លោក ហ៊ុន សែន វាយបក​អ្នក​រិះគន់​ភ្លៀងជន់លិចក្រុង

ភ្លៀង​កាលពីថ្ងៃ​ពុធ សប្តាហ៍មុន ជនលិច​នៅម្តុំផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ(រូបថតដែលត្រូវបានបង្ហោះលើហ្វេសប៊ុក​)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានរិះគន់មេដឹកនាំបក្សប្រឆាំងនិងមនុស្សមួយចំនួន ករណីភ្លៀងជន់លិចរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ដោយលោកថាជន់លិចក្រុងនេះដោយសារភ្លៀងធ្លាក់ខ្លាំងហួសហេតុ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាការលិចទីក្រុងកាលពីថ្ងៃពុធសប្តាហ៍មុន គឺដោយសារតែភ្លៀងធ្លាក់ខ្លាំង មិនមែនបណ្តាលមកពីប្រព័ន្ធលូនោះទេ។ លោកបានប្រៀបធៀបស្ថានភាពភ្លៀងធ្លាក់នេះទៅប្រទេសដទៃទៀតក្នុងតំបន់និងប្រទេសបារាំងជាដើម ដែលបានប្រឈមនឹងទឹកជន់នៅទីក្រុង ពេលភ្លៀងធ្លាក់ខ្លាំង។

លោក ហ៊ុន សែន បានបន្ថែមថាមេបក្សប្រឆាំងបានយកចំណេញករណីនេះតាមរយៈការបង្ហោះលើហ្វេសប៊ុក ដោយលោកបានចំអកដោយមិនបញ្ចេញឈ្មោះ តែហាក់សំដៅទៅលោក សម រង្ស៊ី ថាមិនបង្ហោះពីទឹកជន់នៅទីក្រុងប៉ារីសនោះទេ តែបង្ហោះពីស្រុកខ្មែរ។ លោកបានអំពាវនាវឲ្យមេបក្សប្រឆាំងបង្ហោះពីការអភិវឌ្ឍនិងការរីកចម្រើននៃអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងនិងកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃភ្លៀងធ្លាក់ជន់លិចក្រុងថា៖ “នៅរសៀលនេះ មានភ្លៀងមួយមេធំធ្លាក់រយៈពេលប្រហែលកន្លះម៉ោង បានធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញលិចលង់ដែលបង្កការលំបាកដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយចំនួននោះ”

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ការជន់លិចនៅក្នុងរាជធានីភ្នំពេញដោយសាររដ្ឋាភិបាលលុបបឹងជាច្រើនរាប់ទាំងបឹងកក់ ដោយថាធ្វើការអភិវឌ្ឍ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាតែផ្លាស់ប្តូររដ្ឋាភិបាលថ្មី។ លោកបន្តថា៖ យើងឃើញហើយប្រព័ន្ធរដ្ឋាភិបាលយើងសព្វថ្ងៃនេះគាត់ដឹកនាំមកជាង៣០ឆ្នាំហើយ គាត់មិនអាចធ្វើអ្វីបានលើពីហ្នឹងបានទេ មានតែការដូរប្រព័ន្ធរដ្ឋាភិបាល ទើបអាចរដ្ឋាភិបាលថ្មីមានសមត្ថភាពកែលម្អប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញឲ្យទាន់សភាពការណ៍ បើយើងរក្សាប្រព័ន្ធរដ្ឋាភិបាលដដែលពុករលួយ វាផុយ ប្រព័ន្ធលូក៏វារលួយផុយឬក៏មិនអាចឆ្លើយតបនឹងបញ្ហាដូចសព្វថ្ងៃនេះដែរ

គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃពុធសប្តាហ៍មុន ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ ពេលភ្លៀងនោះ មានហេតុការណ៍បាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យរថយន្តបីគ្រឿងរងការខូចខាត៕ ដោយ លោក ស៊ុន ណារិន និងលោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ