សហគមន៍​កួយ​រង​ការ​គំរាម​ប្ដឹង​បន្ទាប់ពី​រឹបអូស​គ្រឿងយន្ត​អារឈើ​ក្នុងព្រៃ​សហគមន៍​

រូបដើមច្បោះគេបានកាប់(រូបថត៖ បូ​ សាវី)

ក្រុមហ៊ុនប្រមូលទិញអុសមួយនៅខេត្ដព្រះវិហារ ព្រមានប្ដឹងប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ទៅតុលាការ ទាក់ទិននឹងការចាប់រណារយន្ដអារឈើជាច្រើនគ្រឿងរបស់ក្រុមហ៊ុននោះ ទៅរក្សាទុក នាពេលថ្មីៗនេះ។

កាលពីថ្ងៃទី១០ខែមិថុនានេះ រណារយន្ដអារឈើ ៨គ្រឿងក្នុងចំណោម ២០គ្រឿង ត្រូវបានប្រជាសហគមន៍ចាប់យកមករក្សាទុកក្នុងសហគមន៍ ដែលពួកគេចោទថា ក្រុមហ៊ុនប្រមូលទិញអុសឈ្មោះ សំអឿន សុវណ្ណ នោះ ធ្វើសកម្មភាពអារដើមជ័រច្បោះពួកគេប្រមាណជាង ៣០០ដើម ក្នុងព្រៃសហគមន៍ ដែលស្ថិតនៅស្រុកជ័យសែន។

សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ លោក សៅ សំអៀត ប្រាប់ វីអូឌី(VOD) នៅថ្ងៃអាទិត្យនេះថា អាជ្ញាធរស្រុកជ័យសែន និងតំណាងក្រុមហ៊ុនឈ្មោះ សំអឿន សុវណ្ណ កាលពីថ្ងៃសៅរិ៍ម្សិលមិញ បានសម្របសម្រួលជាមួយសហគមន៍ឲ្យប្រគល់រណារយន្ដអារឈើ៨គ្រឿងទៅក្រុមហ៊ុនវិញ ប៉ុន្ដែ ពួកគេបដិសេធដែលលោកថា ការប្រគល់សម្ភារៈឲ្យក្រុមហ៊ុន អាចនឹងមានការកាប់បំផ្លាញដើមជ័រច្បោះពួកគាត់បន្ដទៀត។

លោកបន្ដថា អាជ្ញាធរស្រុក និងក្រុមហ៊ុននោះ បានព្រមានប្ដឹងពួកគេដែលរក្សាទុកសម្ភារៈទាំងនោះ ទៅតុលាការ ដោយចោទថា បានចាប់យកសម្ភារៈក្រុមហ៊ុនដោយខុសច្បាប់។

សមាជិកសហគមន៍មួយរូបទៀត អ្នកស្រី ហួត ម៉ាលី ឲ្យដឹងថា ក្នុងរយៈពេលមួយថ្ងៃ ក្រុមហ៊ុននោះ បានកាប់ដើមជ័រច្បោះពួកគាត់ប្រមាណជាង ៣០០ដើម ដឹកតាមរថយន្ដធំៗចេញពីតំបន់ព្រៃសហគមន៍ ដោយប្រាប់ថា យកធ្វើអុសដុត។

អ្នកស្រីបន្ដថា ពួកគាត់រក្សាទុករណាអារឈើនោះ ដើម្បីព្រមានដល់ក្រុមហ៊ុននោះកុំឲ្យមានការកាប់បំផ្លាញដើមជ័រច្បោះពួកគាត់បន្ដទៀត ដែលអ្នកស្រីថា ពួកគាត់កំពុងប្រកបរបរដងជ័រលើព្រៃឈើនោះ។

បើទោះបីពួកគាត់ព្រួយបារម្ភពីការគំរាមប្ដឹងរបស់ក្រុមហ៊ុននោះក៏ដោយ ក៏អ្នកស្រីថា សហគមន៍ក៏មានគម្រោងប្ដឹងទៅអាជ្ញាធរដូចគ្នាដែរ។

VOD មិនសុំការបកស្រាយពីលោក សំអឿន សុវណ្ណ បានទេ ដោយបុរសរូបនោះឆ្លើយថា ច្រឡំលេខ បន្ទាប់ពីសាកសួររឿងប្ដឹងពលរដ្ឋ និងកាប់បំផ្លាញព្រៃឈើ។

អភិបាលស្រុកជ័យសែន លោក ជុំ ពុយ មានប្រសាសន៍ថា ក្រុមហ៊ុននោះ ជាក្រុមហ៊ុនប្រមូលទិញអុស ដែលមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ដែលលោកថា មានសិទ្ធិប្រមូលទិញអុសលើដីព្រៃសម្បទាន ១៧០ហិកតា ដែលរដ្ឋាភិបាលកាត់ចេញពីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ១០% កន្លងមក។

លោកបដិសេធពីការកាប់ដើមឈើធំៗនៅតំបន់នោះ ប៉ុន្តែលោកថា ឈើដែលកាប់នោះ ជាប្រភេទឈើតូចៗ ដើម្បីធ្វើផ្លូវដឹកជញ្ជូនអុស។ លោក ជុំ ពុយ ក៏បានបដិសេធការប្ដឹងរបស់ក្រុមហ៊ុនផងដែរ។

ទោះជាយ៉ាងណា មន្ដ្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ ខេត្ដព្រះវិហារ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងការពារធនធានធម្មជាតិលោក ប៉ឺក សោភណ្ឌ មានប្រសាសន៍ថា ការដើរប្រមូលទិញអុសនោះ គឺជារូបភាពមួយបំភាន់ភ្នែកមហាជនប៉ុណ្ណោះ ដែលលោកថា ជាក់ស្ដែងក្រុមហ៊ុននោះ ដឹកជញ្ជូនឈើធ្វើអាជីវកម្ម ដែលលោកថា ធ្វើឲ្យប៉ះពាល់ដល់ធនធានព្រៃឈើធ្ងន់ធ្ងរ។

លោកបន្ដថា ចំណែកការព្រមានប្ដឹងប្រជាសហគមន៍ លោកចាត់់ទុកជាការគំរាមកំហែងសិទ្ធិពលរដ្ឋ ក្នុងការការពារព្រៃឈើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ