រដ្ឋា​ភិបាល​សម្រេចដាក់​ឲ្យ​ដេញ​​ថ្លៃឈើដែល​រឹប​អូសបានជាង៦ម៉ឺនម៉ែត្រគូប

រដ្ឋាភិបាលសម្រេចដាក់ឲ្យមានការដេញថ្លៃឈើជាង៦ម៉ឺនម៉ែត្រគូប ដែលគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើរឹបអូសបានក្នុងបេសកកម្មរបស់ខ្លួន ដោយមានតម្លៃមូលដ្ឋានសរុបជាង១២លានដុល្លារអាមេរិក។

ក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៦ ខែមិថុនា ក្រសួងបានផ្សព្វផ្សាយជាសាធារណៈឲ្យមានការស្នើសុំដេញថ្លៃឈើដែលរដ្ឋាភិបាលរក្សាទុកបណ្តោះអាសន្ននៅតាមក្រុមហ៊ុនចំនួន៧ក្នុងខេត្តមណ្ឌលគិរី ដែលមានឈើសរុប៦១៨០៧,៣៩ម៉ែត្រគូបនិងតម្លៃមូលដ្ឋានដែលត្រូវដេញថ្លៃផ្អែកទៅលើចំនួនឈើនៅតាមកន្លែងរក្សាទុកនីមួយៗ។ ក្រសួងបញ្ជាក់ថាតម្លៃមូលដ្ឋានសរុបមានជាង១២លានដុល្លារ។

បើតាមសេចក្តីជូនដំណឹង បុគ្គលដែលធ្លាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើនិងអ្នកជំពាក់បំណុលរដ្ឋ គឺមិនអនុញ្ញាតិឲ្យចូលរួមក្នុងការដេញថ្លៃនេះទេ ហើយការដេញថ្លៃនេះអាចឲ្យអង្គភាពប្រឆាំងអំពើពុករលួយនិងអង្គភាពពាក់ព័ន្ធចូលរួមអង្កេតការណ៍ពីដំណើរការដេញថ្លៃនេះ។

បើតាមសេចក្តីជូនដំណឹងដដែល ការលក់ពាក្យនិងទទួលពាក្យស្នើសុំដេញថ្លៃចាប់ពីថ្ងៃទី៨ដល់២២ ខែមិថុនា ឆ្នាំ២០១៦ ហើយក្រសួងបរិស្ថាននិងរដ្ឋបាលព្រៃឈើជាអ្នកធ្វើកិច្ចការនេះ។ ទីតាំងដេញថ្លៃគឺធ្វើនៅសាលាខេត្តមណ្ឌលគិរីហើយការដេញថ្លៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា អាស្រ័យទៅតាមកន្លែងនីមួយៗ។

ទីប្រឹក្សាក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃអង្គារថាដោយសារតែការដឹកជញ្ជូនឈើចេញពីក្នុងព្រៃត្រូវការចំណាយសោហ៊ុយច្រើន ទើបរដ្ឋាភិបាលសម្រេចឲ្យរក្សាទុកនៅតាមក្រុមហ៊ុនទាំង៧នេះនិងថាមានកម្លាំងសមត្ថកិច្ចនៅយាមជាប្រចាំ។ លោកឲ្យដឹងដែរថាឈើដែលត្រូវដេញថ្លៃនេះ មានប្រហែលជា៨០ភាគរយជាប្រភេទឈើលេខ១ ហើយលោកថាថវិកាបានពីការលក់ឈើនេះនឹងដាក់ក្នុងកញ្ចប់ថវិកាដោយឡែកមួយសម្រាប់ក្រសួងអប់រំយកទៅប្រើប្រាស់ក្នុងវិស័យរបស់ខ្លួន។

លោកបន្ថែមថា៖ “ព្រោះយើងធ្វើការគណនាទៅបើយើងយកឈើតែម្តងមកសង់សាលាហ្នឹងអស់ថ្លៃជាងសង់ពីថ្មទៅទៀត ដូច្នេះយើងសុខចិត្តលក់ឈើយកលុយមកសាងសង់សាលាវិញ…ម្យ៉ាងទៀតវាងាយស្រួលផង បើសិនជាប្រគល់ឲ្យក្រសួងអប់រំទៅដឹកជញ្ជូនហ្មង ដូចខ្ញុំនិយាយអ៊ីចឹងគ្រាន់តែលុយដឹកជញ្ជូនហ្នឹងរាប់លានដុល្លារ ទម្រាំធ្វើឃ្លាំងស្តុកទុក(ថ្លៃ)រាប់លានដុល្លារទៀត ឈើរាប់ម៉ឺនម៉ែត្រគូប មិនងាយទេ”

លោក ស៊្រុន ដារិទ្ធិ ឲ្យដឹងថាការដេញថ្លៃនេះគឺបើកចំហជាសាធារណៈឲ្យមានការចូលរួមតាមដានពីដំណើរការដេញថ្លៃនេះនិងថាមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) និងជាសកម្មជនព្រៃឈើម្នាក់ដែលបាន ចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើលោក អ៊ូច ឡេង មានប្រសាសន៍ថារដ្ឋគួរតែកំណត់មិនឲ្យក្រុមហ៊ុនដែលដេញថ្លៃឈើទាំងនេះបាននាំឈើទាំងនេះទៅលក់នៅក្រៅប្រទេសនោះទេ។ លោកថាធ្វើដូច្នេះដើម្បីទប់ស្កាត់កុំឲ្យមានការលួយកាប់ឈើខុសច្បាប់នាំចេញបន្តទៀត ក្រោមហេតុផលថានាំឈើដេញថ្លៃពីរដ្ឋយកទៅលក់ក្រៅប្រទេស។ លោកបនន្ថែមថា៖ “គំនិតរបស់ខ្ញុំមិនចង់ឲ្យនាំឈើទៅប្រទេសក្រៅទេ ដែលជាលេសមួយសម្រាប់នាំឈើចេញបន្តទៅទៀត ហើយធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើថែមទៀត បើមានការនាំឈើចេញនឹងមានការកាប់ឈើជាហូរហែរ ហើយយើងពិបាកធ្វើការទប់ស្កាត់ណាស់”

ទាក់ទៅនឹងការនាំឈើចេញទៅលក់នៅក្រៅប្រទេសនេះ ក្នុងទិវារបរិស្ថានពិភពលោកកាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថាការនាំឈើជាលក្ខណៈទ្រង់ទ្រាយធំទៅកាន់ប្រទេសវៀតណាមដែលធ្លាប់មានកន្លងមកត្រូវបានបញ្ចប់ ហើយថាច្រកនាំឈើនៅព្រំដែនកម្ពុជា-វៀតណាមក៏បានបិទផងដែរ។ លោកបន្តថាការកាប់ឈើជាលក្ខណៈទ្រង់ទ្រាយធំក៏លែងមានទៀតដែរ តែថានៅមានការកាប់ឈើជាលក្ខណៈគ្រួសារ។

ទោះយ៉ាងនេះក្តី លោក អ៊ូច ឡេង ថាការកាប់ឈើនៅតែមាននៅក្នុងតំបន់អភិរក្សមួយចំនួននិងថាសិប្បកម្មកែច្នៃឈើក្នុងតំបន់ទាំងនោះនៅតែមានដដែល។ លោកស្នើឲ្យរដ្ឋាភិបាលព្យាយាមលុបបំបាត់សិប្បកម្មទាំងនេះឲ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការមួយចុះទប់ស្កាត់និងបង្ក្រាបសកម្មភាព អនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។ ក្រោយបញ្ចប់បេសកកម្មនេះ គណៈកម្មកាមួយនេះបានរឹបអូសឈើបានប្រមាណជា៦ម៉ឺនម៉ែត្រគូប និងយ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៤ត្រូវបានគណៈកម្មការមួយនេះបញ្ជូនសំណុំរឿងទៅកាន់តុលាការទាក់ទងនឹងភាពមិនប្រក្រតីនៃការស្តុកទុកឈើរបស់ក្រុមហ៊ុនទាំង៤នេះ។ រហូតមកដល់ពេលនេះ ចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុនទាំងនោះមិនទាន់ត្រូវបានទម្លាយឲ្យដឹងជាសាធារណៈនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ