃនេះ ជារឿងនយោបាយនាំតែខាតថវិកាជាតិព្រោះកន្លងមកអ្នកគាំទ្ររដ្ឋាភិបាលក៏អះអាងថាខ្លួនបានប្រមូលស្នាមមេដៃពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានរដ្ឋសភាដែរ តែពេលនោះរដ្ឋាភិបាលមិនធ្វើកោសល្យវិច្ច័យរកការពិតនោះទេ។ លោកថានេះជារូបភាពគំរាមកំហែងខាងនយោបាយដល់ពលរដ្ឋដែលគាំទ្របក្សប្រឆាំង ខណៈការបោះឆ្នោតខិតជិតមកដល់។ លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាអត់មានផលប្រយោជន៍អីសម្រាប់ជាតិទេ ប៉ុន្តែរឹតតែនាំឲ្យមានការបែកបាក់ជាតិ បែងចែងក្រុមនេះក្រុមនោះបន្តទៀត។ កន្លងមកមានការដាក់ញត្តិច្រើនមែនទែនតែយើងអត់ឃើញមានស៊ើបអង្កេតឬកោសល្យវិច្ច័យបែបនេះទេ

ទោះជាយ៉ាងណាអ្នកនាំគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាការដែលរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតលើស្នាមមេដៃនេះគឺធ្វើឡើងតាមបន្ទួលព្រះមហាក្សត្រដែលរដ្ឋាភិបាលថា ដើម្បីជៀសវាងបក្សប្រឆាំងបោកប្រាស់ព្រះអង្គ។

ប៉ុន្តែលោក សូ ចន្ថា មានប្រសាសន៍ថាមកដល់ពេលនេះមិនទាន់ឃើញព្រះរាជសារព្រះមហាក្សត្រឲ្យធ្វើរឿងនេះនៅឡើយ។  លោកថ្លែងថា៖ “ដូច្នេះវានៅជារឿងអាថ៌កំបាំងនៅឡើយ។ ចំណុចមួយទៀតខ្ញុំគិតថាបក្សប្រឆាំងមិនមានធនធាន[លុយ]ទាក់ទាញឲ្យផ្តិតមេដៃទេ។ ខ្ញុំគិតថាអ្នកចូលរួមផ្តិតមេដៃអាចជាឆន្ទះពួកគេពិតប្រាកដ

លោក សូ ចន្ថា កត់សម្គាល់ថាគណបក្សសង្រ្គោះជាតិអាចរកស្នាមមេដៃលើសពីនេះទៀត ព្រោះសន្លឹកឆ្នោតរបស់គណបក្សប្រឆាំងកាលពីឆ្នាំ២០១៣មានជិត៣លាននាក់ ប៉ុន្តែស្នាមមេដៃពេលនេះទើបតែប្រមូលបានតែជាតិ២០ម៉ឺននាក់ប៉ុណ្ណោះ។

លោកបណ្ឌិត មាស នី លើកឡើងថារដ្ឋាភិបាលគួរតែយកឱកាសនេះឆ្លើយតបនឹងតម្រូវការរបស់ម្ចាស់ឆ្នោតជាជាងប្រើប្រាស់ធនធានរបស់រដ្ឋទៅផ្ចាញ់គូក្រកួតមុនពេលបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ