សារ៉ាយ សក្ខិណា ​ មក​ថត​រឿង​​​​​​​​​សង​ផលិតកម្ម​ក្នុងស្រុក

អ្នកនាង សារ៉ាយ សក្ខិណា

មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងសារ៉ាយ សក្ខិណា ទើបតែឡើងទៅកាន់អាមេរិកកាលពីដំណាច់ខែមេសា សោះ ក៏ស្រាប់តែបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីខួបកំណើតលោក បញ្ញា សិទ្ធិ កាលពីថ្ងៃទី៩ មិថុនា។ ហេតុផលដែលនាំនាងចុះមកកាន់កម្ពុជាយ៉ាងតក់ក្រហល់នេះ នាងថាដើម្បីមកថតរឿងសងអោយផលិតកម្មមួយ បន្ទាប់ពីខាងផលិតកម្មមិនអាចថតបញ្ចប់តាមការគ្រោងទុកដែលបានព្រមព្រៀងជាមួយនាងមុនពេលអ្នកនាងឡើងទៅអាមេរិកនោះ។

អ្នកនាងសារ៉ាយ សក្ខិណា ថ្លែងប្រាប់VOD ថាការពិតអ្នកនាងមិនត្រូវចុះមកកាន់កម្ពុជាវិញដោយតក់ក្រហល់បែបនឹងនោះទេ បើទោះជាអ្នកនាងក៏ត្រៀមដំណើរការហាងសាឡន និងកែសម្ភស្សនៅម្ដុំរង្វង់មូលទួលគោក។ នាងថាបញ្ហារៀបចំហាងថ្មីនោះ ម្ដាយនិងសាច់ញាតិរបស់នាងអាចចាត់ចែងបាន។ ប៉ុន្តែមកពីនាងត្រូវមានភារៈថតសងរឿងអោយផលិតកម្មមួយផង ទើបសម្រេចចិត្តចុះមកតែម្ដង។ អ្នកនាងនិយាយថាមុនឡើងទៅកាន់អាមេរិក អ្នកនាងនិងផលិតកម្មRed Picture បានឯកភាពគ្នាថតរឿងមួយក្រោមចំណងជើងថា«ក្រមុំកូន១»ដោយនាងគឺជាតួឯកនិងត្រូវបានផលិតកម្មសន្យាថានឹងថតអោយចប់មុនថ្ងៃដែលនាងចេញដំណើរ។ ប៉ុន្តែក្នុងពេលដំណើរការស្រាប់តែខាងផលិតកម្មមិនអាចថតចប់តាមផែនការ ទើបជាហេតុធ្វើអោយនាងជំរុញអោយផលិតកម្មដូរតួ ដោយខាងផលិតកម្មក៏ទទួលយកសំណើរ។ នាងនិយាយថា៖ “ដោយសារខាងគាត់ថតអត់ចប់ ទើបខ្ញុំគិតថាគាត់ដូរតួហើយថតចប់អីបាត់ហើយ ដោយសារតែមុនខ្ញុំមកគាត់ក៏ថានឹងមានតែដូរតួចឹងដែរ  ប៉ុន្តែដល់ពេលខាងគាត់ចេះតែចង់អោយខ្ញុំមកថតសងចឹង ទើបខ្ញុំគិតថាកុំអោយគាត់ពិបាកគឺសុខចិត្តចុះមកថតសឹងតែម្ដងទៅ ដើម្បីកុំអោយគាត់ខកចិត្តៗ”។

នាងថាខ្លួនឡើងមកដល់ប្រទេសកម្ពុជាតាំងពីយប់ថ្ងៃទី៦ មិថុនា ដោយតាមគម្រោងគឺមកតែរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែដោយសារជ្រុលមកទៅហើយ នាងថានឹងនៅកម្ពុជាដល់ទៅពីរបីខែ។ នាងថាហេតុផលដែលនាងសម្រេចចិត្តនៅអោយយូរសប្ដាហ៍គឺដើម្បីនៅថតរឿងបន្ថែមមួយរឿងទៀងផង និងដើម្បីនៅអោយដល់បើកសម្ពោធហាងកែសម្ផស្សនោះផង។ សារ៉ាយ សក្ខិណា និយាយថា៖”ការពិតខ្ញុំមកប្រុងតែមកថតរឿងសងរឿងអោយគាត់ទេ តែដោយសារចង់ជួយរៀបហាងផង និងចង់ថតមួយរឿងពីររឿងអីទៀតទើបគិតថាចាំ២៣ខែចាំទៅ!”។ នាងគ្រោងថតរឿង«ក្រមុំកូន១»នៅពាក់កណ្ដាលខែមិថុនានេះ ដោយនៅចុងខែក៏នឹងភាគដុំថ្មីមួយទាក់ទងអោយចេញថតផងដែរ។ ដោយឡែកសម្រាប់ហាងកែសម្ផស្សវិញ នាងមិនទាន់ច្បាស់ថារួចរាល់ពេលណានៅឡើយទេ ដោយគ្រាន់តែរំពឹងនឹងបានបើកសម្ពោធមុននាងត្រូវឡើងទៅវិញ។

លោក ឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្ម Red Picture បានអះអាងថាហេតុផលដែលនាំអោយមានការទទូចអោយអ្នកនាងសារ៉ាយ សក្ខិណា ត្រឡប់មកថតរឿងដែលថតមិនទាន់ចប់វិញ គឺដោយសារតែលោកគិតថាមិនចង់ដូរតួនិងចង់បានអ្នកណាក្រៅពី សារ៉ាយ សក្ខិណា នៅក្នុងរឿង«ក្រមុំកូន១»ហ្នឹង។ លោកថាខ្លួនបានសម្រេចចិត្តផ្អាកថតនិងបានជ្រើសយករឿងថ្មីគឺរឿង«ព្រះខន្ធ»យកមកថតក្នុងពេលសម្រេចផ្អាក ដោយសារតែចង់រង់ចាំសារ៉ាយ សក្ខិណា រហូតដល់ចុងឆ្នាំ។ លោកនិយាយថា៖ “យើងអត់ខ្លាចខាតប្លង់ដែលបានថតគាត់(សារ៉ាយ សក្ខិណា)កន្លងមកនឹងទេ ប៉ុន្តែមកពីយើងចាំគាត់ និងចង់បានតែតួគាត់ ទើបសុខចិត្តចេញថតរឿងផ្សេងសិន”។ លោកថាលោកសប្បាយចិត្តនៅពេលដឹងថាតារាស្រីរូបនេះសុខចិត្តឡើងមកថតរឿងជួសដែលនៅសេសសល់។ លោកថាក្រោយដំណើរត្រឡប់វិញរបស់សារ៉ាយ សក្ខិណា ផលិតរបស់លោកនឹងសម្រេចចេញថតរឿង«ក្រមុំកូន១»ម្ដងទៀតនៅថ្ងៃទី១៥ មិថុនាខាងមុខ ដោយសម្រេចទុករឿង«ព្រះខន្ធ» ចាំថតបន្តបន្ទាប់វិញ។ លោកថាខ្សែរឿងទាំងមូលនៅថតប្រហែល១៥ថ្ងៃទៀត តែមិនទាន់ច្បាស់ថាប្លង់របស់ សារ៉ាយ សក្ខិណា នៅសល់ប៉ុន្មានថ្ងៃនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ