ប្រជាពលរដ្ឋនៅស្រុកភ្នំស្រួចតវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនអ៊ុក ឃុន

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាង១០០នាក់រស់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃចន្ទនេះ បានតវ៉ាទាមទារឲ្យមានការអន្ដរាគមន៍ពីអាជ្ញាធរ ដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន។

ពលរដ្ឋរស់នៅក្នុងភូមិ១ ឃុំត្បែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានឲ្យដឹងថាក្រុមហ៊ុនអភិវឌ្ឃន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន បានរំលោភបំពានលើដីរបស់ពួកគាត់និងបានធ្វើសកម្មភាពហិង្សាផ្សេងៗមកលើពួកគាត់។ ពួកគេនៅព្រឹកថ្ងៃចន្ទនេះ បានប្រមូលផ្តុំនៅផ្ទះមេឃុំត្រែងត្រយឹង ដើម្បីស្នើសុំអន្តរាគមន៍។

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី អ្នកស្រី ងួន សុភាព បានអះអាងថាអ្នកស្រីបានកាន់កាប់និងអាស្រ័យផលលើដីដែលមានទំហំ៥០ម៉ែត្រគុណនឹង៥០០ម៉ែត្រ អស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយថាកាលពីខែមករា ក្រុមហ៊ុនបានធ្វើសកម្មភាពផ្សេងៗដូចជាដេញកាប់ រុះរើយកឥវ៉ាន់ ក៏ដូចជាទ្រព្យសម្បតិ្ដ ដុតផ្ទះនិងបំផ្លាញដំណាំជាដើម។ អ្នកស្រីមានប្រសាសន៍ថា៖ “យើងមិនហ៊ានចូលទេ តែចូលវាដេញកាប់ វាធ្វើសកម្មភាពរុះរើយកឥវ៉ាន់ យកទ្រព្យសម្បតិ្ដក្នុងផ្ទះយើងអស់ ហើយវាដុតផ្ទះយើងទៀត វាកាប់ដំណាំស្វាយ”

ពលរដ្ឋម្នាក់ទៀត អ្នកស្រី រ៉ែម ផលចាន់លី បានប្រាប់វីអូឌី(VOD)ថាអ្នកស្រីបានកាន់កាប់ដីប្រមាណ២៥ហិកតាជាង១៨ឆ្នាំមកហើយ។ អ្នកស្រីបានចោទអាជ្ញាធរមានសមត្ថកិច្ចថាមិនបានអន្ដរាគមន៍ជួយប្រជាពលរដ្ឋនោះទេ។ អ្នកស្រីបញ្ជាក់ថាជម្លោះដីធ្លីជាមួយក្រុមហ៊ុនបានកើតឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

វីអូឌីមិនអាចសុំការឆ្លើយតបពីមេឃុំត្រែងត្រយឹង អ្នកស្រី កែវ សុផាត បាននៅឡើយទេ។ អ្នកស្រីធ្លាប់បានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថាអាជ្ញាធរមិនជួយប្រជាពលរដ្ឋហើយចូលដៃជាមួយក្រុមហ៊ុន។ អ្នកស្រីបន្តថាកន្លងទៅអ្នកស្រីតែងតែបានជួយសម្របសម្រួលករណីនេះ។

វីអូឌីក៏មិនអាចសុំការបំភ្លឺពីលោកស្រី សុខ សុភាព នាយិកាក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មអ៊ុក ឃុន បានទេ។ ទោះជាយ៉ាងណា លោកស្រី សុខ សុភាព ធ្លាប់បានអះអាងថាក្រុមហ៊ុនរបស់លោកស្រីអនុវត្តទៅតាមច្បាប់បានត្រឹមត្រូវ ដោយមិនបានរំលោភយកដីប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ។ លោកស្រីថាប្រជាពលរដ្ឋក្នុងឃុំត្រែងត្រយឹងមិនមានទំនាស់ជាមួយក្រុមហ៊ុននោះទេ ដោយលោកស្រីចោទប្រកាន់ថាមានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលបានបង្កជម្លោះជាមួយក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ