ក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះក្នុងលទ្ធផល ២-០

ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិចិនតៃប៉ិនៅឯពហុកីទ្បាដ្ឋានជាតិអូទ្បាំពិច

នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះនៅឯពហុកីទ្បាដ្ឋានជាតិអូទ្បាំពិច មានការប្រកួតដណ្តើមកៅអីជើងទី២នៃក្របខណ្ឌសហព័ន្ធបាល់ទាត់អាស៊ីឆ្នាំ២០១៩ ឬ 2019 AFC Asian Cup រវាងក្រុមជម្រើសជាតិកម្ពុជាដែលជាម្ចាស់ផ្ទះនិងក្រុមជម្រើសជាតិចិនតៃប៉ិដែលជាភ្ញៀវ។ ដោយក្នុងការជួបគ្នាកាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជាបានត្រឹមតែស្មើប៉ុណ្ណោះក្នុងលទ្ធផល ២-២ ជាមួយម្ចាស់ផ្ទះក្រុមជម្រើសជាតិចិនតៃប៉ិនៅឯពហុកីទ្បាដ្ឋានជាតិតៃប៉ិក្នុងទីក្រុង កៅស៊ូង។
ការប្រកួតតង់ទី១ប្រព្រឹត្តទៅដោយមានការប៉ុនប៉ងស៊ុតបញ្ចូលគ្នាជាច្រើនលើករវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិចិនតៃប៉ិ។ ក្រុមម្ចាស់ផ្ទះបាននាំមុខក្រុមជម្រើសជាតិចិនតៃប៉ិក្នុងលទ្ធផលបណ្តោះអាសន្ន ១-០ ដោយមានការតែតបញ្ចូលទីដោយកីទ្បាករ ហុង ផេង នៅនាទីទី៦ បន្ទាប់ពីការបញ្ជូនបាល់ Free Kick យ៉ាងល្អពីសំណាក់កីទ្បាករ ចាន់ វឌ្ឍនាកា។ ក្រុមជម្រើសជាតិចិនតៃប៉ិបានព្យាយាមវាយបកមកវិញ ប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់នោះទេ។
ចូលមកដល់តង់ទី២ ក្រុមជម្រើសជាតិចិនតៃប៉ិក៏នៅតែរក្សាការវាយបកដដែល ដោយមានការស៊ុត Free Kick នៅនាទីទី៥០ តែជាអកុសលដោយស៊ុតប៉ះបង្គោលទី។ ការប្រកួតបានបន្តដល់នាទីទី៥៨ដោយមានការពិន័យបាល់១១ម៉ែត្រ បន្ទាប់ពីអ្នកចាំទីរបស់ក្រុមជម្រើសជាតិចិនតៃប៉ិធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់។ នៅនាទីទី៥៩ ក្រុមជម្រើសជាតិកម្ពុជាបាននាំមុខគ្រាប់បាល់បាន១គ្រាប់ទៀតពីសំណាក់កីទ្បាករ ប្រាក់ មុន្នីឧត្តម តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ។

ការប្រកួតបានបញ្ចប់ទៅដោយក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០ ទៅលើក្រុមជម្រើសជាតិចិនតៃប៉ិ។

សរុបលទ្ធផលទាំង២ជើង ក្រុមជម្រើសជាតិកម្ពុជា ៤-២ ក្រុមជម្រើសជាតិចិនតៃប៉ិ។ មានន័យថាក្រុមជម្រើសជាតិកម្ពុជាទទួលបានកៅអីមួយកន្លែងសម្រាប់ការប្រកួតវគ្គជម្រុះបន្តក្នុងក្រុមនៃក្របខណ្ឌសហព័ន្ធបាល់ទាត់អាស៊ីឆ្នាំ២០១៩ ឬ 2019 AFC Asian Cup ដែលនឹងប្រព្រឹត្តទៅក្នុងខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីឈានទៅដល់ការប្រកួតដណ្តើមពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅសហព័ន្ធអារ៉ាប់រួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ