វិភាគ៖ តើប៉ះពាល់អ្វីខ្លះបើតំណាងរាស្ត្របក្សប្រឆាំងមិនព្រមចូលប្រជុំសភា?

ប្រវត្តិសាស្ត្របានបង្ហាញថាកម្ពុជាមានជម្លោះផ្ទៃក្នុងនិងសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅនេះជាឱកាសរបស់ប្រទេសជិតខាងក្នុងការរំកិលខ្សែបន្ទាត់ព្រំដែនរំលោភយកដីនិងបានជាន់ពន្លិចសេដ្ឋកិច្ចខ្មែរទាំងមិនដឹងខ្លួន។

ថ្មីត្បិតតែពេលនេះកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលជាង២០ឆ្នាំនិងព្រមទទួលយកការដឹកនាំមួយបែបប្រជាធិបតេយ្យឈប់បង្ហូរឈាមគ្នាក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ក៏ដោយ ការប្រកួតប្រជែងនយោបាយមកដល់ពេលនេះ អ្នកវិភាគនៅតែបង្ហាញការព្រួយបារម្ភថាកម្ពុជាអាចនឹងវិលទៅរករបបពីអតីតកាលវិញនាពេលណាមួយ បើគ្មានការជួយអន្តរាគមន៍ពីសហគមន៍អន្តរជាតិនិងពីពលរដ្ឋក្នុងស្រុកខ្លួនឯងនោះ។

នៅពេលថ្មីៗនេះគណបក្សប្រឆាំងដែលមានអាសនៈក្នុងសភាប្រហាក់ប្រហែលនឹងបក្សកាន់អំណាចដែរនោះមិនទាន់កំណត់ថ្ងៃជាក់លាក់ចូលប្រជុំសភាជាមួយតំណាងរាស្ត្រមតិភាគច្រីនរបស់គណបក្សកំពុងគ្រប់គ្រងអំណាចនៅឡើយទេ បន្ទាប់ពីមេដឹកនាំគណបក្សនោះ គឺលោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់តាមចាប់ខ្លួនមិនបានសម្រេចកាលពីចុងខែឧសភានិងចេញដីកាកោះហៅជាបន្តបន្ទាប់ឲ្យចូលទៅបំភ្លឺក្នុងនាមជាសាក្សីដែលតុលាការចោទពីបទសញ្ចារកម្មនោះ។

គណបក្សសង្គ្រោះជាតិក៏បានប្រកាសការពារភាពត្រឹមត្រូវនៃការធ្វើពហិការនេះថាជាការជំរុញឲ្យមានការអនុវត្តច្បាប់ត្រឹមត្រូវមួយស្របតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ដែលចែងការពារអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។

តើជម្រើសធ្វើពហិការមិនចូលប្រជុំសភារបស់បក្សប្រឆាំងនៅពេលនេះអាចបញ្ចុះកម្តៅនយោបាយដែលកំពុងតែកើនឡើងនេះបានឬទេ? តើគួរមានជម្រើសបែបណា ដើម្បីស្វែងរកដំណោះស្រាយកុំឲ្យពលរដ្ឋស្លូតត្រង់បង្ហូរឈាមគ្នា ដោយសារតែអ្នកនយោបាយដូចពីអតីតកាលនោះ?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថាការធ្វើហិការពេលនេះ ពលរដ្ឋដែលមានជីវភាពក្រីក្រ ជាអ្នកខាតបង់ធ្ងន់ធ្ងរមុនគេ ដោយសារតែអ្នកនយោបាយដែលមានអាសនៈក្នុងសភាប្រើពេលវេលាច្រើនសម្រាប់យកចាញ់ឈ្នះតែរៀងៗខ្លួន ហើយបានបន្ធូរដៃកសាងប្រទេសប្រកបដោយតម្លាភាព បង្កភាពភ័យខ្លាចដល់អ្នកវិនិយោគទុន។ លោកបន្តថា ទី២បក្សប្រឆាំងខ្លួនឯងជាអ្នកខាតបង់  ព្រោះបាត់ឱកាសក្នុងការលើកយកមតិរិះគន់របស់អ្នកគាំទ្រខ្លួនទៅជជែកក្នុងសភា បាត់ឱកាសតាមដានការអនុវត្តច្បាប់តាមរយៈកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរដេញដោលក្នុងសភា និងអាចត្រូវគេមិនបើកប្រាក់ខែឲ្យដូចមុនៗនិងការបាត់បង់ប្រាក់ខែដែលជាផ្នែកសម្រាប់ជួយទ្រទ្រង់គណបក្សជាដើម។

លោកថា៖ “គណបក្សគ្រប់គ្រងអំណាចហ្នឹងក៏រងគ្រោះដែរ បានន័យថាបើស្ថានភាពនយោបាយហ្នឹងវាអត់មានស្ថេរភាព វាអត់លំនឹង វាអត់បានផ្តល់សេចក្តីទុកចិត្តទៅលើស្រទាប់អន្តរជាតិបានទៅលើអ្នកវិនិយោគិនបានទេ នៅក្នុងទស្សនៈនៃការវិនិយោគនិងការចាប់ដៃគូទំនាក់ទំនងជាមួយឆាកអន្តរជាតិហ្នឹងវាមិននឹងហ្នទេ។ ហើយនៅក្នុងពេលហ្នឹងខ្ញុំគិតថា វាមិនអាចមតិអន្តរជាតិនៅស្ងៀមទេ នឹងមានអន្តរាគមន៍មានមតិយោបល់រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង គណបក្សដែលមានសំឡេងក្នុងសភាត្រូវតែចូលរួមដោះស្រាយជាមួយគ្នា។ ប្រសិនបើអត់ដោះស្រាយទេ អន្តរជាតិគេអាចមានសម្ពាធ ឬអាចលើកបញ្ហាណាមួយឲ្យបក្សកាន់អំណាចហ្នឹងគិតពិចារណាទៅលើស្ថិរភាពនយោបាយ ហើយបើអត់ទេអាចឈានទៅរកសម្ពាធពីសហគមន៍អឺរ៉ុប(សហភាពអឺរ៉ុប)ឬសហរដ្ឋអាមេរិកហើយ

លោកសាស្រ្តាចារ្យបានបញ្ជាក់ថាការអនុវត្តច្បាប់បច្ចុប្បន្នគឺអាចធ្វើអ្វីៗបាន បើទោះបីរឿងនោះគេគិតស្មានមិនដល់ក៏ដោយ ព្រោះលោកយល់ថាស្ថាប័នជាច្រើនពេលនេះបានបាត់បង់ឯករាជ្យភាពរបស់ខ្លួនរួចបាត់ទៅហើយ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថាដំណោះស្រាយនយោបាយពេលនេះដែលលោកគិតថាអាចរកច្រកចេញទៅបានដោយតម្លាភាពនោះ លោកគិតថាលុះណាតែមានភាគីទី៣ចូលរួមដោះស្រាយ ហើយភាគីទី៣នោះទាល់តែមានឥទ្ធិពលលើគណបក្សប្រជាជនកម្ពុជាទើបអាចទៅរួច ដូចជាករណីសម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គធ្លាប់ធ្វើព្រះរាជអន្តរាគមន៍កាលពីព្រះអង្គមិនទាន់ចូលទីវង្គត់។ ប៉ុន្តែលោកថាព្រះមហាក្សត្រហាក់មិនមានឥទ្ធិពលទៅលើគណបក្សទាំងពីរនោះទេ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថាបើបក្សកាន់អំណាចធ្វើឲ្យស្ថានការនយោបាយកាន់តែឡើងកម្តៅ លោកថាបក្សប្រឆាំងជាអ្នកដណ្តើមបានប្រជាប្រិយច្រើនជាង ដោយលោកអះអាងថាបច្ចុប្បន្ននេះកាលណាមានវិធានការអ្វីមួយ អ្នកច្បាប់តែងតែបកស្រាយផ្សេងគ្នា លោកថាពេលនោះពលរដ្ឋអាចដឹងថាភាគីណាជាអ្នករំលោភច្បាប់រំលោភរដ្ឋធម្មនុញ្ញ។ លោកថាពេលនោះគណបក្សណាដែលរងគ្រោះម្តងហើយម្តងទៀតជាអ្នកដែលពលរដ្ឋអាណិតស្រឡាញ់។

លោកថា៖ “នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ អ្នកកាន់អំណាចគេមិនដែលបង្កើតឲ្យមានព្រឹត្តិការណ៍ធំដុំអញ្ចឹងទេ ចុះហេតុអីបានជាយើងប្រឹងបង្កើតព្រឹត្តិការណ៍ឲ្យធំដុំ! ធ្វើម៉េចឲ្យស្ងាត់ដើម្បីឲ្យគាត់មានឱកាសផ្តល់សេវាកម្មដែលមានប្រសិទ្ធភាពគុណភាពជូនពលរដ្ឋ ហើយបើកាលណាមានភាពរញ៉េរញ៉ៃក្នុងសង្គម វិនិយោគទុនក៏ស្ទាក់ស្ទើរក្នុងការដាក់ទុនបន្ថែមឬក៏ចង់ពង្រីកទុន(អត់ហ៊ាន) អ្វីដែលខាតគឺពលរដ្ឋ អ្វីដែលខាតគឺរដ្ឋាភិបាលទៅវិញទេ។ ព្រោះអីគណបក្សប្រឆាំងមានតួនាទីប្រឆាំងហ្នឹងឯង ប្រឆាំងក្នុងរូបភាពតាមដានរដ្ឋាភិបាល ប្រឆាំងក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ  ប្រឆាំងក្នុងការទៅយកបញ្ហាពីប្រជាពលរដ្ឋយកមកលើកឲ្យឃើញ  ថាតើអ្នកឯងធ្វើនឹងត្រឹមត្រូវឬមិនត្រឹមត្រូវ បាទ!”។

បើតាមលោក កែម ឡី ការតវ៉ា ការធ្វើញត្តិ ឬធ្វើពហិការមិនចូលរួមក្នុងកិច្ចការអ្វីមួយដើម្បីទាមទារលក្ខខណ្ឌណាមួយពេលខ្វែងគំនិតគ្នា លោកថាជាធាតុផ្សំចាំបាច់របស់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លោក កែម ឡី យល់ថាការទាក់ទាញមតិគាំទ្រពីមហាជនសម្រាប់ប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្តី្រនៅពេលបោះឆ្នោតខាងមុខរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឲ្យប្រជាពលរដ្ឋអាចជឿបាន បំបាត់អំពើពុករលួយ ប្រសិទ្ធភាពនៃការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ដីសម្បទាន ភាពអត់ការងារធ្វើ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កសិករជាដើម មិនមែនបង្កើតឲ្យមានព្រឹត្តិការណ៍បំភិតបំភ័យទេ។

លោកថា៖ “បើតាមខ្ញុំមើល គណបក្សប្រជនកម្ពុជាមានពីរដែលត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅជាពិសេសប្រព័ន្ធតុលាការនិងកាត់បន្ថយភាពក្រីក្រ ទី២ធ្វើម៉េចបើកចំហនៃការដឹកនាំបែបប្រជាធិបតេយ្យឲ្យទាន់សម័យ ទាន់សេចក្តីត្រូវការរបស់យុវជន ប្រជាជន និងមហាជន អាហ្នឹងបានជោគជ័យ”។

ជារួមទាំងសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយទាំងអ្នកស្រាវជាវពីការអភិវឌ្ឍសង្គមបានដាក់ការព្រួយបារម្ភប្រហាក់ប្រហែលគ្នាថាកម្ពុជាអាចនឹងឈានទៅបង្ហូរឈាមពលរដ្ឋក្រីក្រប្រហាក់ប្រហែលនឹងរបបពីអតីតកាលដែរ បើគណបក្សទាំងពីរដែលមានអាសនៈក្នុងសភានៅតែបន្តយកគ្នាជាសត្រូវ។

ពួកគេគិតថាពេលនោះប្រទេសជិតខាងដែលចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជានោះនឹងទទួលបានផលចំណេញបន្ថែមទៀតពីជម្លោះហែកហួរផ្ទៃក្នុងរបស់កម្ពុជាម្តងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ