​កីឡាករ​​ថៃKiev Ba  ​បំបាក់​ជើង​ខ្លាំង​កម្ពុជា​លើកទី៣

​កីឡាករ​ជើង​ខ្លាំងរបស់​ថៃ​ឈ្មោះ Kiev Ba

មិនមែនជារឿងចៃដន្យនោះទេ ដែលកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Kiev Ba  មកប្រកួតនៅក្នុងប្រទេសកម្ពុជា៣លើក ហើយត្រឡប់ទៅវិញព្រមជាមួយជ័យជម្នះទាំង៣លើក បើទោះជាកីឡាករកម្ពុជាដែលគេប៉ះជាមួយសុទ្ធតែខ្លាំងនិងមានឈ្មោះបោះសំឡេងក្នុងពិភពប្រដាល់នៅកម្ពុជា។ ជាក់ស្ដែងការប្រកួតដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យទី៥ មិថុនា កីឡាករថៃរូបនេះនៅតែរក្សាជ័យជម្នះលើជើងខ្លាំងរបស់កម្ពុជាឈ្មោះ វី សេរីចាន់ឌីន ដោយបានទាំងវាយអោយកីឡាកររូបនេះសន្លប់លើរេញតែម្ដង។

លោករាជ សូផែន មន្ត្រីជាន់ខ្ពស់រៀបចំការប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍និងជាប្រធានក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធប្រដាល់ បានអះអាងថាការប្រកួតកន្លងមករបស់កីឡាករថៃឈ្មោះ Kiev Ba  នៅមិនទាន់រកឃើញកីឡាករកម្ពុជាណាម្នាក់យកឈ្នះនោះទេ ទើបខាងសហព័ន្ធដាក់អោយប៉ះជាមួយកីឡាករឡើងសន្ទុះនិងមានកណ្ដាប់ខ្លាំងគឺ វី សេរីចាន់ឌីន មកពីក្លិបខ្លារខិនមានឫទ្ធិ។ លោកថាកីឡាករក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម មិនសូវជាមានជើងខ្លាំងច្រើនទេ បន្ទាប់ពីដាក់ជើងខ្លាំងអាំង សំអាត និងកីឡាករឯម សុធី ហើយសុទ្ធតែកីឡាករថៃ Kiev Ba វាយអោយចាញ់។ លោករំពឹងថាកីឡាករសេរីចាន់ឌីននឹងអាចបំបែកលទ្ធផលនៅពេលប៉ះប្រកួតជាមួយកីឡាករថៃរូបនេះ ដោយសម្អាងថាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមគេគឺជាជើងខ្លាំងកំពុងឡើងកូដ។ ប៉ុន្តែផ្ទុយពីការរំពឹងទុក កីឡាករវ័យក្មេង និងជាជើងខ្លាំងវី សេរីចាន់ឌីន ទប់បានត្រឹមតែ៤ទឹកប៉ុណ្ណោះ ក៏ដួលសន្លប់ស្ដូកតែម្ដង។ លោកថា វី សេរីចាន់ឌីន បានក្លាយជាជនទី៣ ដែលប៉ះជាមួយកីឡាករ Kiev Ba ហើយចាញ់យ៉ាងអាម៉ាសដូចគ្នានឹងកីឡាករ អាំង សំអាត និងឯម សុធី។ យ៉ាងណាមិញ លោកថានៅក្នុងពិភពប្រដាល់នៅមានកីឡាករល្អៗរបស់កម្ពុជាច្រើនទៀត ដែលមិនប្រាកដថានៅតែចាញ់ Kiev Ba ដូចគ្នានឹងការផ្គូរផ្គង៣លើកកន្លងមកនោះទេ។

ផ្អែកតាមការប្រកួតដែលបានធ្វើឡើងនោះ កីឡាករ វី សេរីចាន់ឌីន ធ្វើអោយអ្នកទស្សនាអបអរសាទរយ៉ាងខ្លាំងដោយសារតែទឹកទី១ និងទឹកទី២ គេឃើញកីឡាករកម្ពុជារូបនេះវាយលុកបានល្អទៅលើកីឡាករថៃKiev Ba។ ក្រុមអ្នកគាំទ្រត្រូវគេឃើញស្រែកផង ហ៊ោផងនិងទះដៃផងនៅពេលកីឡាករកម្ពុជារូបនេះ វាយអោយកីឡាករថៃទ័លទីនៅលើសង្វៀន។ បើទោះជាកីឡាករថៃប្រឹងប្រែងបំបែកក្បាច់ឡើងអស់ពីសមត្ថភាពយ៉ាងណា ក៏កីឡាករសេរីចាន់ឌីន នៅតែទប់បានល្អ ហើយវាយបកត្រូវចំគោលដៅ។ ការប្រកួតដែលបានផ្ដើមឡើងនៅក្នុងពេលនោះ កាន់តែធ្វើអោយឡើងកំដៅនិងជក់ចិត្តអ្នកទស្សនាលើសដើម នៅពេលកីឡាករថៃប្ដូរស្ទីលប្រកួតវាយប្ដូរដើម្បីការពារមុខមាត់។

IMG_9359[1]
កីឡាករខ្មែរ វី សេរីចាន់ឌីន
ចុងទឹកទី៣ គេឃើញកីឡាករថៃ Kiev Ba ជោគជ័យក្នុងការបំបែកបានចំណុចខ្លាំងរបស់កីឡាករកម្ពុជា ហើយក៏ជាទឹកដែលកីឡាករកម្ពុជាក្លាយជាបាវសាក់ផូងៗ ដោយសារតែការវាយសម្រុករបស់កីឡាករថៃនោះដែរ។ កីឡាករថៃកាន់តែរកឃើញចំណុចខ្សោយរបស់កម្ពុជាទ្វេរដង បើទោះជាកីឡាករសេរីចាន់ឌីន ខំប្រឹងតស៊ូយ៉ាងខ្លាំងក្លា។ កណ្ដាប់ដៃរបស់កីឡាករថៃមិនត្រឹមតែបំបែកភាពខ្លាំងរបស់កីឡាករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយគេបែកត្រង់ចិញ្ចើមធំឡើង ខណៈដែលក្នុងទឹកទី៤ក៏មានឱកាសវ័ធត្រូវប៉ុន្មានកែងបន្ថែមទៀត បណ្ដាលអោយកីឡាករកម្ពុជាងងឹតមុខដួលខ្ពោកតែម្ដងនៅលើរេញ ហើយក្រោកលែងរួច។ គូនេះត្រូវបានអ្នករៀបចំកម្មវិធីបានអះអាងថា ប្រហែលមិនអោយប៉ះគ្នាម្ដងទៀតនោះទេ ដោយខាងសហព័ន្ធនឹងរកកីឡាករកម្ពុជាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមម្នាក់ផ្សេងអោយប៉ះជាមួយគេវិញ ដោយខាងសហព័ន្ធមិនជឿថារកអ្នកបំបាក់កីឡាករថៃ Kiev Ba មិនឃើញនោះទេ។ ដោយឡែកសម្រាប់គូអន្តរជាតិមួយទៀត កីឡាករកម្ពុជាម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកក៏ចាញ់កីឡាករថៃឈ្មោះ Chheang Krai ផងដែរ ដោយគ្រាន់តែចាញ់ដោយពិន្ទុមិនសន្លប់បែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ