កម្ពុជាទទួលពានរង្វាន់អន្តរជាតិ“កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៦”

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹក​ថ្ងៃ​ពុធនេះ​ បានទទួល​ពានរង្វាន់អន្តរជាតិ“កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦” នៅវិមាន​សន្តិភាព(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី)

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានទទួលពានរង្វាន់អន្តរជាតិ“កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦”ដែលប្រគល់ដោយក្រុមប្រឹក្សាភិបាលទេសចរណ៍និងពាណិជ្ជកម្មសហភាពអឺរ៉ុប។

ពិធីប្រគល់រង្វាន់នោះធ្វើឡើងនៅវិមានសន្តិភាព ស្របពេលដែលមានពិធីប្រកាសចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” លើកទី១។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃពុធនេះថា៖ “ច្បាស់ណាស់ទេសចរណ៌គឺបានផ្តល់ការងារ មុខរបរនិងប្រាក់ចំណូលសមរម្យដល់ប្រជាពលករដ្ឋ ជាពិសេសយុវជនយុវនារីយើង។ មិនត្រឹមតែចំណូលក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើអោយអន្តរជាតិបានស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្បាស់”។ លោកបន្ថែមថា៖ “ប្រទេសយើងជាប្រទេសដែលមានអារ្យធម៌រុងរឿងជាមួយវប្បធម៌ ធនធានធម្មជាតិ និងប្រវត្តិសាស្រ្តដ៏សម្បូរបែបដែលយើងអាចចែករំលែក និងផ្សព្វផ្សាយអោយពិភពលោកបានយល់ដឹងនិងស្គាល់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈតាមរយៈទេសចរណ៌”។

លោក ហ៊ុន សែន ក៏បានស្នើឲ្យមានការគិតគូពីគុណភាពនៃការផ្តល់សេវាកម្មទេសចរណ៍និងការរក្សាភាពបៃតងនៅក្នុងប្រទេស។

បើតាមនាយករដ្ឋមន្រ្តី នៅឆ្នាំ២០១៧ កម្ពុជារំពឹងថានឹងទាក់ទាញទេសចរប្រមាណ៧លាននាក់ ហើយនៅឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទាក់ទាញ”ភ្ញៀវទេសចរអន្តរជាតិដ៏សម្បើម” ស្របពេលមានប្រកួតស៊ីហ្គេម(SeaGames)។

នៅថ្ងៃនេះផងដែរ លោក ហ៊ុន សែន បានប្រកាសថាលោកទទួលតួនាទីជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៌អឺរ៉ុបដើម្បីជំរុញវិស័យទេសចរណ៌កម្ពុជាឲ្យកាន់តែរីកលូតលាស់ខ្លាំងឡើងថែមទៀតនៅលើឆាកអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ