ឌុចថា​មានតែអ្នកទោស​ពេទ្យធ្មេញម្នាក់គត់​ដែល​ត្រូវប៉ុល ពត បញ្ជា​មិនឲ្យ​សម្លាប់​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង(រូបថតពីសាលាក្តីខ្មែរក្រហម​)

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬគុកទួលស្លែង ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថាប៉ុលពតបានបញ្ជាកុំឲ្យសម្លាប់អ្នកទោសម្នាក់ជាពេទ្យធ្មេញ បើទោះជាលោកត្រូវបានចាប់មកឃុំខ្លួននៅគុកទួលស្លែង។

ក្នុងការផ្តល់សក្ខីកម្មថ្ងៃទី២ លោក ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយមានការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់ បានថ្លែងថាអ្នកដែលយកមកឃុំខ្លួននិងសួរចម្លើយនៅគុកទួលស្លែងគឺត្រូវកម្ទេចទាំងអស់ ដោយមិនលើកលែងទោះបីស្រ្តីមានផ្ទៃពោះ កូនក្មេងនិងចាស់ក៏ដោយ។ លោកបញ្ជាក់ថា៖ “អត់មានដោះលែងទេ ឲ្យតែចូលស២១ហើយគឺដាច់ខាតកម្ទេច”។ ទោះជាយ៉ាងណា លោកថាពេទ្យធ្មេញម្នាក់ឈ្មោះ ឌី ផុន ត្រូវបានប៉ុលពត បញ្ជាកុំឲ្យសម្លាប់។ លោកមានប្រសាសន៍ថា៖ “មានពេទ្យធ្មេញម្នាក់ ៨៧០អនុញ្ញាតឲ្យគេចាប់បញ្ជូនមកមន្ទីរស២១ហើយ។ ពេទ្យថ្មីនោះឈ្មោះឌី ផុន។ រីកចម្រើននៅស្រុកបារាំងជាមួយពួកបងប៉ុលពតអីហ្នឹង ដល់ក្រោយមកត្រូវចាប់។ ស្រាប់តែមួយសន្ទុះ ពូនួន(នួន ជា)ហៅខ្ញុំទៅធ្វើការ ថាឥឡូវបក្សឲ្យលោកដោះលែងពេទ្យធ្មេញ ឌី ផុន នោះ។ ខ្ញុំមិនទាន់ឆ្លើយស្អីអីផង គាត់ថាមិត្តដោះលែងទៅណា កុំសម្លាប់ ទុកគាត់ធ្វើធ្មេញមាត់”។ លោកបន្ថែមថា៖ “ខ្ញុំអត់ប្រកែកទេ ឲ្យតែឭថាបានដោះ ក៏ប៉ុន្តែមិនដោះឲ្យទៅផ្ទះទេ គឺដោះឲ្យនៅក្នុងមន្ទីរស២១ហ្នឹង ហើយរស់ជីវិតនៅក្នុងមន្ទីរស២១ហ្នឹង ដូចជាឲ្យដេកជាមួយអ្នកទោសផងមិនដឹង។ តែមួយគត់ដែលបក្សកុម្មុយនីស្តកម្ពុជា គឺបងប៉ុលឲ្យខ្ញុំដោះលែង ក្រៅពីនោះគ្មាន”

លោក ឌុច បានថ្លែងទៀតថាលោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានបញ្ជាឲ្យកម្ទេចអ្នកទោសទាំងអស់នៅគុកទួលស្លែង។ លោកបានឲ្យដឹងទៀតថាលោកធ្លាប់បានទទួលបញ្ជាពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធរបស់អ្នកមានទោស ដោយលើកឧទាហរណ៍ចាប់ប្រពន្ធរបស់លោក វន វ៉េត ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងប្រពន្ធរបស់លោក ចេង អន ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។

លោក ឌុច បានបញ្ជាក់ថារបបកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍មួយគឺចាប់ក្រុមគ្រួសាររបស់អ្នកទោសដែលត្រូវបានគេចាប់យកមកដាក់គុកទួលស្លែង។ លោកមានប្រសាសន៍ថា៖ “កូននិងប្រពន្ធអ្នកដែលមានទោស គេចាត់ទុកដូចអ្នកមានទោសអញ្ចឹង ត្រូវតែកម្ទេច បើមិនមានសារៈសំខាន់អីសម្រាប់សួរចម្លើយទេ គេកម្ទេចហើយ។ កុំថាតែកូនថាច់ ជា ដែលគាត់ធ្វើជារដ្ឋមន្រ្តីរបស់លន់ នល់ សូម្បីតែកូនបង វន ណា តួនាទីវន វ៉េត មិនស្ទើរទេ ជាអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេចាប់បងវន បងវិន ក៏ត្រូវគេចាប់…”។ កាលណាបើគេចាប់ឪពុកហើយគឺគេចាប់កូននិងប្រពន្ធហើយ”

លោក នួន ជា ធ្លាប់បានបញ្ជាក់ថាលោកមិនទទួលខុសត្រូវលើការសម្លាប់នៅគុកទួលស្លែងនោះទេ។ លោក ឌុច ហៅការបដិសេធនេះគួរឲ្យ”ភ្ញាក់ផ្អើលនិងគ្មានន័យ”។ លោកបញ្ជាក់ថា៖ “ការបដិសេធរបស់ពូនួន(លោក នួន ជា) ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថាវាដល់អញ្ចឹងសោះ។ មន្ទីរស២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់នៅក្នុងបក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមបញ្ជារបស់បក្សកុម្មុយនីស្តកម្ពុជា”

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ