ឌុចថា ប៉ុល ពតបញ្ជា​ឲ្យ​ឈប់​​សួរ​ចម្លើយ​អ្នក​ទោស​ខ្មែរក្នុង​ឆ្នាំ​១៩៧៨

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (រូបថតពីសាលាក្តីខ្មែរក្រហម)

ប្រធានមន្ទីរសន្តិសុខ ស២១ ឬគុកទួលស្លែង លោកកាំង ហ្កេចអៀវ ហៅឌុច អះអាងថានៅពេលដែលខ្លួនចូលរួមវគ្គរៀនសូត្រនយោយបាយ ក្នុងឆ្នាំ១៩៧៨ ប៉ុល ពត បានបញ្ជាឲ្យមន្ទីរសន្តិសុខទាំងអស់ ជាពិសេស ស២១ត្រូវឈប់ធ្វើការសួរចម្លើយអ្នកទោសជាជនជាតិខ្មែរ។

លោក ហៅឌុច បានប្រាប់ក្នុងអង្គសាវនាការនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃនេះថានៅខែតុលា ឆ្នាំ១៩៧៨ ខ្លួនបានចូលរួមប្រជុំវគ្គរៀនសូត្រនយោបាយដែលដឹកនាំដោយប៉ុល ពត និងបានទទួលបញ្ជាឲ្យខ្លួន និងមន្ទីរសន្តិសុខដទៃទៀតឈប់ធ្វើការសួរចម្លើយអ្នកទោស ជាជនជាតិខ្មែរ។ លោកថា ប៉ុល ពត ឲ្យបន្តអនុវត្តការសួរចម្លើយនិងទារុណកម្មទៅលើអ្នកទោសជាជនជាតិវៀតណាមនិងក្រុមចារកម្មCIAនិងបានចេញសារាចរណ៍លើកលែងឲ្យចារកម្ម CIA មួយចំនួនផងដែរ។ តែលោកថា ស២១បានធ្វើការសួរចម្លើយអ្នកទោសជាខ្មែរវិញបន្ទាប់ពីលោកបានជួបជាមួយលោក នួន ជា។

លោកមានប្រសាសន៍ថា៖ “វាជាគោលការជាវត្ថុបំណងរបស់ស២១ ក្នុងការសួរចម្លើយអ្នកទោស យើងមានពិសោធន៍ហើយ ដូច្នេះរៀនទៅធ្វើមិចអ្នកទោសខ្មែរកុំវ៉ៃ យកឲ្យបានចម្លើយពី៧០ ទៅ៨០%នេះ ជាគោលគំនិតខ្ញុំដែលខ្ញុំរាយការណ៍នៅក្នុងអង្គប្រជុំ ព្រោះផែនការខ្ញុំគិតអញ្ចឹងថាកុំវ៉ៃអ្នកទោសខ្មែរ ចំណែកឯយួនវ៉ៃធម្មតា សេអ៊ីអាវ៉ៃតាមធម្មតា នេះខ្ញុំរាយការក្នុងអង្គប្រជុំ។ ឯចំណែកបងប៉ុល គាត់ណែនាំមកវិញ គាត់ថាអត់! អត់សួរ ”។

ឌុចដែលត្រូវបានតុលាការខ្មែរក្រហមប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារអស់មួយជិវិតពីការទទួលខុសត្រូវរបស់លោកទៅលើការធ្វើទារុណកម្ម និងសម្លាប់មនុស្សជាង១៥០០០នាក់នៅគុកទួលស្លែងនោះ បន្ថែមថា៖ “ចំណែកសេចក្តីសម្រេចរបស់បងប៉ុលថ្ងៃនោះគឺ អត់សួរ សឹងតែនិយាយថាអត់ចាប់ ប៉ុន្តែគាត់និយាយខ្លីថាអត់សួរ! ហើយដល់ក្រោយមកបងនួន ហៅខ្ញុំទៅធ្វើការ ខ្ញុំមិនដឹងធ្វើមិចបើខ្ញុំប្រាប់កូនចៅថាអត់សួរ ដល់ខ្ញុំហៅទៅធ្វើការខ្ញុំង៉េសង៉សៗ ឆ្លើយអីទៅហ្នឹងគាត់មិនរួច បងនួន គាត់ថាមិត្តឌុចរៀនចេះមាគ៌ាសម្បីមណាស់ណ គាត់សូកឲ្យខ្ញុំអញ្ចឹង ខ្ញុំចេញមកប្រជុំកូនចៅថាឥឡូវសួរតទៅទៀត នេះវាបត់បែនអញ្ចឹងរឿងរ៉ាវ”។

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

ក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃនេះដែរ ឌុច បានថ្លែងថា លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម មិនក្លាហានក្នុងការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនដែលកើតមាននៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ ការថ្លែងរបស់ឌុចគឺជាការឆ្លើយតបទៅនឹងចម្លើយសារភាពរបស់លោក ខៀវ សំផន ដែលថាលោកមិនបានដឹងពីការចាប់កម្មាភិបាលជាន់ខ្ពស់ណាមួយនោះទេរហូតមកដល់ឆ្នាំ១៩៧៩។ ប៉ុន្តែឌុចបានតបឆ្លើយថាការចាប់ចងកម្មាភិបាលជាន់ខ្ពស់ទាំងនេះគឺត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងជួរកម្មាភិបាលនិងយុទ្ធជន។ លោកថាអ្វីដែលលោក ខៀវ សំផន ឆ្លើយដោះសារបែបនេះជាការមិនក្លាហានប្រឈមមុខចំពោះកំហុសរបស់ខ្លួន។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសសាលក្រមក្នុងសំណុំរឿង០០២/០១ ដោយកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺលោក នួន ជា និងលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ